វូស៊ូ កីឡាក្បាច់គុនបុរាណចិនដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់លោកអ្នក

 

វូស៊ូ កីឡាក្បាច់គុនបុរាណចិនដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់លោកអ្នក

វូស៊ូ កីឡាក្បាច់គុនបុរាណចិនដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់លោកអ្នក

 

ក្រៅពីក្បាច់គុនបុរាណខ្មែរដែលរួមមានដូចជាល្បុក្កតោ ឬប្រដាល់សេរី ប្រជាជនកម្ពុជាមួយចំនួនទៀតក៏មានចំណាប់អារម្មណ៍ខ្ពស់ក្នុងការហាត់រៀនក្បាច់គុនបុរាណចិនដែលប្រិយមិត្តតែងតែបានលឺ ឬបានទស្សនាជាញឹកញាប់នៅលើកញ្ចក់ទូរទស្សន៍ក៏ដូចជាមានសម្តែងនៅក្នុងបណ្តាខ្សែភាពយន្តចិនជាច្រើនផងដែរនោះគឺកីឡាវូស៊ូ  ឬកុងហ្វូនេះឯង។

ក្បាច់គុនកុងហ្វូ ឬ វូស៊ូ ត្រូវបានបង្កើតឡើងដោយមានចែកចេញជាច្រើនក្បាច់ហើយក៏អាចបំបែកចេញជាក្បាច់តូចៗជាច្រើនថែមទៀត។ ជាមួយគ្នានេះដែរ ក្បាច់គុនទាំងនេះត្រូវបានបង្កើតឡើងអស់រយៈពេលជាច្រើនសតវត្សរ៍កន្លងមកហើយ ហេតុនេះទើបវាបានក្លាយទៅជាអត្តសញ្ញាណមួយនៃប្រទេសចិនផងដែរ។ លើសពីនេះទៅទៀត កីឡាមួយនេះមិនត្រឹមតែមានការនិយមហ្វឹកហាត់ពីសំណាក់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទទួលបានប្រជាប្រិយភាពនៅក្នុងចំណោមប្រជាជនជាច្រើននៅទូទាំងពិភពលោកពិសេសនៅក្នុងតំបន់អាស៊ី និងអឺរ៉ុបតែម្តង។ នៅក្នុងចំណោមបណ្តាប្រទេសទាំងនោះកម្ពុជាក៏ជាប្រទេសមួយដែលសម្បូរទៅដោយកីឡាករ-កីឡាការិនីវូស៊ូមិនចាញ់ប្រទេសដ៏ទៃនោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ពីឆ្នាំទៅមួយឆ្នាំចំនួននៃអ្នកហ្វឹកហាត់មានការកើនឡើងបន្តិចម្តងៗ ពិសេសគឺយុវវ័យតែម្តង ដែលប្រការនេះមានភាពខុសប្លែកពីអតីតកាលដែលមានការពេញនិយមចំពោះតែមនុស្សដែលមានវ័យចំណាស់ប៉ុណ្ណោះ។

ក្នុងឯកសណ្ឋានបែបជាអ្នកហាត់ក្បាច់គុណក្នុងខ្សែភាពយន្តរបស់ចិន អ្នកហាត់កីឡាវូស៊ូប្រុសស្រីមួយក្រុមបានធ្វើដំណើរមកកាន់មាត់ទន្លេចតុមុខជារៀងរាល់ព្រឹកព្រលឹមដើម្បីធ្វើការហ្វឹកហាត់កីឡាបែបទន់ភ្លន់មួយនេះ។ អមទៅដោយសម្លេងនៃបទភ្លេងប្រពៃណីជនជាតិចិនដែលត្រូវបានបន្លឺឡើងរងំៗបែបរង្វើលៗ កីឡាករម្នាក់ៗបានពត់ពែនខ្លួនល្វតល្វន់តែប្រកបដោយភាពស្វាហាប់ពីក្បាច់មួយទៅក្បាច់មួយទៀតយ៉ាងយកចិត្តទុកដាក់។ បន្ទាប់ពីការកម្តៅសាច់ដុំដោយកាយវិការយឺតៗមួយៗរួចមក ពួកគេម្នាក់ៗបានផ្តើមហាត់ក្បាច់បន្តបន្ទាប់ទៀតរួមមានទាំងការប្រើផ្លិត និងដាវផងដែរ។

