ក្តៅៗ ភ្នំពេញក្រោនបន្ថែមកម្លាំង ២ រូបទៀតសម្រាប់ជើងទី២ នៃលីគកំពូលកម្ពុជា

នូ មករា July 1, 2016


ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បាននាំយកកីឡាករពីររូបបន្ថែមទៀត មកកាន់ក្លឹបរបស់ខ្លួនខណៈដែលជើងទី២ នៃលីគកំពូលកម្ពុជាកំពុងតែដំណើរការ។

យោងតាមការប្រកាសរបស់ក្លឹបជើងឯកឆ្នាំចាស់នេះបានឱ្យដឹងថា កីឡាករទាំងពីររូបនោះគឺ កីឡាករកូរ៉េខាងត្បូង Kim Hyeon-Woo វ័យ ២៧ឆ្នាំ និងអតីតកីឡាករខ្សែប្រយុទ្ធមុតស្រួចដែលបានជួយឱ្យក្រុមនេះបានលើកពានជាលើកទី៦ កាលពីរដូវកាលមុន Bisan George ដែលបានវិលមកជួយក្រុមចាស់របស់ខ្លួនវិញបន្ទាប់ពីបានចំណាយពេលជាច្រើនខែដើម្បីលេងឱ្យក្លឹប Than Quang Ninh នៅក្នុងប្រទេសវៀតណាមរួចមក។

New-Player

កីឡាករ Kim Hyeon-Woo វ័យ ២៧ ឆ្នាំ មានកំណើតនៅ Seoul ដែលធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៤ ឆ្នាំមុននឹងចូលរួមជាមួយក្លឹប Seongnam នៅ K-League ក្រោយចាកចេញពី Kwangwoon University នៅឆ្នាំ ២០១២។ កីឡាកររូបនេះបង្ហាញខ្លួនបាន ៨ ប្រកួតឲ្យក្លឹប Seongnam ដែលនៅលីកកំពូលនៃប្រទេសកូរ៉េខាងត្បូង មុននឹងចំណាយពេល ២ ឆ្នាំនៅ K3 Challenge side ក្លឹប Icheon Citizen ដែលរកបាន ៣១ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៣ ប្រកួត។ រដូវកាលនេះរូបគេលេងនៅ K-National League ឲ្យក្រុម Daejeon Korail មុននឹងសម្រេចចាកចេញពីប្រទេសមកប្រកួតប្រជែងនៅក្រៅស្រុកវិញម្តង។

លោកគ្រូបង្គោលក្លឹប Sam Schweingruber បានផ្តល់ចំណាប់អារម្មណ៍ថា៖ «នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយយើងទទួលបានជោគជ័យក្នុងការនាំយកកីឡាករក្នុងស្រុក ប៉ុន្តែកីឡាករបរទេសបានចូលរួមជាច្រើនក្នុងតំបន់ប្រយុទ្ធរបស់យើង។ ដោយសារតែស្ថានភាព ឆ្នាំនេះតំបន់ប្រយុទ្ធរបស់យើងមិនមុតស្រួច ដូចនេះយើងបាននាំយកខ្សែប្រយុទ្ធ ២ រូបបន្ថែមដែលយើងសង្ឃឹមថានឹងអាចជួយបំពេញចន្លោះខ្វះខាតផ្នែកប្រយុទ្ធរបស់យើង។ សម្រាប់ George ដែលអ្នកទាំងអស់គ្នាដឹង កីឡាកររូបនេះមិនទទួលបាននូវអ្វីដែលរូបគេរំពឹងថានឹងទទួលបានក្នុងពេលលេងនៅលីកកំពូលនៃប្រទេសវៀតណាមនោះទេ ហើយកីឡាកររូបនេះក៏យល់ព្រមត្រលប់មកជួយក្លឹបក្នុងរយៈខ្លី ហើយយើងសង្ឃឹមថានឹងឃើញកីឡាករូបនេះរកបានគ្រាប់បាល់ឲ្យយើងម្តងទៀត។ សម្រាប់កីឡាករទី២ Kim ដែលលេងនៅលីកកំពូលនៃប្រទេសកូរ៉េខាងត្បូង កីឡាកររូបនេះក៏នឹងមកជួយយើងក្នុងរយៈពេលខ្លីដូចគ្នា ហើយយើងពិតជារំភើបដែលកីឡាករព្រមចូលរួមដើម្បីរកគ្រាប់បាល់ឲ្យក្លឹប និងជួយឲ្យអ្នកគាំទ្រសប្បាយចិត្ត។»

សូមបញ្ជាក់ថា កីឡាករ Kim Hyeon-Woo គឺជាអតីតកីឡាករជម្រើសជាតិ U-14 នៅក្នុងប្រទេសកូរ៉េខាងត្បូងហើយត្រូវពាក់លេខ៩០ នៅក្នុងក្រុមភ្នំពេញក្រោន ចំណែកឯកីឡាករនីហ្សេរីយ៉ា Bisan George នឹងត្រូវបង្ហាញខ្លួនក្នុងក្រុមចាស់ជាមួយនឹងលេខ៩៩ ហើយពួកគេអាចនឹងមានវត្តមាននៅក្នុងជំនួបជាមួយក្រុមណាហ្គាវើលនាសប្តាហ៍ក្រោយនេះ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត