លំហាត់ប្រាណដ៏សមស្របសម្រាប់អ្នកជំងឺទឹកនោមផ្អែម

នាយុគសម័យដ៏ជឿនលឿននេះដោយសារតែភាពសម្បូរបែបនៃចំណីអាហារក៏ដូចជាផាសុកភាពក្នុងការរស់នៅបានបណ្តាលឲ្យមនុស្សជាច្រើនរស់នៅដោយភាពខ្ចិលច្រអូស និងការបរិភោគទៅតាមចិត្តចង់ដោយមិនសូវជាចំណាយពេលក្នុងការហាត់កីឡា និងទទួលទាននូវអាហារដែលផ្តល់សុខភាព ឬជីវជាតិឲ្យបានសមស្របតាមតម្រូវការរបស់រាងកាយឡើយ។ ប្រការនេះហើយដែលបណ្តាលឲ្យមានការកើនឡើងនូវចំនួននៃអ្នកកើតជំងឺទឹកនោមផ្អែមដែលបានបង្ករនូវគ្រោះថ្នាក់រួមទាំងផលវិបាកជាច្រើនដល់ការរស់នៅប្រចាំថ្ងៃពិសេសគឺចំពោះមនុស្សចាស់ ឬអ្នកដែលមានសុខភាពទន់ខ្សោយតែម្តង។

Older couple walking together outdoors

ប្រិយមិត្តជាច្រើនបានជ្រាបខ្លះៗហើយថាអ្នកជំងឺទឹកនោមផ្អែមទាមទារឲ្យមានការថែរក្សាខ្លួនឲ្យបានត្រឹមត្រូវ និងដិតដល់ទើបអាចទប់ទល់នឹងការយាយីពីជំងឺនេះបាន។ ជាការពិតណាស់ក្រៅពីការទទួលទានថ្នាំតាមវេជ្ជបញ្ជា និងការបរិភោគអាហារទៅតាមកម្រិតនៃរបបអារហា ការហាត់ប្រាណក៏ជាជម្រើសដ៏ប្រសើរមួយទៀតដែលលោកអ្នកត្រូវអនុវត្ដឲ្យបានត្រឹមត្រូវផងដែរ។ ក៏ប៉ុន្តែសម្រាប់អ្នកជំងឺទឹកនោមផ្អែមមិនអាចធ្វើការហាត់ប្រាណតាមតែចិត្តចង់នោះទេព្រោះបើមានការភ្លាំងភ្លាត់ ឬធ្វេសប្រហែសតែបន្ដិចនោះនឹងមានការប៉ះពាល់ដល់សុខភាពជាមិនខាន។

USA, New York State, Old Westbury, Seniors stretching in park

ដូច្នេះហើយអ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងជាពិសេសត្រូវធ្វើការពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុននឹងចាប់ផ្ដើមហាត់ប្រាណព្រោះការហាត់ប្រាណត្រូវមានកម្រិត និងរបៀបរបបរបស់វាដោយយោងទៅតាមសុខភាព អាយុ និងសភាពជំងឺរបស់មនុស្សម្នាក់ៗ។ ជាមួយគ្នានេះដែរអ្នកជំងឺទឹកនោមផ្អែមត្រូវខំបង្កើនសកម្មភាពពលកម្មក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការកម្សាន្ដផ្សេងៗឲ្យបានកាន់តែច្រើន ដូចជា ដើរឲ្យបានច្រើន (តាមពេលវេលាដែលអាចធ្វើបាន) លេងកីឡាដូចជា រត់ លោត ធាក់កង់ ឬវាយកូនហ្គោលជាដើម ជាការប្រសើរអ្នកត្រូវហាត់រយៈពេល ៣០ ទៅ ៦០ នាទី ក្នុងចន្លោះពេល ២ ឬ ៣ ដងយ៉ាងតិចក្នុងមួយសប្តាហ៍។ សូមចងចាំថា លំហាត់ប្រាណដ៏ប្រសើរបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលមិនបង្កផលអាក្រក់ដល់សុខភាពនោះគឺ ការដើរ ប៉ុន្តែសូមដើរឲ្យបានយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃបានហើយ។ បន្ថែមពីលើនេះការងារពលកម្មតូចតាចផ្សេងៗក្នុងផ្ទះមួយចំនួនក៏ចាត់ទុកថាជាលំហាត់ប្រាណដែរ និងអាចមានតម្លៃដូចការ ដើរក្នុងរយៈពេល ៣០ នាទីនេះដែរដូចជា បោសផ្ទះ ជូតផ្ទះ ជូតកញ្ចក់ (ក្នុងរយៈពេល ៤៥ នាទី) ធ្វើការដាំដុះក្នុងសួនច្បារ ឬក្នុងចម្ការ (ក្នុងរយៈពេល ៣០ នាទី) រាំកម្សាន្ដ (ក្នុងរយៈពេល ៣០ នាទី) ហែលទឹក (ក្នុងរយៈពេល២៥នាទី) ជាដើម។

USA, New Jersey, Jersey City, Senior couple walking together

សូមបញ្ជាក់ថា លំហាត់ប្រាណស្រាលៗខាងលើនេះពិតជាមានភាពសមស្របក៏ដូចជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរបស់អ្នកជំងឺ ដោយហេតុថាការហាត់ប្រាណទៀងទាត់បានជួយធ្វើឲ្យអាំងស៊ុយលីនដែលខូចប្រសិទ្ធភាព និងដែលតែងតែកើតមានទៅលើអ្នកជំងឺទឹកនោមផ្អែមប្រែមកជាមានប្រសិទ្ធភាពឡើងវិញ ហើយជួយធ្វើឲ្យអត្រាជាតិស្ករ ជាតិខ្លាញ់ក្នុងឈាមថយចុះបានមួយកម្រិត និងអាចជួយការពារមិនឲ្យមានកំណកខ្លាញ់ក្នុងសរសៃឈាមផងដែរ ដូច្នេះការហាត់ប្រាណក៏អាចជួយកាត់បន្ថយនូវការប្រើប្រាស់ថ្នាំជំងឺទឹកនោមផ្អែម ថ្នាំលើសឈាម ថ្នាំលើសជាតិខ្លាញ់ថែមទៀតផង។ ក្រៅពីនេះកីឡាក៏ជួយទប់ស្កាត់ការឡើងទម្ងន់ចំពោះអ្នកជំងឺទឹកនោមផ្អែម ដែលលើសទម្ងន់ ឬធាត់ផងដែរ។

Exercise is good for the body and soul

ដូច្នេះហើយលោកអ្នកដែលមានជំងឺទឹកនោមផ្អែមទាំងអស់ចាំបាច់ត្រូវតែហាត់ប្រាណដើម្បីសុខភាព ព្រោះថា អ្នកជំងឺទឹកនោមផ្អែមដែលលើសទម្ងន់ ឬធាត់អាចប្រឈមមុខនឹងគ្រោះថ្នាក់ និងផលវិបាកផ្សេងៗច្រើនជាងអ្នកជំងឺទឹកនោមផ្អែមដែលមានទម្ងន់មិនលើស ឬធាត់។ ក្រៅពីនេះវាក៏ជួយក្នុងការកាត់បន្ថយផលអវិជ្ជមាននៃការវិវត្តន៍របស់ជំងឺ និងអាចជួយសន្សំសំចៃប្រាក់ដែលត្រូវចំណាយទៅលើថ្នាំពេទ្យបានមួយកម្រិតថែមទៀត៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