គ្រូអ៊ីរ៉ាក់ ប្រាប់ពីមូលហេតុតង់ទី២ ក្រុមរបស់លោកលេងមិនបានល្អ

មាស សុផាណារ៉ុង June 8, 2021


 

បារ៉ែន៖ លោក Srečko Katanec គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ ក្រោយពីក្រុមរបស់ខ្លួនប្រកួតឈ្នះ ក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ៤ទល់១ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ប្រចាំពូល C បានបញ្ជាក់ពីមូលហេតុតង់ទី២ ក្រុមរបស់លោកមិនបានល្អ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Srečko Katanec បានលើកឡើងថា៖ “ជ័យជម្នះពិតជាសំខាន់សម្រាប់យើង។ យើងខកខានឱកាសជាច្រើនក្នុងតង់ទី១ ទោះបីរកបាន ៣គ្រាប់ក៏ ហើយនៅតង់ទី២ ចង្វាក់លេងកាន់តែថយចុះ នេះជារឿងធម្មតា ព្រោះយើងកំពុងលេងក្នុងស្ថានភាពលំបាកបំផុត។”

“អាកាសធាតុនៅទីនេះមិនធម្មតាទេ សំណើមខ្ពស់ណាស់ ហើយកីឡាករមានអារម្មណ៍ធុញទ្រាន់ ហើយនេះគឺជាអ្វីដែលបានកើតឡើងនៅវគ្គទីពីរ។” គ្រូបង្វឹកសញ្ជាតិស្លូវេនី រូបនេះបានបន្ថែម។

សូមរំលឹកជាថ្មីថា ការប្រកួតរវាង ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ជាមួយ ក្រុមជម្រើសជាតិកម្ពុជា ដែលធ្វើឡើងកាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ លើវាលស្មៅធម្មជាតិ នៃកីឡដ្ឋាន Al Muharraq Stadium បញ្ចប់ទៅដោយលទ្ធផល ៤ទល់១ ក្នុងនោះ អ៊ីរ៉ាក់ អាចរកគ្រាប់បាល់នាំមុខមុនត្រឹមតែ ១នាទី ដោយកីឡាករ Mohanad Ali និងបន្ទាប់មកដោយកីឡាករ Bashar Resan នៅនាទី២៣ និងគ្រាប់ទី៣ សម្រេចដោយកីឡាករ Ali Adnan តាមរយៈបាល់ពិន័យ​១១ម៉ែត្រ ខណៈនៅវគ្គទី២ កម្ពុជា បានសងវិញបាន ១គ្រាប់ដោយកីឡាករ សឿយ វិសាល និងគ្រាប់បាល់ចុងក្រោយនៅនាទី ៩០+៣ ដោយកីឡាករ​ Safa Hadi របស់អ៊ីរ៉ាក់៕

 

រូបភាព៖ Iraq Football Association

មតិយោបល់