សូមបញ្ជាក់ផងដែរថា​ ក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមកនេះកីឡាវូស៊ូបានក្លាយទៅជាប្រភេទកីឡាប្រកួតប្រជែងមួយដែលត្រូវបានរៀបចំឡើងជាលក្ខណៈតំបន់ និងជាលក្ខណៈអន្តរជាតិផងដែរ មួយវិញទៀតការកែលម្អ និងការបន្ថែមក្បាច់ថ្មីក៏ត្រូវបានធ្វើឡើងផងដែរ ជាហេតុធ្វើឲ្យកីឡានេះកាន់តែមានភាពទំនើប និងងាយស្រួលក្នុងការហ្វឹកហាត់ថែមទៀត។ ដោយឡែកសម្រាប់ការប្រកួតប្រជែងវិញត្រូវបានគិតជាថិរវេលាខ្លីៗដោយចាប់ផ្តើមពីរយៈពេល ១ នាទីឡើងទៅ ហើយកីឡាករម្នាក់ៗអាចបង្កើនភាពទាក់ទាញរបស់ខ្លួនតាមរយៈការបន្ថែមក្បាច់ចម្រុះគ្នាដែលត្រូវបានចែកចេញជាពីរប្រភេទ និងត្រូវបានបែងចែកជាច្រើនវិញ្ញាសាបន្តទៀតរួមមានថាវលូ (បែបសម្តែង) និងសាន់ស៊ូ (បែបប្រយុទ្ធ)។ ដែលក្នុងប្រភេទនៃការប្រកួតទាំងនេះ អត្តពលិកម្នាក់ៗត្រូវតែមានចំណេះដឹងទាំងផ្នែកបច្ចេកទេស និងកលល្បិច ពិសេសចំពោះការប្រកួតជាលក្ខណៈបែបប្រយុទ្ធតែម្តងដោយសារថាក្នុងពេលប្រកួតក្រៅពីមានជំហររឹងមាំកីឡាករត្រូវតែមានស្នៀត ឬអាចទប់ទល់នឹងល្បិចកលរបស់គូបដិបក្ខបានពុំនោះទេគេអាចនឹងបាត់បង់ជំហរ ឬត្រូវខាតពិន្ទុជាដើម។

 

ក្បាច់គុនកុងហ្វូ ឬ វូស៊ូ

ក្បាច់គុនកុងហ្វូ ឬ វូស៊ូ

 

សម្រាប់ការហាត់រៀនដើម្បីសុខភាពវិញប្រិយមិត្តគ្រាន់តែចំណាយពេលក្នុងហ្វឹកហាត់ឲ្យបានច្រើន និងមានតារាងពេលវេលាក៏ដូចជារបបអាហារមួយច្បាស់លាស់នោះទើបអាចជួយឲ្យលោកអ្នកទទួលបានលទ្ធផលជាទីគាប់ចិត្តបាន។ កីឡាយុទ្ធគុនបុរាណចិនមួយនេះ មិនត្រឹមតែអាចជួយឲ្យលោកអ្នកមានភាពក្លាហាន និងទទួលបានចំណេះដឹងក្នុងការការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឲ្យលោកអ្នកមានសុខភាពល្អ ស្រស់ថ្លាគំនិតផងដែរ។ ដោយសារថា កីឡានេះទាមទារឲ្យមានការតាំងចិត្តខ្ពស់​ មានភាពសកម្មក្នុងការហ្វឹកហាត់ និងជាពិសេសរួមចំណែកឲ្យបុគ្គលម្នាក់ៗចេះពីរបៀបគ្រប់គ្រងអារម្មណ៍ មិនច្រឡោត ឬអាចនិយាយបានថាធ្វើឲ្យអ្នកអាចប្រមូលអារម្មណ៍តាមរយៈការស្មឹងស្មាធ ឬសមាធិដើម្បីប្រមូលអារម្មណ៍ឲ្យមូលទៅតាមចង្វាក់ភ្លេង និងក្បាច់គុននីមួយៗនោះ។ ជាងនេះទៅទៀតវូស៊ូក៏បានជួយឲ្យអត្តពលិក ព្រមទាំងអ្នកហ្វឹកហាត់បានយល់ដឹងពីគុណធម៌នៃការចែករំលែក និងការប្រើប្រាស់ក្បាច់គុនដើម្បីជួយសង្គ្រោះអ្នកដទៃផងដែរ។

