កីឡាការិនីឆ្នើម ចូវ សុធារ៉ា នៅតែខ្លាំងក្នុងវិស័យកីឡាចំបាប់កម្ពុជា

ពីមួយថ្ងៃទៅមួយថ្ងៃវិស័យកីឡានៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្រៅពីការប្រកួតដ៏មមាញឹកក្នុងប្រទេសហើយនោះ បណ្តាកីឡាករ-កីឡាការិនីកម្ពុជាក៏មានភារកិច្ចក្នុងការបំពេញបេសកកម្មជាបន្តបន្ទាប់នៅក្រៅប្រទេសផងដែរ។ ទន្ទឹមនឹងនេះដែរ អត្តពលិកប្រកបដោយសក្តានុពលទាំងនេះក៏តែងដណ្តើមបានជ័យជម្នះជាច្រើននៅលើឆាកអន្តរជាតិក៏ដូចជាក្នុងតំបន់ផងដែរ។ ក្នុងចំណោមកីឡាជាច្រើនប្រភេទនោះយើងឃើញថា ចំបាប់ គឺជាកីឡាមួយដែលបានផ្តល់នូវកិត្តិយសជាច្រើនជូនជាតិមាតុភូមិក្នុងនោះដែរកីឡាការិនី ចូវ សុធារ៉ា គឺជាអត្តពលិកផ្នែកចំបាប់ម្នាក់ដែលបានបន្សល់ទុកនូវស្នាដៃមិនតិចឡើយក្នុងវិស័យកីឡាដែលទាមទារឲ្យមានការប្រើប្រាស់កម្លាំងកាយនេះ។

កីឡាការិនីឆ្នើម ចូវ សុធារ៉ា

កីឡាការិនីឆ្នើម ចូវ សុធារ៉ា

ចាប់កំណើតនៅក្នុងរាជធានីភ្នំពេញនាថ្ងៃទី ៣ ខែតុលា ឆ្នាំ១៩៨៤ កីឡាការិនីឆ្នើមរូបនេះមាន​កម្ពស់១,៥៣ ម៉ែត្រ ដែលមាន​ឪពុក​ឈ្មោះ ចូវ សារឿន (ស្លាប់) និង​ម្ដាយ​ឈ្មោះ ថាវ សុខអ៊ី ហើយនាងជា​កូន​ទី ៥ ក្នុង​គ្រួសារ​ដែល​មាន​​បងប្អូន ៦ នាក់។ ស្ត្រីដែលមានកាយសម្បទារឹងមាំម្នាក់នេះបានចាប់ផ្តើមចូលហ្វឹកហាត់កីឡាចំបាប់ដំបូងនៅឆ្នាំ ២០០១ បន្ទាប់ពីបានចូលហាត់រៀនកីឡាយូដូក្នុងឆ្នាំ ១៩៩៧ មក។ មូល​ហេតុ​ដែលនាំឲ្យនាងសម្រេចចិត្ត​ផ្លាស់ប្ដូរ​ពីយូដូមកចំបាប់វិញនោះព្រោះតែ​កាល​នោះ​ខ្វះ​ដៃ​គូ​ប្រកួត​ក្នុង​ស្រុក​ និង ដោយសារតែចង់​ផ្លាស់ប្ដូរ​បទ​ពិសោធ​ន៍ជាពិសេស​​ក៏ព្រោះតែ​កីឡា​ចំបាប់គឺ​ជា​កីឡា​​បុរាណ​របស់​ខ្មែរដែលជាការជួយលើកស្ទួយកីឡាប្រពៃណី ហើយម៉្យាង​ទៀត​ការ​ផ្លាស់ប្ដូរ​នោះ​កើត​ឡើង​ក្រោយ​ពី​​មាន​ការ​សម្របសម្រួល​ពី​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​​​ចំបាប់​ផង​ដែរ។

ក្រៅពីទទួលបានភាពជោគជ័យក្នុងវិស័យកីឡាហើយនោះ ចូវ សុធារ៉ា ក៏ជាសិស្សម្នាក់ដែលមានភាពជោគជ័យក្នុងសាលារៀនផងដែរដោយគិតមកត្រឹមពេលនេះ សុធារ៉ា បានក្លាយទៅជាគ្រូបង្វឹកកីឡាចំបាប់ស្ត្រីមុនគេ និងជាគ្រូកីឡានៅក្នុងវិទ្យាល័យមួយបន្ទាប់ពីបានបញ្ចប់ការសិក្សាគរុកោសល្យផ្នែកអប់រំកាយ និងកីឡាកាលពីឆ្នាំ ២០០៧​ រួចមក។ បន្ថែមពីលើនេះ សុធារ៉ា ក៏ធ្លាប់បានចេញទៅហ្វឹកហាត់នៅបណ្តាប្រទេសមួយចំនួនទៀតដូចជាប្រទេសវៀតណាមអស់រយៈពេល ៣ ខែ (២០០៩) និងនៅប្រទេសកូរ៉េខាងត្បូង (ពាក់កណ្តាលឆ្នាំ ២០១០)។

