Jose Mourinho អះអាងថា Man Utd នឹងចូលប្រអប់ Top 4 នៅបំណាច់ឆ្នាំនេះ!

មាស សុផាណារ៉ុង November 24, 2018


អង់គ្លេស៖ Manchester United អាចនឹងឈានចូលក្នុងចំណាត់ថ្នាក់ជាក្រុមកំពូលតារាងទាំង៤ក្នុងក្របខ័ណ្ឌ Premier League នៅចុងខែធ្នូ ឆ្នាំ២០១៨។ នេះបើតាមសម្ដីលោក Jose Mourinho ស្រង់ចេញពីសារពត៌មាន BBC។ បច្ចុប្បន្ន Man Utd កំពុងឈរនៅចំណាត់ថ្នាក់លេខ៨ មានគម្លាតចំនួន៧ពិន្ទុក្រោមចំណាត់ថ្នាក់បានកៅអីក្នុងក្របខណ្ឌ Champions League។

«ខ្ញុំដឹងថាវាគឺជាគម្លាតដ៏ធំ»។ ការលើកឡើងរបស់ លោក Mourinho មុនប៉ះ Crystal Palace ម៉ោង១០យប់ ថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកានេះ។ «ប៉ុន្តែខ្ញុំក៏ដឹងដែរថារហូតដល់ចុងខែធ្នូ ពួកយើងមានការប្រកួត Premier League ចំនួន៨ប្រកួតទៀត ហើយនិយាយពី៨ប្រកួតគឺពួកយើងចង់សំដៅទៅលើ២៤ពិន្ទុ។ ខ្ញុំជឿថាពួកយើងនឹងទៅដល់ទីនោះ»។ បញ្ហារបស់ Man Utd ជុំវិញកីឡាកររបួស ដូចជា Anthony Martial ដែលបានរងរបួសពេលចាញ់ Man City នោះ ឥឡូវជាវិញហើយ និងរួចរាល់សម្រាប់ការប្រកួតយប់នេះ បូករួមជាមួយ Marouane Fellaini, Marcus Rashford, Romelu Lukaku និង Paul Pogba ក៏អាចលេងបានវិញដែរ។

បន្ទាប់ពីការប្រកួតនេះរួច Manchester United នឹងត្រូវទទួលស្វាគមន៍ Arsenal នៅថ្ងៃទី០៥ ខែធ្នូ មុននឹងជួបក្រុមខ្លាំងមួយទៀត គឺ Liverpool នៅថ្ងៃទី ១៦ ខែដដែល៕

 

ប្រភព និងរូបភាព៖ BBC / Goal

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់