AFC មិនអនុញ្ញាតិឲ្យក្លឹបភ្នំពេញក្រោនចូលរួមប្រកួត AFC Cup Playoff Qualifiers

លី រិទ្ធី June 3, 2016


យោងតាមសេចក្តីថ្លែងការណ៍របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា ក្លឹបបាល់ទាត់ឈានមុខគេមួយនេះបានទទួលរងនូវការខកចិត្តដ៏ធំមួយបន្ទាប់ពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានធ្វើការបដិសេធមិនឱ្យក្លឹបជើងឯក៦សម័យកាលនៃលីកកំពូលកម្ពុជានេះបានចូលរួមក្នុងវគ្គជម្រុះ AFC Cup Playoff Qualifiers ដែលនឹងត្រូវប្រព្រឹត្តឡើងក្នុងខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។

សូមបញ្ជាក់ថា នាពេលកន្លងមកក្លឹបបាល់ទាត់ភ្នំពេញក្រោនត្រូវបានជ្រើសតាំងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ជាបេក្ខភាពចូលរួមក្នុងការប្រកួតដណ្តើមពានរង្វាន់ AFC Cup ក្នុងនាមជាក្រុមជើងឯកមិត្តហ្វូនខេមប៊ឌានលីក ឆ្នាំ២០១៥។ ក៏ប៉ុន្តែនៅក្នុងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានទទួលលិខិតមួយពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី ដោយបានបញ្ជាក់ថាយោងតាមលក្ខន្តិកៈមាត្រា ៧៣.៦ បានលើកឡើងថា ក្លឹបណាដែលមានការទាក់ទងក្នុងសកម្មភាពនៃការរៀបចំលទ្ធផលក្នុងការប្រកួតនឹងត្រូវបានអនុញ្ញាត្តឱ្យចូលរួមក្នុងការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC)ឡើយ។
ជាមួយគ្នានេះដែរសហព័ន្ធបាល់ទាត់អាស៊ីបានយោងលើសេចក្តីសម្រេចរបស់គណៈកម្មាការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានធ្វើឡើងក្នុងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ និងបានពិន័យមន្ត្រី ០៤នាក់ ដែលទាក់ទងជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនបន្ទាប់ពីពួកគេបានធ្វើខុសក្នុងការរៀបចំលទ្ធផលទុកជាមុន ហើយ AFC បានប្រើប្រាស់ហេតុផលនេះដើម្បីធ្វើការបដិសេដមិនឱ្យក្លឹបភ្នំពេញក្រោនបានចូលរួមទៅតាមការគ្រោងទុកឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅក្លឹបភ្នំពេញក្រោនបានព្យួរមន្ត្រី៤នាក់របស់ខ្លួន ក្រោយពីបានធ្វើការស៊ើបអង្កេតនិងបានរកឃើញថាពួកគេបានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរមួយពាក់ព័ន្ធនឹងការរៀបចំលទ្ធផលទុកជាមុន ហើយក្លឹបក៏បានផ្តល់ព័ត៌មានជូនដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត ហើយជាលទ្ធផលគឺពួកគេទទួលបានការពិន័យពីសហព័ន្ធទៅតាមសេចក្តីសម្រេចចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបាននូវការជូនដំណឹងពីការបដិសេធនេះក្លឹបបាល់ទាត់ភ្នំពេញក្រោនបានប្តឹងជំទាស់ការសម្រេចចិត្តនេះ ទៅAFC កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅ ប៉ុន្តែបានទទួលលទ្ធផលអវិជ្ជមានដោយសារតែសហព័ន្ធកីឡាបាល់ទាត់អាស៊ីបានបញ្ជាក់នៅថ្ងៃទី២៧ ខែឧសភា ម្តងទៀតថា សេចក្តីសម្រេចរបស់ពួកគេគឺជាសេចក្តីសម្រេចចុងក្រោយ ហើយក្លឹបបាល់ទាត់ភ្នំពេញក្រោន និងមិនអាចចូលរួមក្នុងវគ្គជម្រុះ AFC Cup 2017 បានទេ។

ជាបន្តទៀត ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានទទួលការប្រឹក្សាជាលក្ខណៈផ្លូវច្បាប់ ហើយបានរៀបចំដាក់ពាក្យបណ្តឹងទៅតុលាការអាជ្ញាកណ្តាលផ្នែកកីឡា (Court Arbitration of Sport) ដែលមានមូលដ្ឋានក្នុងប្រទេសស្វីស ដើម្បីប្រឆាំងជំទាស់ចំពោះសេចក្តីសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីនេះ។
គួរបញ្ជាក់ថា តុលាការអាជ្ញាកណ្តាលផ្នែកកីឡា (Court Arbitration of Sport) គឺជាស្ថាប័នឯករាជ្យមួយដែលផ្តល់សេវាក្នុងការរៀបចំដោះស្រាយជម្លោះតាមការសម្របសម្រួល
ដើម្បីភាពយុត្តិធម៌ ស្របតាមនីតិវិធី ជាក់លាក់សម្រាប់វិវាទកីឡានានានៅលើពិភពលោក។

AFC Cup logo

ប្រភព៖ ភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត