ពូល A ពាន League Cup វិសាខា ឈ្នះបឹងកេត ដោយស្វ័យប្រវត្តិ ខណៈ ភ្នំពេញក្រោន ត្រូវប៉ះ អាយអេសអាយ ដង្កោរសែនជ័យ

មាស សុផាណារ៉ុង June 5, 2021


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់ លីគខាប់ ២០២១ LEAGUE CUP 2021 By FORWARD ដែលនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី០៥ ខែមិថុនា នេះ ជាមួយនឹងការប្រកួត ២គូ សម្រាប់ពូល A វិសាខា បាន ៣ពិន្ទុដោយស្វ័យប្រវត្តិ ខណៈ ភ្នំពេញក្រោន ត្រូវប៉ះ អាយអេសអាយ ដង្កោរសែនជ័យ។

ពូល A នេះដើមឡើយ បឹងកេត ត្រូវជួប វិសាខា នៅវេលាម៉ោង ៣:៣០នាទីរសៀល នាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ប៉ុន្តែការប្រកួតត្រូវលុបចោល ដោយមូលហេតុរកឃើញនូវករណីសង្ស័យវិជ្ជមាន នៃជំងឺកូវីដ-១៩ លើមន្ត្រីរបស់ក្លិបបឹងកេត ១រូប ដែលយោងតាមលក្ខខណ្ឌមុនការប្រកួតក្រុមណាដែលមានកីឡាករ ឬមន្ត្រី មានវិជ្ជមានជំងឺកូវីដ-១៩ ក្រុមនោះនឹងត្រូវកំណត់ថាចាញ់។

ដូច្នេះសម្រាប់ជំនួប បឹងកេត ជាមួយ វិសាខា ដែលត្រូវលុបចោលនេះ នាំឲ្យវិសាខា ទទួលបាន ៣ពិន្ទុដោយស្វ័យប្រវត្តិ។

ដោយឡែកការប្រកួតរវាង ភ្នំពេញក្រោន ត្រូវប៉ះ អាយអេសអាយ ដង្កោរសែនជ័យ ត្រូវបន្តការប្រកួតជាធម្មតា បើទោះបីកីឡាករមួយរូបរបស់ក្លិបភ្នំពេញក្រោន ដែលមួយរយៈប៉ុន្មានសប្តាហ៍មុនគឺ របួសសម្រាកព្យាបាល និងមិនបានចូលរួមជាមួយក្លិបនោះឡើយកន្លងមក ហើយទើបថ្ងៃធ្វើតេស្តសត្រៀមមុនចូលរួមប្រកួតសម្រាប់ថ្ងៃនេះ ត្រូវបានរកឃើញករណីវិជ្ជមាន នៃជំងឺកូវីដ-១៩ ក៏ប៉ុន្តែកីឡាកររូបនេះមិនបានប៉ះពាល់ជាមួយមន្រ្តីក្លិប កីឡាករឡើយ។

គួរបញ្ជាក់ថា នេះគឺជាលើកដំដូងហើយដែលកម្ពុជា មានការប្រកួតពានរង្វាន់ផ្លូវការបែបខាប់ កម្រិតទី២ បែបនេះ បើទោះបីជាមើលទៅហាក់ដូចជាមិនសូវទូលំទូលាយសម្រាប់ក្រុមចូលរួម ត្បិតកន្លងមកមានតែការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មួយប៉ុណ្ណោះ៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

មតិយោបល់