របៀបលេង និងសារៈប្រយោជន៍នៃកីឡាវាយសី

សុខភាពគឺជាទ្រព្យដ៏មានតម្លៃដែលមនុស្សគ្រប់ៗរូបតែងតែប្រាថ្នាចង់បាន។ ក្រៅពីការបរិភោគអាហារដែលមានសារជាតិបំប៉នគ្រប់គ្រាន់ បូករួមទាំងការគេងសម្រាកឲ្យបានសមស្របទៅនឹងការបំពេញការងារប្រចាំថ្ងៃហើយនោះ ការលម្ហែកម្សាន្ត ព្រមទាំងការហាត់កីឡាក៏ជាសកម្មភាពដ៏មានប្រយោជន៍ក្នុងការពង្រឹងសុខភាពរបស់លោកអ្នកឲ្យមានភាពរឹងមាំ និងជៀសផុតពីជំងឺតម្កាត់នានា។ ប៉ុន្តែស្របទៅតាមនិន្នាការនាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋខែ្មរច្រើនឡើងៗបានយល់ឃើញថា ការហាត់កីឡា​​​​តែងតែ​​​ទទួលបាន​​​នូវគុណសម្បត្ដិ​ច្រើនជាង​​​គុណវិបត្ដិហើយការហាត់ទៀតសោតមានភាពខុសៗគ្នាទៅតាមប្រភេទកីឡានីមួយៗ។ ក្នុងចំណោមនោះកីឡាវាយសីគឺជាកីឡាមួយប្រភេទដែលមានលក្ខណៈងាយស្រួលក្នុងការលេង និងជួយកាត់បន្ថយ​នូវអារម្មណ៍តានតឹង​របស់លោកអ្នកបានមួយចំណែកផងដែរ។

How to Play Badminton

ប្រិយមិត្តជាច្រើនសុទ្ធតែបានជ្រាបថា កីឡាវាយសីគឺជាកីឡាម្យ៉ាង​ដែលគេប្រើរ៉ាកែតដើម្បីជាមធ្យោបាយ​ក្នុងការលេង ហើយអាចលេងបានពីររបៀបគឺ១ទល់នឹង១ (ដែលមនុស្សជាច្រើននិយមលេង) និងរបៀបទី២គឺ ២ទល់២។ ក្នុងពេលលេងអ្នកលេងត្រូវឈរលើទីលាន​ដែលមានរាងជាចតុកោណកែងម្ខាងម្នាក់ ដែលខណ្ឌដោយសំណាញ់នៅចំកណ្ដាលនៃទីលាន ប៉ុន្តែសម្រាប់ការលេងកម្សាន្តធម្មតាគេមិននិយមលេងក្នុងទីលាននោះទេ ដោយគេច្រើនលេងនៅតាមទីសាធារណៈ ឬ តាមសួនច្បារជាដើម។ ចាប់ផ្តើមដំបូងអ្នកលេងត្រូវផ្តើមដោយយកដងរ៉ាកែត​របស់ខ្លួនវាយទៅលើគ្រាប់សី​ដែលធ្វើអំពីស្លាបសត្វបក្សីរួចវាយឲ្យឆ្លងសំណាញ់ចូលទៅក្នុងទីលានរបស់គូប្រកួតម្ខាងទៀតដែលកំណត់ដោយខ្សែបន្ទាត់ពណ៌សព័ទ្ធជុំវិញខណៈពេលដែលគូប្រកួត ប្រជែងមិនអាចទទួលគ្រាប់សីបាននោះគឺអ្នកជាអ្នកឈ្នះហើយ។

ក៉ប៉ុន្តែសម្រាប់ការប្រកួត ឬការលេងដើម្បីប្រជែងគ្នាយកពិន្ទុដែលត្រូវបានរៀបចំឡើងជាលក្ខណៈស្ដង់ដា និងការប្រកួតជាផ្លូវការវិញគឺប្រសិនបើមានកីឡាករ ឬដៃគូណាអាចវាយបានរហូតឈានដល់ ២១ពិន្ទុមុនគេនោះត្រូវចាត់ទុកថាជាអ្នកឈ្នះហើយ។ ដោយនៅក្នុងមួយប្រកួតមានចំនួន ៣ហ្គេម ហើយបើកីឡាករឬដៃគូណាដែលឈ្នះ ២ហ្គេម​ជាប់គ្នាត្រូវបានចាត់ទុកជាអ្នកឈ្នះការប្រកួតនេះតែម្តង។ ចំពោះការលេងឯកត្ដជនក៏ដូចជាដៃគូដែរ ការវាយសេវាត្រូវតែផ្លាស់ប្ដូរទីតាំង​ពីប្រអប់ខាងស្ដាំដែលគេឲ្យឈ្មោះថាប្រអប់ពិន្ទុគូទៅប្រអប់ខាងឆ្វេងដែលត្រូវបានគេឲ្យឈ្មោះថា​ប្រអប់ចំនួនសេស។ ដូចគ្នានេះដែរចំពោះគូប្រកួតម្ខាងទៀតដែលទទួលសេវា​ក៏ត្រូវផ្លាស់ប្ដូរប្រអប់ពីស្ដាំទៅឆ្វេង​ដែរ។ សម្រាប់ការប្រកួតឯកត្ដជន និងចំពោះការប្រកួតដៃគូ​អ្នកទទួលសេវាត្រូវចងចាំថាខ្លួនឯងវាយសេវា​ចុងក្រោយនៅក្នុងប្រអប់គូ ឬសេស។ ដូចនេះនៅពេលទទួលសេវា​របស់គេត្រូវឈរទទួលឲ្យចំគោលដៅនៃប្រអប់ដែលខ្លួនបានវាយចុងក្រោយនោះ។ ក្នុងទីលាននៅពេលប្រកួតជាលក្ខណៈផ្លូវការគឺ​មានអាជ្ញាកណ្ដាល២រូបដែល ១រូបជាអាជ្ញាកណ្ដាលធំជាអ្នក​ត្រួតពិនិត្យការប្រកួតរបស់កីឡាករ និងមួយទៀតជាអាជ្ញាកណ្ដាលដែលចាំឃ្លាំមើល​ការវាយសេវារបស់កីឡាករ ថាតើការវាយសីរបស់កីឡាករ​នោះត្រឹមត្រូវឬអត់។ ព្រោះនៅពេលវាយសេវាមិនត្រូវអនុញ្ញាតឲ្យ​លើករ៉ាកែតលើសដើមទ្រូងនោះទេ ក្រៅពីនោះមានអាជ្ញាកណ្ដាល​ចំនួន៤រូបផ្សេងទៀតដែលអង្គុយនៅចុងទីលានប្រកួត​ទាំងសងខាងហើយម្ខាងមានគ្នាពីរនាក់ដើម្បីត្រួតពិនិត្យមើលសីចេញឬចូល និងក្រៅពីនោះនៅមានអ្នកដាក់ពិន្ទុ និងក្រុមគណៈកម្មការ​បច្ចេកទេសផ្សេងទៀតផងដែរ។

