លីកកំពូលកម្ពុជា៖ ក្រសួងការពារជាតិ និង​បឹងកេតអង្គរ បន្ត​ប្រដេញ​គ្នាឈរកំពូល​តារាង

នូ មករា June 20, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់ពីរនៅតែបន្តប្រដេញគ្នាក្នុងតំបន់កំពូលតារាងក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីករដូវកាលឆ្នាំ២០១៦ (Metfone Cambodian League 2016) ត្រឹមសប្ដាហ៍ទី១០នេះ ពោលគឺក្រសួងការពារជាតិ និងបឹងកេតអង្គរក្រោយរកបាន ២៧ពិន្ទុស្មើគ្នារួចមក។ តំណាលគ្នានេះដែរ មានក្រុម២ ផ្សេងទៀតដែលមិនទាន់ស្គាល់រស់ជាតិជ័យជម្នះនៅឡើយគឺក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) និងក្រុមវេស្ទើនភ្នំពេញ។

បើនិយាយពីលទ្ធផលក្នុងសប្ដាហ៍ទី១០នេះឃើញថា ក្រុមភ្នំពេញក្រោន បានប្រកួតស្មើគ្នាក្នុងលទ្ធផល ០ទល់០ ជាមួយក្រុមខេមបូឌានថាយហ្គឺរ នៅលើទីលានពហុកីឡដ្ឋានជាតិកាលពីល្ងាចថ្ងៃសុក្រ ទី១៧ ខែមិថុនាកន្លងទៅ។ ចំណែកក្រុមក្រសួងការពារជាតិ បានប្រកួតឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ២ទល់០ លើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) នារសៀលថ្ងៃសៅរិ៍ ទី១៩ ខែមិថុនា។

_MG_2176NEWWWW

អ្វីដែលគួរចាប់អារម្មណ៍នោះគឺ កីឡាករចំណូលថ្មី Ri Hyok-Chol ដែលជាជនជាតិកូរ៉េខាងជើងគឺជាអ្នករកគ្រាប់បាល់បាន២គ្រាប់ម្នាក់ឯងឱ្យក្រសួងការពារជាតិ។ នៅថ្ងៃសៅរិ៍នោះដែរ ក្រុមណាហ្គាវើលបានយកឈ្នះម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ដោយលទ្ធផល ២ទល់០ លើទីលានកីឡដ្ឋានវេស្ទើន។ កីឡាករជនជាតិនីហ្សេរីយ៉ា Rasheed Omokafe បានរកគ្រាប់បាល់ជ័យជម្នះឱ្យណាហ្គាវើល។

ចំពោះប្រកួតដែលធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ម្សិលមិញនេះក្រុមព្រះខ័នរាជស្វាយរៀងបានប្រកួតឈ្នះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដោយលទ្ធផល ៥ទល់៣ លើទីលានពហុកីឡដ្ឋានជាតិ។ កីឡាករ ប្រាក់ មុន្នីឧត្តម រកគ្រាប់២គ្រាប់ឱ្យព្រះខ័នរាជស្វាយរៀង ហើយកីឡាករ នេន សុធារ័ត្ន និង សុក សំណាង រកបានម្នាក់១គ្រាប់ ស្របពេល១គ្រាប់ទៀតកីឡាករ ស្លេះ សេន របស់ក្រុមស៊ីម៉ាក់ បានធ្វើឱ្យចូលទីខ្លួនឯង។ ចំណែក៣គ្រាប់របស់ស៊ីម៉ាក់ រកបានដោយកីឡាករ ហុង មករា និង វ៉ា បុទ្រ័រ ខណៈ១គ្រប់ទៀតជាការធ្វើឱ្យចូលទីខ្លួនឯងរបស់កីឡាករ សឿយ វិសាល ខាងក្រុមព្រះខ័នរាជស្វាយរៀង។

ដោយឡែកគូចុងក្រោយប្រចាំសប្ដាហ៍ទី១០ គឺក្រុមក្រុមបឹងកេតអង្គរ បានប្រកួតឈ្នះក្រុមអាស៊ីអឺរ៉ុបដោយលទ្ធផល ៥ទល់០។ ៥ គ្រាប់របស់បឹងកេតអង្គរ រកបានដោយកីឡាករ ចាន់ វឌ្ឍនាកា និង Omogba រកបានម្នាក់ ២ គ្រាប់ និងកីឡាករ រស់ សំអឿន ១គ្រាប់ដែរ។

_MG_4545newww

ងាកទៅមើលគូប្រកួតសម្រាប់សប្ដាហ៍ទី១១ គឺក្រុមភ្នំពេញក្រោន ត្រូវបើកទ្វាកីឡដ្ឋានRSN Stadium របស់ខ្លួនទទួលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ វេលាម៉ោង៦ល្ងាចថ្ងៃសុក្រ ទី២៤ ខែមិថុនាខាងមុខនេះហើយ។ ចំណែកនៅថ្ងៃសៅរិ៍ ទី២៥ខែមិថុនា ក្រុមក្រសួងការពារជាតិ ជួបក្រុមណាហ្គាវើល នៅវេលាម៉ោង៣:៣០ នាទីល្ងាចលើទីលានស្ដាតចាស់ ហើយក្រុមបឹងកេតអង្គរ ជួបម្ចាស់ផ្ទះវេស្ទើនភ្នំពេញ នៅវេលាម៉ោង៣:៣០ នាទីរសៀលដូចគ្នា។ ចុងក្រោយនៅថ្ងៃអាទិត្យ ទី២៦ មិថុនា មាន២ប្រកួតគឺក្រុមខេមបូឌានថាយហ្គឺរ ជួបក្រុមព្រះខ័នរាជស្វាយរៀង នៅម៉ោង៣:៣០ នាទីលើទីលានពហុកីឡដ្ឋានហើយគូបន្ទាប់លើទីលានជាមួយគ្នាគឺក្រុមស៊ីម៉ាក់ ជួបអាស៊ីអឺរ៉ុប វេលាម៉ោង៦ល្ងាច៕

អត្ថបទ៖សម្បត្តិ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត