ព្រះខ័នរាជស្វាយរៀង ​ត្រឡប់​មក​កម្ពុជា​វិញ​ក្រោយ​បញ្ចប់​បេសកម្ម​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​វៀតណាម

នូ មករា June 5, 2016


 

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជាបានធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញនាព្រឹកថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០១៦ នេះតាមរថយន្តក្រោយពីបានបញ្ចប់ភារកិច្ចប្រកួតមិត្តភាពអន្តរជាតិជាមួយក្លឹបម្ចាស់ផ្ទះ XSKT Cần Thơ FC ដែលជាសមាជិកក្នុងលីគកំពូលវៀតណាម (V-League) នៅល្ងាចថ្ងៃសៅរិ៍ ទី៤ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ។

ក្នុងការប្រកួតមិត្តភាពម្សិលមិញនេះព្រះខ័នរាជស្វាយរៀង បានចាញ់ម្ចាស់ផ្ទះ XSKT Cần Thơ FC ដោយលទ្ធផល ២ទល់១ ហើយ ជ័យជម្នះរបស់ម្ចាស់ផ្ទះ XSKT Cần Thơ FC គឺទទួលបានតាមរយៈគ្រាប់បាល់ដែលរកបានដោយកីឡាករជនជាតិនីហ្សេរីយ៉ា Ganiyu Bolayi Oseni នៅនាទី ៣៦ ហើយចូលដល់នាទី ៧៨ កីឡាករជនជាតិកុងហ្គោ Patiyo Tambwe បានរកគ្រាប់បាល់ទី២បានសម្រេចបន្ថែមទៀត ប៉ុន្ដែចូលដល់នាទី៩០+១ ពោលគឺមុនបញ្ចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធជនជាតិជប៉ុន Hikaru Mizuno របស់ព្រះខ័នរាជស្វាយរៀង បានរកគ្រាប់បាល់ឱ្យក្រុមខ្លួនវាយបកបាន១ គ្រាប់វិញ។

សម្រាប់បញ្ជីឈ្មោះក្រុមព្រះខ័នរាជស្វាយរៀង ដែលចេញដំណើរទៅក្រៅប្រទេសលើកនេះមានមាន លោកអោក សំណាង ជាអ្នកចាត់ការក្រុម លោក សំ វ៉ាន់ដេត ជាគ្រូបង្គោល ហើយលោក សួន ធួន លោក សុខ រដ្ឋា លោក ជូ សារឿន ជាគ្រូជំនួយ លោក អ៊ិន សុខា ជាគ្រូអ្នកចាំទី លោក ទី វិបុត្រ ជាគ្រូពេទ្យ  និងមានលោក ទេព ឆៃដែន ជាមន្រ្តីព័ត៌មាន។ ចំណែកកីឡាករវិញ មាន អាំ ឧត្តម, អាំ សុវណ្ណារ៉ា, រស់ គង់សំរេច, មូល ដារ៉ាវ័ន្ត, មួង មករា, ជា សំណាង, សារ៉េត គ្រីយ៉ា, អ៊ុក វ៉ាន់ណេ, សួន វាសនា, ឡាយ រស្មី, ម៉ែន មុន្នីរ៉ា, ប្រាក់ សុវណ្ណពិសិដ្ឋ, ផានី អ៊ីរដ្ឋា, គុន្ធា រ៉ាវ៉ាន់។ សម្រាប់កីឡាករបរទេសមាន Atuheire Kipson, Mohamad Latif ជាជនជាតិអ៊ូហ្គង់ដា កីឡាករជនជាតិកូរ៉េខាងត្បូង Lee Jongho និង កីឡាករជប៉ុន Mizuno Hikaru។ ក្នុងនោះមានកីឡាករបន្ថែម៤នាក់ទៀតគឺ សាយ ពិសិដ្ឋ និង នួន បុរីមកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ និងកីឡាករ សួង វីរៈ មកពីក្រុមខេមបូឌានថាយហ្គឺរ និង ខែក ខេមរិន្ទមកពីក្រសួងការពារជាតិ គឺសុទ្ធតែត្រូវបានក្លឹបខ្ចីជើងសម្រាប់ការប្រកួតនេះ។

សូមបញ្ជាក់ថា មូលហេតុដែលខ្ចីជើងនេះព្រោះពួកគេត្រូវជំនួសកន្លែងកីឡាករសំខាន់ៗទាំង៧នាក់របស់ក្លឹបដែលជាប់កាតព្វកិច្ចក្នុងក្រុមជម្រើសជាតិ។ យ៉ាងណាក្ដីក្នុងការប្រកួតមិត្តភាពអន្តរជាតិនេះមិនមានវត្តមានកីឡាករសំខាន់ៗមួយចំនួនដូចជា សឿយ វិសាល, ប្រាក់ មុន្នីឧត្តម, ណុប តុលា, ហួយ ផល្លីន, សំអឿន ពិដោរ, នេន សុធារ័ត្ន, សុក សំណាង នោះឡើយព្រោះពួកគេជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជាដើម្បីត្រៀមចេញទៅប្រកួតក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី (2019 AFC Asian Cup UAE) ជាមួយក្រុមកោះតៃវ៉ាន់ ជើងទី១ នៅថ្ងៃទី២ ខែមិថុនា នៅតៃវ៉ាន់ និងជើងទី២ នៅថ្ងៃទី៧ខែមិថុនា នៅរាជធានីភ្នំពេញ៕

SVRFC

រតនៈ សម្បត្តិ

រូបថត៖ផ្ដល់ឲ្យ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត