“កីឡាករវ័យក្មេងរបស់យើង” ជាពាក្យដែល លោក Hirose តែងតែលើកឡើងក្រោយចប់ការប្រកួតនីមួយៗ

មាស សុផាណារ៉ុង June 10, 2021


 

បារ៉ែន៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បច្ចុប្បន្នបាននឹងកំពុងស្ថិតនៅប្រទេសបារ៉ែន ដើម្បីចូលរួមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក កាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022™) និងពានជើងឯកទ្វីបអាស៊ី ចិន ២០២៣ (AFC Asian Cup) ប្រចាំពូល C សម្រាប់ជំនួបប្រកួតដែលសេសសល់ក្រោយលើកពេលជាង ១ឆ្នាំកន្លះ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

គិតមកទល់ពេលនេះ ក្រុមគោព្រៃកម្ពុជា ប្រកួតបាន ២ប្រកួតហើយនៅក្នុងពូលដដែលនេះ ខណៈទាំង ២ប្រកួតនេះ ក៏រងបរាជ័យទាំង ២ប្រកួតផងដែរ ពោលគឺចាញ់ បារ៉ែន ៨-០ និងចាញ់ អ៊ីរ៉ាក់ ៤-១ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose តែងតែលើកពីឃ្លា “កីឡាករវ័យក្មេងរបស់យើង” ឡើងជានិច្ច ក្រោយចប់ការប្រកួតនីមួយៗនៅក្នុងសន្និសីទសារព័ត៌មាន នេះគឺដោយសារតែផែនការនៃការដាក់កីឡាករក្មេងៗចូលប្រកួត ហាក់បង្ហាញផ្លែផ្កាគួរជាទីមោទកភាព។

  • ជំនួបជាមួយបារ៉ែន៖

ក្នុងជំនួបនេះផងដែរ ថ្វីដ្បិតកម្ពុជា រងបរាជ័យចាស់ដៃក៏ពិតមែន ប៉ុន្តែគេបានចាប់អារម្មណ៍ថាកីឡាករក្មេងៗ (អាយុក្រោម ២០ឆ្នាំ) ដល់ទៅ ៤នាក់បានចូលប្រកួត និងកីឡាករអាយុក្រោម ២៣ឆ្នាំ (ត្រូវនឹងការប្រកួតស៊ីហ្គេម នៅវៀតណាម) ចំនួន ២នាក់បានចូលប្រកួត។

កីឡាករក្មេងៗ (អាយុក្រោម ២០ឆ្នាំ) ទាំង ៤នាក់ដែលបានចូលប្រកួតរួមមាន សៀង ចន្ធា (៩០នាទី), វុធ តុលា (៤៥នាទី), ស រតនា (៣៧នាទី) និង លឹម ពិសុទ្ធ (២៧នាទី) ខណៈ កីឡាករអាយុក្រោម ២៣ឆ្នាំ ទាំង ២នាក់ ទេស សម្បត្តិ (៥៣នាទី) និង ម៉ាត់ ណូរុន (២៧នាទី)។

នៅក្រោយចប់ការប្រកួត លោក Ryu Hirose បានលើកឡើងដូច្នះថា៖ “ទោះយ៉ាងណាវាជាឱកាសដ៏ល្អដែលយើងដាក់កីឡាករក្មេងៗលេងកាលពីយប់មិញ អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះ ពួកគេបានបង្ហាញយើងនូវសមត្ថភាពដ៏ប៊ិនប្រសព្វលើសពិការរំពឹងទុករបស់យើង។”

  • ជំនួបជាមួយអ៊ីរ៉ាក់៖

ចូលមកដល់ជំនួបជាមួយអ៊ីរ៉ាក់វិញ ក៏មិនសូវខុសគ្នាពីជំនួបជាមួយបារ៉ែន នោះឡើយ ដោយកីឡាករវ័យក្មេងផាគច្រើននៅតែបន្តបានឱកាសបង្ហាញខ្លួន ខ្លះឈានទៅជាប់ជម្រើស ១១នាក់ដំបូងថែមទៀងផង ក្នុងនោះកីឡាករក្មេងៗ (អាយុក្រោម ២០ឆ្នាំ) ដល់ទៅ ៤នាក់បានចូលប្រកួត និងកីឡាករអាយុក្រោម ២៣ឆ្នាំ (ត្រូវនឹងការប្រកួតស៊ីហ្គេម នៅវៀតណាម) ចំនួន ២នាក់បានចូលប្រកួត។

កីឡាករក្មេងៗ (អាយុក្រោម ២០ឆ្នាំ) ទាំង ៤នាក់ដែលបានចូលប្រកួតរួមមាន លឹម ពិសុទ្ធ (៩០នាទី), សៀង ចន្ធា (៧៦នាទី), វុធ តុលា (២៨នាទី) និង ឡេង ណូរ៉ា (១៤នាទី) ខណៈ កីឡាករអាយុក្រោម ២៣ឆ្នាំ ទាំង ២នាក់ កែន ចាន់សុភ័ក្ត្រ (៤៥នាទី) និង ទេស សម្បត្តិ (២០នាទី)។

នៅក្រោយចប់ការប្រកួត លោក Ryu Hirose ក៏បានលើកឡើងស្រដៀងទៅនឹងការប្រកួតដំបូងផងដែរថា៖ “…លើសពីនេះទៅទៀត កីឡាករវ័យក្មេង ក៏ដូចជាកីឡាករដែលផ្លាស់ប្ដូរចូលនៅតង់ទី២ របស់យើង បានបង្ហាញទម្រង់លេងកម្រិតមួយដល់ពួកយើង ក្នុងស្ថានភាពការប្រកួតដ៏តឹងតែង។”

បញ្ជាក់ថា លោក Ryu Hirose បានសង្គត់ធ្ងន់តាំងពីមុនការប្រកួតចាប់ផ្ដើម ថាជម្រើសជាតិលើកនេះបានកោះហៅកីឡាករក្មេងៗមួយចំនួន គឺដើម្បីគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ខណៈក្នុងចំណោមកីឡាករទាំង ២៦រូប មាន ៦រូប ដែលអាចលេងស៊ីហ្គេម នៅឆ្នាំ២០២៣ បាន រួមមាន សៀង ចន្ធា, វុធ តុលា, លឹម ពិសុទ្ធ, ស រតនា, ញឹម លីហួរ និង ឡេង ណូរ៉ា។

រំឭកថា កម្ពុជា នៅសល់ការប្រកួតមួយប្រកួតទៀតមុនត្រលប់មកផ្ទះវិញ ពោលគឺត្រូវជួប អ៊ីរ៉ង់ នៅថ្ងៃទី១១ មិថុនា ស្អែកនេះ នាវេលាម៉ោង ៩:៣០នាទីយប់ ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់