ព្រមគ្នានេះដែរ យុវនារីសម័យថ្មីជាច្រើនបានយល់ឃើញថា កីឡាវូស៊ូក៏ជាមធ្យោបាយមួយដែលអាចជួយពួកគេក្នុងការថែរក្សារូបរាងកាយឲ្យមានរាងស្អាតស្វែលគួរជាទីពេញចិត្ត ព្រោះថាវាតម្រូវឲ្យអ្នកហ្វឹកហាត់ត្រូវពត់ពែនខ្លួនដោយកាយវិការយឺតៗដែលជាហេតុជួយសម្រួលដល់លំហូរនៃសរសៃឈាម ដុតរំលាយខ្លាញ់នៅជុំវិញក្បាលពោះ ភ្លៅ និងស្មាជាដើម។ ខណៈដែលកីឡាប្រភេទនេះក៏បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់មនុស្សដែលមានវ័យចំណាស់ដែរនោះ ព្រោះក្រៅពីជួយសម្រួលចលនាឈាមហើយ តាមរយៈការហ្វឹកហាត់ទាំងនេះក៏បានធ្វើឲ្យរាងកាយរបស់ពួកគេមានភាពស្វាហាប់ មានសមាធិ បានបញ្ចេញជាតិពុលចេញពីរាងកាយ សម្រួលដល់ការបំពេញមុខងាររបស់សន្លាក់ឆ្អឹងព្រមទាំងជួយដុតរំលាយកូឡេស្តេរ៉ូលមិនល្អចេញពីរាងកាយថែមទៀតផង។ ចំ​ណែក​​​​ការ​សិក្សា​ថ្មី​មួយ​របស់​ចិន​កាល​ពី​ឆ្នាំ​ទៅ​មិញ​​​​រក​ឃើញ​​ថា​កាយ​វិការ​ក្បាច់​គុន​យ៉ាង​សុភាព ​និង​យឺត​ៗ​បាន​ជួយ​បង្កើន​កម្លាំង​​ព្រម​ទាំង​កែលម្អ​ការ​ទប់​ជំ​ហរ​ខ្លួន​​បាន​​ ជួយកាត់​បន្ថយ​អត្រា​ដួល​ក្នុង​ចំណោម​មនុស្សចាស់​ដែលមាន​ភ្នែក​មើល​មិន​សូវ​ច្បាស់ជាដើម​។ ដូច្នេះ វូស៊ូ គឺជាជម្រើសដ៏ល្អមួយសម្រាប់មនុស្សវ័យចំណាស់ដែលមិននិយមការរត់ ឬដើរ និងប្រាថ្នាការហាត់ប្រាណដែលអាចបញ្ចេញញើសដើម្បីភាពរឹងមាំនៃសុខភាព និងសន្តិភាពផ្លូវចិត្តនោះ។

យ៉ាងណាក៏ដោយសូមចងចាំថា ប្រសិនបើលោកអ្នកមានបំណងត្រឹមតែហាត់រៀនដើម្បីសុខភាពទេនោះ អ្នកមិនគួរណាចំណាយពេលវេលា ឬកម្លាំងកាយក្នុងការហ្វឹកហាត់ខ្លាំងក្លាដូចជាកីឡាករអាជីពឡើយ ព្រោះវាអាចបណ្តាលឲ្យមានផលអាក្រក់ចំពោះសុខភាព​និងខាតបង់ពេលវេលាសិក្សា ឬការបំពេញការងារជាដើម។ មួយវិញទៀតសម្រាប់អ្នកដែលមានបញ្ហាសន្លាក់ឆ្អឹងអ្នកក៏មិនគួរហាត់ក្បាច់ណាមួយដែលត្រូវប្រើចលនាខ្លាំងពេកដែរ ពោលគឺហាត់ទៅតាមកម្លាំង និងស្ថានភាពរបស់ខ្លួន។ ប្រការសំខាន់មួយទៀតនោះគឺ អ្នកត្រូវតែមានការតាំងចិត្តខ្ពស់ក្នុងការហ្វឹកហាត់ ដោយសារតែកីឡានេះមិនមែនជាកីឡាងាយស្រួលដែលអាចចេះភ្លាមៗនោះទេ រីឯអ្នកដែលមានបំណងហ្វឹកហាត់ដើម្បីស្រករាង ឬរក្សារូបរាងក៏គប្បីមានទម្លាប់គ្រប់គ្រងរបបអាហារក្នុងការបរិភោគ និងការបង្កើតឲ្យមានពេលវេលាសម្រាកផងដែរនោះទើបអាចទទួលបានផលជាទីគាប់ចិត្តបាន។

សង្ឃឹមថា ចំណេះដឹងថ្មីមួយនេះនឹងអាចរួមចំណែកជួយលោកអ្នកឲ្យមានជម្រើសកាន់តែច្រើនក្នុងការជ្រើសរើសកីឡាប្រភេទណាមួយដែលអាចជួយរក្សាសុខភាព និងរូបរាងកាយរបស់លោកអ្នកបាន។ យ៉ាងណាក៏ដោយដើម្បីទទួលបានការហ្វឹកហាត់មួយដែលប្រកបដោយប្រសិទ្ធិភាព និងលទ្ធផលល្អលោកអ្នកគួរតែស្វែងរកក្លិបណាមួយដើម្បហាត់ព្រោះថា កីឡាប្រភេទនេះមិនមានវត្តមានជាទូទៅនៅតាមបណ្តាក្លិបហាត់ប្រាណនោះទេ ម្យ៉ាងទៀតការហ្វឹកហាត់ជាមួយនឹងអ្នកជំនាញ ឬគ្រូបង្វឹកដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ទើបមិនធ្វើលោកអ្នកមានបញ្ហា ឬផលប៉ះពាល់ពីការហ្វឹកហាត់កីឡានេះ៕

 

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