៥ ចំនុចអំពីបឹងកេតអង្គរ និង វេស្ទើនភ្នំពេញ មុនជួបគ្នាល្ងាចនេះ

នូ មករា June 25, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់វេស្ទើនភ្នំពេញ នឹងបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមបឹងកេតអង្គរក្នុងសប្ដាហ៍ទី១១ នៃពានរង្វាន់ជម្រើសជើងឯកជាតិ ឆ្នាំ២០១៦ (Metfone Cambodian League 2016) នៅវេលាម៉ោង៣:៣០ នាទីល្ងាចថ្ងៃសៅរិ៍ ទី ២៥ ខែមិថុនា នេះ។

១) ព័ត៌មានទូទៅ

គូនេះមិនមានផ្សាយផ្ទាល់តាមទូរទស្សន៍នោះទេខណៈសំបុត្រចូលទស្សនាមានដាក់លក់តម្លៃ៥០០០រៀល នៅច្រកចូលកីឡដ្ឋាន។នេះអាចថាជាការប្រកួតរវាងក្រុមកំពូលតារាងនិងក្រុមបាតតារាង គិតត្រឹមសប្ដាហ៍ទី១១នេះព្រោះបឹងកេតអង្គរ ឈរលេខ២ មែនតែពិន្ទុស្មើគ្នាជាមួយក្រុមលេខ១ ក្រសួងការពារជាតិហើយក្រុមវេស្ទើនភ្នំពេញ ជាក្រុមបាតតារាងក្នុងចំណោម១០ក្រុម។

២) ឡើងមកលេងក្នុងលីគកំពូលកម្ពុជា ដំណាលគ្នា

ក្រុមទាំង២បានដឹកដៃគ្នាពីក្របខ័ណ្ឌក១ ឡើងមកលេងក្នុងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ដំណាលគ្នា ក្នុងនាមវេស្ទើន ជាក្រុមលេខ១ ហើយបឹងកេតអង្គរ ជាក្រុមលេខ២។ ប៉ុន្ដែនៅឆ្នាំនោះក្រុមបឹងកេតអង្គរ ដណ្ដើមបានជើងឯកលីគកំពូលកម្ពុជា ស្របពេលវេស្ទើនធ្លាក់ទៅលេងក្របខណ្ឌក១វិញ។

_MG_4545new

៣) បឹងកេតអង្គរ មិនធ្លាប់ចាញ់វេស្ទើនភ្នំពេញនោះទេ

ក្រុមទាំង២ធ្លាប់ជួបគ្នាចំនួន៧ លើកមកហើយក្នុងពានរង្វាន់លីគកំពូលកម្ពុជា តែក្រុមបឹងកេតអង្គរមិនធ្លាប់ចាញ់វេស្ទើននោះទេ ពោលគឺឈ្នះទាំង៧ប្រកួត។

ខាងក្រោមជាទិន្នន័យនៃការប្រកួតកន្លងមករបស់ក្រុមទាំង២៖

រដូវកាល ២០១២៖

-បឹងកេតអង្គរ ៤-១ វេស្ទើនភ្នំពេញ (ជើងទី១)

-វេស្ទើនភ្នំពេញ ១-៥ បឹងកេតអង្គរ (ជើងទី២)

រដូវកាល២០១៤៖

-វេស្ទើនភ្នំពេញ ០-២ បឹងកេតអង្គរ (ជើងទី១)

-បឹងកេតអង្គរ ៣-២ វេស្ទើនភ្នំពេញ (ជើងទី២)

រដូវកាល២០១៥៖

-វេស្ទើនភ្នំពេញ ៥-៩ បឹងកេតអង្គរ (ជើងទី១)

-បឹងកេតអង្គរ ៥-២ វេស្ទើនភ្នំពេញ (ជើងទី២)

រដូវកាល ២០១៦៖

-បឹងកេតអង្គរ ៦-០ វេស្ទើនភ្នំពេញ (ជើងទី១)

៤) ក្រុមទាំង២មានប្រវត្តិដូរឈ្មោះមុនមកដល់ថ្ងៃនេះ

ដំបូងឡើយក្រុមវេស្ទើន ត្រូវបានដាក់ឈ្មោះថា ក្រុមសាកលវិទ្យាល័យវេស្ទើនប៉ុន្ដែក្រោមមកនៅរដូវកាល២០១៤ បានប្ដូរឈ្មោះទៅជាវេស្ទើនភ្នំពេញ វិញ។ ចំណែកក្រុមបឹងកេតអង្គរវិញដំបូងឡើយមានឈ្មោះជាក្រុមចម្ការកៅស៊ូបឹងកេត នោះទេ ប៉ុន្ដែនៅរដូវកាល២០១៥ដោយមានការឧបត្ថម្ភពីក្រុមហ៊ុនឯកជនមួយក៏ប្រែប្រួលឈ្មោះតែម្ដងទៅ។

IMG_7794

៥) កម្លាំងសំខាន់ៗរបស់ក្រុមទាំង២

ម្ចាស់ផ្ទះវេស្ទើនភ្នំពេញ មានខ្សែប្រយុទ្ធជនជាតិហ្គាណា Matthew Osa តែងតែរំខានគូប្រកួតនៅតំបន់ប្រយុទ្ធជាប្រចាំស្របពេលរូបគេរកគ្រាប់បាល់ឱ្យក្រុមបាន៧គ្រាប់ម្នាក់ឯង ខណៈកីឡាករ សែម ប៊ុននី រកបាន៣ គ្រាប់និងកីឡាករ ណៃ អាសារី ធ្លាប់បំបោងសំណាញ់ទីគូប្រកួតបាន ២គ្រាប់ ១២គ្រាប់ក្នុងចំណោម១០ប្រកួតមកនេះ។ កីឡាករ ឡុង ភារ៉ាត ធ្លាប់ជាតួរអង្គមិនអាចខ្វះបានសម្រាប់ក្រុមផងដែរ ហើយរូបគេជាផ្នែកមួយជួយឱ្យក្រុម U-19 កម្ពុជាឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ Mekong Goodwill Games នៅប្រទេសថៃកាលពីដើមឆ្នាំ។ ចំណែកក្រុមបឹងកេតអង្គរ វិញប្រមូលផ្ដុំដោយកីឡាករក្នុងក្រុមជម្រើសជាតិកម្ពុជា មិនថា ស៊ូ យ៉ាទី ជារនាំងនៅមុខទី ឬ ចាន់ វឌ្ឍនាកា នៅតំបន់ប្រយុទ្ធនោះទេ។ និយាយពី វឌ្ឍនាកា គេជាម្ចាស់ស្បែកជើងមាសឆ្នាំចាស់ ២០១៥ កន្លងទៅហើយគេនឹងរកគ្រាប់បាល់បានប្រសិនបើបង្ហាញខ្លួនក្នុងពេលតែ១ជាមួយនឹងដៃគូ Paul Omogba និង Samuel Gbenga Ajayi៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត