គ្រូអ៊ីរ៉ង់ ឃើញភាពប្រសើរទម្រង់លេងរបស់កម្ពុជា ហើយនិយាយថា៖ “យើងមិនអាចមើលស្រាលកម្ពុជានោះទេ”

មាស សុផាណារ៉ុង June 11, 2021


 

បារ៉ែន៖ លោក Dragan Skocic គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ បាននិយាយថាពួកគេមិនអាចមើលស្រាលកម្ពុជាឡើយ សម្រាប់ការប្រកួតថ្ងៃសុក្រនេះ ក្នុងជំនួបទី៨ ប្រចាំពូល C នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី ជុំទី២ (2022 FIFA World Cup qualification – AFC Second Round) ដែលត្រូវជួបប្រកួតជាមួយកម្ពុជា ផ្ទាល់តែម្ដង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ កាលពីម្សិលមិញ លោក Dragan Skocic បានលើកឡើងដូច្នេះ៖ “យើងមិនមើលស្រាលកម្ពុជានោះទេ។ យើងគោរពពួកគេ ពីព្រោះខ្ញុំបានឃើញការប្រកួតរបស់ពួកគេ ហើយខ្ញុំត្រូវតែនិយាយថាការបង្ហាញទម្រង់លេងរបស់ពួកគេ គឺប្រសើរជាងលទ្ធផលដែលគេពួកគេទទួលបាន។ ជាថ្មីម្តងទៀត ខ្ញុំស្នើសុំឱ្យក្រុមរបស់ខ្ញុំផ្តោតអារម្មណ៍ខ្លាំងទៅលើការប្រកួតនេះ និងរក្សាភាពច្បាស់លាស់របស់ពួកគេ ពីព្រោះយើងមកដើម្បីឈ្នះការប្រកួតនេះ ខណៈពេលដែលយើងមានការគោរពយ៉ាងខ្លាំងចំពោះកម្ពុជាដូចគ្នា។”

លោកបានមានប្រសាសន៍បន្ថែមថា៖ “យើងចង់ឈ្នះ ដើម្បីបង្កើពិន្ទុជាអតិបរមា ហើយនៅពេលនេះកីឡាកររបស់យើងគ្រាន់តែផ្តោតអារម្មណ៍ទៅលើការប្រកួតជាមួយកម្ពុជា តែប៉ុណ្ណោះ។”

សូមរំលឹកជាថ្មីថា ការប្រកួតរវាង ក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិអ៊ីរ៉ាក់ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ នាវេលាម៉ោង ៩:៣០នាទីយប់ លើវាលស្មៅធម្មជាតិ នៃកីឡដ្ឋាន​ Khalifa Sports City Stadium ដោយការប្រកួតនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ Iran Football Association

មតិយោបល់