ទោះជាយ៉ាងណាក៏ដោយសម្រាប់លោកអ្នកដែលមានបំណងត្រឹមតែលេងកម្សាន្តដើម្បីសុខភាពការលេងមិនតម្រូវឲ្យមានការដាក់ពិន្ទុឬលក្ខខណ្ឌអ្វីច្រើននោះទេ។ អ្វីដែលសំខាន់នោះគឺ កីឡាវាយសីមានសារៈប្រយោជន៍ចំពោះសុខភាពដូចគ្នានឹងប្រភេទកីឡា​ផ្សេងៗទៀតដែរ។ ជាក់ស្តែងកីឡាវាយសីត្រូវបានគេយក​មកលេងជាកីឡាដើម្បី​សុខភាព និងបន្ធូរបន្ថយអារម្មណ៍តានតឹង​ណាមួយបាន ដោយសារវាអាចធ្វើឲ្យអ្នកលេងងាយស្រួល​បញ្ចេញញើស​មកខាងក្រៅបានច្រើន មិនត្រឹមតែប៉ុណ្ណោះ​វាមិនសូវផ្ដល់ភាពគ្រោះថ្នាក់​ចំពោះអ្នកលេងទេ បើប្រៀបធៀប​នឹងកីឡាមួយចំនួនផ្សេងទៀត ដោយសារកីឡាប្រភេទនេះ​ត្រូវបានកំណត់ឲ្យនៅម្ខាងម្នាក់។ នៅបច្ចុប្បន្ននេះកីឡាវាយសី​មានប្រជាប្រិយភាព​យ៉ាងខ្លាំងទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស។ គេសង្កេតឃើញថា​កីឡានេះភាគច្រើនត្រូវបានទទួលការនិយម​លេងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ី។​ នៅក្នុងប្រទេសកម្ពុជា កីឡានេះត្រូវបានប្រជាពលរដ្ឋ​ទាំងក្មេងទាំងចាស់​ទាំងប្រុសទាំងស្រី​យកមកលេង ឬដើម្បីជាលំហាត់ប្រាណប្រចាំថ្ងៃ​របស់ពួកគេ។ ដោយសង្កេតឃើញថា​ពួកគេច្រើនលេងនៅតាមបណ្ដាសួនច្បារ​សាធារណៈមួយចំនួន ឬក៏តាមទីធ្លាខាងមុខផ្ទះជាដើម។ ចំពោះលោកអ្នកដែលមានបំណងលេងជាលក្ខណៈស្ដង់ដាគួរតែស្វែងរកការលេង​នៅក្នុងក្លឹបវាយសី​ដែលស្ថិតនៅក្បែរតំបន់រស់នៅរបស់អ្នក។

Playing Badminton

មួយវិញទៀតដើម្បីជៀសផុតពីផលប៉ះពាល់ជាយថាហេតុណាមួយនោះមុននឹងចូលលេងលោកអ្នកគួរតែកម្ដៅសាច់ដុំ​ជាមុនសិនទើបល្អ។ ជាពិសេសលោកអ្នកមិនត្រូវព្យាយាមលេង​ឲ្យលើសកំណត់ និងហួសកម្លាំងខ្លួនឯងនោះឡើយ ហើយប្រសិនជាចង់លេងឲ្យបានត្រឹមត្រូវតាមលក្ខណៈស្ដង់ដា​ អ្នកត្រូវរកមើលក្លឹបវាយសីណាដែលមានលក្ខណៈស្ដង់ដា​ត្រឹមត្រូវ ឬក៏គួរតែឆ្លងកាត់ការហាត់រៀន​ជាមួយគ្រូបង្វឹកជាមុនសិនទើបជាការប្រសើរ។ ក្រៅពីនេះដោយសារតែកីឡានេះតម្រូវឲ្យកីឡាករត្រូវប្រើកាយសម្បទាខ្លាំងក្លា ដូច្នេះហើយនៅពេលលេងវា​មិនមានផលល្អឡើយសម្រាប់លោកអ្នកដែលមានជម្ងឺសន្លាក់ ដូចជាសន្លាក់ជង្គង់ ស្មា កជើង កដៃជាដើមនោះ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