លោក មាស សំអឿន រំពឹង​ថា U-14 ​នឹង​ធ្វើ​​បាន​ល្អក្នុង​វគ្គ​ជម្រុះ​ជើង​ឯកប្រចាំ​​ទ្វីប​អាស៊ី​

នូ មករា June 15, 2016


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រៀមនឹងបញ្ជូនក្រុមយុវជនក្រោមអាយុ១៤ឆ្នាំ ( U-14) របស់ខ្លួនទៅចូលរួមប្រកួតជម្រុះក្នុងពានរង្វាន់កម្រិតយុវជនក្រោមអាយុ១៤ឆ្នាំទ្វីបអាស៊ី ប្រចាំតំបន់អាស៊ាន ឬ AFC U-14 Festival of Football 2016 ដែលរៀបចំឡើងប្រទេសប្រ៊ុយណេ ក្នុងខែកក្កដា ខាងមុខ។ ក្រុមសាលាបាល់ទាត់ជាតិ ជំនាន់ទី២ ដែលមាននាទីទៅចូលរួមប្រកួតក្នុងពានរង្វាន់នេះ មានសិស្សអាយុក្រោម១៤ឆ្នាំ ចំនួន ២៣នាក់ដែលបានប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នាជាលើកដំបូងចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះក្រោមការគ្រប់គ្រង និងបង្វឹកពីសំណាក់លោក មាស សំអឿន អតីតគ្រូបង្វឹករបស់ក្រុមបៀលប្រាយយូណាយធីត វេស្ទើនភ្នំពេញ និងក្រុមមជ្ឍមណ្ឌលកំចាត់មីនកម្ពុជាដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងឱ្យធ្វើជាគ្រូបង្វឹកក្នុងក្រុមនេះកាលពីពាក់កណ្ដាលខែមិនា កន្លងទៅ។

front_meas_sam_oeun

ក្នុងនាមជាគ្រូបង្វឹកលោក មាស សំអឿន បានលើកឡើងថា៖ «យើងនឹងចម្រាញ់យកកីឡាករទៅតែ ១៨នាក់ទេ។ និយាយទៅខ្ញុំមិនទាន់បានឃើញសមត្ថភាពក្រុមរបស់ប្រទេសជិតខាងនៅឡើយទេ តែបើមកមើលកូនក្រុមខ្ញុំវិញឃើញថាពួកគេធ្វើបានល្អ យល់ពីការលេងបាល់ច្រើន ព្រោះយើងប្រមូលផ្ដុំតាំងពីខែឧសភាមក។ ខ្ញុំរំពឹងថាពួកគេនឹងធ្វើបានល្អក្នុងការប្រកួតនេះ»។

យោងតាមលិខិតបញ្ជីឈ្មោះក្រុមបាល់ទាត់ជំនាន់ថ្មីសម្រាប់មជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិដែលចុះហត្ថលេខាដោយលោក កែវ សារិន ជានាយកនៅទីនោះបានបង្ហាញពីទិន្នន័យនៃសមាសភាពដូចជា លោក មាស សំអឿន ជាគ្រូបង្គោល លោក សាប៊ូន វិនតា គ្រូជំនួយនៅក្លឹបបឹងកេតអង្គរជាគ្រូជំនួយ ហើយលោក ង៉ុយ បូរ៉ាណុច អតីតអ្នកចាំប្រចាំក្លឹបវេស្ទើនភ្នំពេញ និងបៀលប្រាយយូណាយធីត មកពីខេត្តពោធិសាត់ ជាគ្រូអ្នកចាំទី។

320

ជាមួយគ្នានេះដែរ យោងតាមព័ត៌មានរបស់សហព័ន្ធកីឡាទ្វីបអាស៊ី បានឱ្យដឹងថាពានរង្វាន់ AFC U-14 Festival of Football 2016 ក្នុងវគ្គជម្រុះប្រចាំតំបន់អាស៊ាន នឹងរៀបចំចាប់ពីថ្ងៃ១៨ ដល់ ៣១ ខែកក្កដា ឆ្នាំ២០១៦ នៅប្រទេសប្រ៊ុយណេ ខណៈប្រទេសចូលរួមមានមកពី កម្ពុជា វៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ទីម័រខាងកើត និងម្ចាស់ផ្ទះប្រ៊ុយណេ ខណៈទំនងមិនមានវត្តមានប្រទេសឥណ្ឌូណេស៊ីនោះទេព្រោះប្រទេសនេះធ្លាប់ជាប់ពិន័យរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត