អគ្គលេខាធិការក្លិបភ្នំពេញក្រោន ត្រៀមចូលរួមវគ្គសិក្សា “គ្រប់គ្រងបាល់ទាត់” កម្រិត UEFA

មាស សុផាណារ៉ុង June 7, 2021


 

ភ្នំពេញ៖ អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន លោក លី ហៀង កាលពីពេលថ្មីៗនេះ បាននឹងកំពុងត្រៀមចូលរួមវគ្គសិក្សា គ្រប់គ្រងបាល់ទាត់ (UEFA Certificate in Football Management) ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអ៊ឺរ៉ុប “UEFA” ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំនេះ។

តាមការបញ្ជាក់ដោយ លោក លី ហៀង ដដែលបានឲ្យដឹងថាវគ្គសិក្សានេះនឹងបែងចែកចេញជា ៣ វគ្គផ្សេងគ្នាក្នុងមួយវគ្គ មានរយៈពេល ២ថ្ងៃ ពោលគឺលើកទី១ នៅខែតុលា ឆ្នាំ២០២១, លើកទី២ នៅខែកុម្ភៈ ឆ្នាំ២០២២ និងលើកចុងក្រោយនៅខែមិថុនា ឆ្នាំ២០២២ ហើយមានអ្នកចូលរួមត្រឹមតែ ៣០នាក់ប៉ុណ្ណោះមកពីជុំវិញពិភពលោក។

វគ្គសិក្សា គ្រប់គ្រងបាល់ទាត់ (UEFA Certificate in Football Management) ផ្ដល់អត្ថប្រយោជន៍ដូចជា ទី១ ទាក់ទងជាមួយនឹងការរៀបចំរចនាសម្ព័ន្ធបាល់ទាត់កម្រិតអាជីពលើលោក។ ទី២ ទាក់ទងជាមួយយុទ្ធសាស្ត្រ និងការគ្រប់គ្រងនៅក្នុងបាល់ទាត់។ ទី៣ ទាក់ទងជាមួយការគ្រប់គ្រងផ្នែកប្រតិបត្តិការនៅក្នុងបាល់ទាត់ ។ ទី៤ ទាក់ទងទីផ្សារក្នុងវិស័យបាល់ទាត់។ ទី៥ ទាក់ទងទៅនឹង ការទំនាក់ទំនង រួមមានទាំងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង​សាធារណៈ និងទី៦ ទាក់ទងនឹងការគ្រប់គ្រងព្រឹត្តិការណ៍ និងអ្នកស្ម័គ្រចិត្ត, បាល់ទាត់នារី, ការអភិវឌ្ឍបាល់ទាត់, បាល់ទាត់ផ្សារភ្ជាប់ជាមួយនឹងការទទួលខុសត្រូវផ្នែកសង្គម និងច្បាប់បាល់ទាត់ ជាដើម។

អាចនិយាយបានថា នេះជាវគ្គសិក្សាគ្រប់គ្រងបាល់ទាត់ មួយដែលកម្រនឹងមានភាគីពាក់ព័ន្ធក្នុងក្លិបនៅលីគបាល់ទាត់កម្ពុជា ចូលរួមសិក្សា ដ្បិតកន្លងមកមានត្រឹមតែការសិក្សាកម្រិតទ្វីបអាស៊ី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ចូនមន្ត្រីរបស់ខ្លួនទៅសិក្សារយៈពេលខ្លី និងក្រោពីនេះគឺជាការសិក្សាយកអាជ្ញាប័ណ្ណគ្រូបង្វឹកជាដើម។

លោក លី ហៀង រំពឹងថាក្រោយបញ្ចប់ការសិក្សា នឹងទទួលបានចំនេះដឹងបន្ថែមទៀតនៅក្នុងពិភពបាល់ទាត់ ជាពិសេសពីទ្វីបអ៊ឺរ៉ុប ដើម្បីយកមកអភិវឌ្ឍន៍ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏ដូចជាបាល់ទាត់កម្ពុជា នាពេលអនាគតផងដែរ៕

មតិយោបល់