កីឡាការិនីឆ្នើម ចូវ សុធារ៉ា

ងាកមកនិយាយពីស្នាដៃក្នុងការប្រកួតនានាកន្លងមកឃើញថា កីឡាការិនីរូបនេះធ្លាប់បានទទួលមេដាយជាច្រើនដូចជា៖

  • ស៊ីហ្គេម​លើក​ទី ២២ នៅ​វៀតណាម​​ ឆ្នាំ២០០៣​ ប្រកួតទម្ងន់ ៤៨ គីឡូក្រាម​​ ទទួលបាន មេដាយ​ប្រាក់
  • ​ស៊ីហ្គេម​លើក​ទី ២៣ នៅហ្វីលីពីន ឆ្នាំ២០០៥​ ប្រកួតទម្ងន់ ៤៨ គីឡូក្រាម ទទួលបាន មេដាយ​សំរឹទ្ធ​
  • ស៊ីហ្គេម​លើក​ទី ​២៤ នៅ​ថៃ ឆ្នាំ២០០៧ ប្រកួតទម្ងន់ ៤៨ គីឡូក្រាម ទទួលបានលេខ ៤​
  • ស៊ីហ្គេម​លើក​ទី​​ ២៥ នៅ​ឡាវ ឆ្នាំ២០០៩ ប្រកួតទម្ងន់ ៤៥ គីឡូក្រាម ទទួលបានមេដាយ​មាស
  • ស៊ីហ្គេមស​លើកទី ​២៧ នៅ​​ភូមា ឆ្នាំ២០១៣ ទទួលបានមេដាយមាស

ការប្រកួតក្នុងឆ្នាំ ២០០៩ និង ២០១៣ បានក្លាយជាព្រឹត្តិការណ៍ប្រកួតដែល ចូវ សុធារ៉ា ចងចាំ​មិន​ភ្លេច​ដោយហេតុថាក្នុងព្រឹត្តិការណ៍​ប្រកួត​ស៊ីហ្គេម​លើក​ទី ២៥ នៅ​ប្រទេស​ឡាវ និងលើកទី ២៧ នៅប្រទេសភូមានោះ នាង​​ដណ្ដើម​បាន​មេដាយ​មាសជាបន្តបន្ទាប់ក្រោយ​​ពីបាន​យក​ឈ្នះ​ជា​បន្តបន្ទាប់​លើកីឡា​ការិនី​មក​ពីវៀតណាម ហ្វីលីពីន និង ម្ចាស់​ផ្ទះ​ឡាវថែមទៀតផង។

ក្រៅពីមានកេរ្តិ៍ឈ្មោះជាកីឡាការិនីល្បីឈ្មោះផ្នែកចំបាប់ និងជាគ្រូបង្វឹកកីឡាចំបាប់ដែលជាស្ត្រីមុនគេនៅកម្ពុជាហើយនោះ សុធារ៉ា ក៏មានបំណងលើកស្ទួយកីឡានេះបន្តទៀតទៅតាមលទ្ធភាពរបស់ខ្លួនព្រមទាំងបានចូលរួមក្នុងយុទ្ធនាការជំរុញឲ្យមានការហ្វឹកហាត់កីឡាចំពោះស្ត្រីនៅកម្ពុជាផងដែរ។

សម្រាប់​ សុធារ៉ា​ មាន​កត្តា​ពីរ​យ៉ាង​ ដែល​ធ្វើ​ឲ្យ​នារី​ខ្មែរ​មិន​សូវ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​។​ ទី​មួយ​គឺ​ដោយ​សារ​នៅ​ស្រុក​ខ្មែរ​មាន​មនុស្ស​ជា​ច្រើន​គិត​ថា​នារី​ហាត់​កីឡា​មិន​ល្អ​ទេ​ ដែលនេះគឺជា​ទស្សនៈ​ដែល​ សុធារ៉ា​ គិត​ថា​ហាក់​ដូចជា​ប្រកាន់​ និង​រើសអើង​ជ្រុល​ពេក​ចំពោះ​នារី​​ និង​ទីពីរ​គឺ ​បណ្ដាល​មក​ពី​ជីវភាព​គ្រួសារតែម្តង។

យ៉ាងណាក៏ដោយកីឡាការិនីឆ្នើមរូបនេះនៅតែបន្តមហិច្ឆិតា និងការតស៊ូរបស់ខ្លួនជានិច្ចក្នុងការបណ្តុះបណ្តាលពន្លកជំនាន់ក្រោយដើម្បីត្រៀមខ្លួនក្នុងការប្រកួតនាពេលខាងមុខនៅប្រទេសសឹង្ហបុរី និងខណៈដែលមកកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនាឆ្នាំ ២០២៣ ផងដែរនោះ៕

 

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