គ្រូអ៊ីរ៉ង់៖ “ក្នុងការប្រកួតដែលគូប្រកួតរបស់យើងខ្សោយ គឺពិតជាមានអារម្មណ៍អាណិតអាសូរ”

មាស សុផាណារ៉ុង June 12, 2021


 

បារ៉ែន៖ “ក្នុងការប្រកួតដែលគូប្រកួតរបស់យើងខ្សោយ គឺពិតជាមានអារម្មណ៍អាណិតអាសូរ” នេះជាសម្ដីរបស់ លោក Dragan Skocic គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ក្រោយពីក្រុមរបស់ខ្លួនប្រកួតឈ្នះ ក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ០ទល់១០ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ប្រចាំពូល C។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Dragan Skocic បានលើកឡើងថា៖ “វាច្បាស់ណាស់ថាក្រុមរបស់យើងមានគុណភាពខ្ពស់ជាងគូប្រជែងរបស់យើង ហើយអាចបញ្ចប់លទ្ធផលដោយពេញចិត្ត។ ខ្ញុំចូលចិត្តចលនាដែលក្រុមរបស់ខ្ញុំបានធ្វើ ប៉ុន្តែនៅក្នុងការប្រកួតដែលគូប្រកួតរបស់យើងខ្សោយបែបនេះ គឺមានអារម្មណ៍អាណិតអាសូរ។”

“ជាថ្មីម្តងទៀតដោយសារគុណភាពនៃក្រុមរបស់យើង វាច្បាស់ណាស់ថាលទ្ធផលគឺជាលទ្ធផលដ៏ពេញចិត្តសម្រាប់យើង ហើយខ្ញុំសូមអបអរសាទរដល់កីឡាកររបស់ខ្ញុំ។” គ្រូបង្វឹកសញ្ជាតិក្រូអាត រូបនេះបានបន្ថែម។

សូមរំលឹកជាថ្មីថា ក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅសល់ភារកិច្ចសំខាន់មួយទៀតគឺប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ១ ជាមួយ អ៊ីរ៉ាក់ នៅថ្ងៃប្រកួតចុងក្រោយ ដោយឡែកកម្ពុជា អស់ភារកិច្ចត្រឹមនេះ និងត្រៀមត្រលប់មកមាតុប្រទេសវិញ នាថ្ងៃបន្ទាប់៕

 

ប្រភព៖ ffiri.ir

រូបភាព៖ Football Federation Islamic Republic of Iran (F.F.I.R.I.)

មតិយោបល់