U-19 ភ្នំពេញក្រោន ក្រសោបពានទាំងអស់ក្នុងព្រឹត្តិការណ៍ Smart RSN Youth Competition

នូ មករា June 18, 2016


ភ្នំពេញ៖ កម្មវិធីប្រកួតបាល់ទាត់ Smart RSN Youth Competition សម្រាប់ក្របខណ្ឌយុវជនអាយុក្រោម១៩ ឆ្នាំបានបិទបញ្ចប់ហើយកាលពីព្រឹកមិញនេះ ដោយក្រុម U-19 របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានក្រសោបយកពានទាំងអស់តែម្តង ពោលគឺទាំងពានជ័យលាភីជើងឯក រួមទាំងពានរង្វាន់កីឡាករឆ្នើមប្រចាំកម្មវិធី ក៏ដូចជាពានកីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេផងដែរ។

_MG_9165

ព្រឹត្តិការណ៍ប្រកួតដែលបានដំណើរការនៅលើទីលាននៃកីឡាដ្ឋាន RSN អស់រយៈពេល ៦ សប្តាហ៍ដោយមានការចូលរួមពីសំណាក់ក្រុមយុវជនអាយុក្រោម១៩ឆ្នាំ មកពីក្លឹបធំៗចំនួន ៤ នៅកម្ពុជារួមមាន៖ ក្រុម U-19 ភ្នំពេញក្រោន, បឹងកេតអង្គរ, ក្រសួងការពារជាតិ និង ព្រះខ័នរាជស្វាយរៀង។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញទាំងពីរជើងរួចមក ឃើញថា ក្រុមភ្នំពេញក្រោន បានក្លាយជាជើងឯកដោយមានពិន្ទុដាច់ឆ្ងាយលើសពីគេ (១៨ពិន្ទុ) និងមិនដែលស្គាលពាក្យថាចាញ់ម្តងណាឡើយ ខណៈដែលក្រុមយុវជនព្រះខ័នរាជស្វាយរៀងទទួលបានតំណែងជាជើងឯករង រីឯក្រុមយុវជនការពារជាតិទទួលបានលេខ៣ ហើយក្រុមយុវជនបឹងកេតអង្គរជាប់ចំណាត់ថ្នាក់លេខ ៤។

_MG_9126

ជាមួយគ្នានេះដែរ កីឡាករ ម៉ែន ពិភព របស់ភ្នំពេញក្រោនត្រូវបានគណៈកម្មការបច្ចេកទេសដែលមានការចូលរួមពីលោក អូហារ៉ា (គ្រូបង្វឹកក្រុមយុវជនជម្រើសជាតិកម្ពុជា) ផងនោះ បានក្លាយជាកីឡាករដែលលេខធ្លោជាងគេដោយដណ្តើមបានពាន ២ ម្នាក់ឯងពោលគឺពានជាកីឡាករឆ្នើម និងពានកីឡាករទាត់បញ្ចូលទីបានច្រើនជាងគេ។

_MG_9153

លោក សែម សំណាង គ្រូបង្គោលក្លឹបភ្នំពេញក្រោនធ្លាប់បានលើកឡើងថា៖ « កម្មវិធីនេះ គឺជាការផ្តល់ឱកាសដល់យុវជនដើម្បីឱ្យពួកគេបានបង្ហាញខ្លួននិងសមត្ថភាពរបស់ពួកគេ ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករបាល់ទាត់អាជីពនៅពេលអនាគត។» គ្រូបង្វឹករូបនេះក៏មានក្តីសង្ឃឹមថា នៅរដូវកាលក្រោយៗទៀតនឹងមានការចូលរួមពីក្រុមយុវជននៃក្លឹបដទៃទៀតដើម្បីធ្វើឱ្យកម្មវិធីនេះកាន់តែធំ និងទាក់ទាញអ្នកចូលរួមបានកាន់តែច្រើន។

_MG_9140

យុវជនមាឌល្អិត ម៉ែន ពិភព បានថ្លែងទាំងរីករាយថា៖« អ្វីៗទាំងនេះបានកើតឡើងលើសពីអ្វីដែលខ្ញុំបានរំពឹងទុក! ខ្ញុំពិតជារីករាយចំពោះការទទួលបានពានរង្វាន់ទាំងនេះ ហើយវាគឺជាកម្លាំងចិត្តបន្ថែមទៀតក្នុងការជំរុញឱ្យខ្ញុំខិតខំដើម្បីសម្រេចបំណងរបស់ខ្ញុំ នោះគឺការក្លាយជាកីឡាករបាល់ទាត់អាជីពម្នាក់ និងអាចលេងក្នុងក្រុមជម្រើសជាតិ ឬអាចចេញទៅលេងនៅក្រៅស្រុកជាដើម។»

_MG_9131

សូមបញ្ជាក់ថា បើទោះបីជាទើបតែបង្កើតជាលើកដំបូងក្នងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែកម្មវិធី Smart RSN Youth Competition នេះបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការណ៍ជាមួយបណ្តាក្លឹបធំៗទាំង៤ និងបានទទួលបានការឧបត្ថម្ភគាំទ្រ ពីក្រុមហ៊ុន Smart Axiata ក្រុមហ៊ុនភេសជ្ជៈ Angkor Puro និង Revive ក៏ដូចជាភោជនីយដ្ឋាន ម៉ាន់ជូ ក្រុមហ៊ុន Milo ដោយត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនខេមបូឌា លីក និងមានគេហទំព័រព័ត៌មានកីឡា CamSports ជាដៃគូផ្សព្វផ្សាយផ្លូវការផងដែរ៕

_MG_9207

_MG_9264

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត