ខ្លះៗដែលអ្នកគួរដឹងមុន ពានរង្វាន់ League Cup 2021 ចាប់ផ្ដើមស្អែកនេះ

មាស សុផាណារ៉ុង June 4, 2021


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់ លីគខាប់២០២១ LEAGUE CUP 2021 By FORWARD គ្រោងនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ស្អែកនេះ ដែលមានក្លិបលីគអាជីពចំនួន៨ ចូលរួមប្រកួតប្រជែង។

  • គោលបំណង៖

គោលបំណងនៃការបង្កើតពានរង្វាន់នេះឡើង គឺបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រមូលផ្តុំកីឡាករហ្វឹកហាត់ និងចេញទៅប្រទេសបារ៉ែន ដើម្បីចូលរួមការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ចំនួន ៣ប្រកួតនៅសេសសល់ ក៏ដូចជាជាទុកពេលវេលាដល់ក្លិបបាល់ទាត់បឹងកេត និងវិសាខា ដែលត្រូវតំណាងឲ្យជាតិទៅចូលរួមការប្រកួតពានរង្វាន់ AFC Cup វគ្គចែកពូល និងវគ្គ Playoff នាខែ មិថុនាខាងមុខផងដែរ។

ក្រៅពីនេះក៏ដើម្បីអភិវឌ្ឍសមត្ថភាពកីឡាករ និងរក្សាចង្វាក់លេងរបស់ក្លិបនីមួយឲ្យប្រសើរឡើង អំឡុងពេលសម្រាកលីគ។

  • សមាសភាពក្រុមចូលរួម៖

ពានរង្វាន់នេះ មាន ៨ក្រុមចូលរួម ដូចជា កងយោធពលខេមរភូមិន្ទ, វិសាខា, ព្រៃវែង, ភ្នំពេញក្រោន, បឹងកេត, ព្រះខ័នរាជស្វាយរៀង, ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមកពីលីគទី២ អាយអេសអាយ ដង្កោរសែនជ័យ ហើយជាលទ្ធផលនៃការចាប់ពូលមានដូចខាងក្រោម៖

  • រូបមន្តប្រកួត៖ 

ការប្រកួតដែលនឹងបែងចែកចេញជា ២ពូល ក្នុង ១ពូលមាន ៤ក្រុមនេះ នឹងធ្វើការប្រកួតប៉ះគ្នាវិលជុំក្នុងពូល (ក្រុមខ្លះធ្វើម្ចាស់ផ្ទះ បាន ២ដង ក្រុមខ្លះបានម្ដង) ហើយក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗនឹងបានកៅអីឡើងវគ្គចាញ់ធ្លាក់ ពោលគឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់មកវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមជើងឯក។

  • រយៈពេលប្រកួត៖

ពានរង្វាន់នេះនឹងប្រើរយៈពេលពេលប្រកួតប្រមាណជិត ១ខែ ពោលគឺចាប់ផ្ដើមពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។

ការប្រកួតធ្វើឡើងនៅរៀងរាល់ចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ លើកលែងតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រធ្វើឡើងចំថ្ងៃពុធ ដើម្បីបន្តរកក្រុមទៅប្រកួតវកគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ដូចមានក្នុងកម្មវិធីប្រកួតខាងក្រោម៖

  • កីឡាករតាមក្រុមនីមួយៗ និងលក្ខខណ្ឌមួយចំនួនក្នុងការប្រកួត៖

ពានរង្វាន់នេះកំណត់ឲ្យកីឡាករចាប់ពីអាយុ ១៦ឆ្នាំឡើងទៅចូលរួមប្រកួត (អាចចូលរួមប្រកួតបានទាំងកីឡាករខ្មែរ និងបរទេស)។

កីឡាករអាចប្ដូរបានចំនួន ៥នាក់ ប៉ុន្តែបានតែ ៣ដងប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលការប្ដូរពេលសម្រាកចន្លោះវគ្គទី១។

  • ដៃគូផ្សព្វផ្សាយ៖

ស្ថាប័ន្ធ ៣ រួមមាន ទូរទស្សន៍ ១ និងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ២ នឹងទទួលសិទ្ធផ្សាយនៅក្នុងពានរង្វាន់នេះ រួមមាន ទូរទស្សន៍ BTV News Cambodia, ហ្វេសប៊ុក AMS Sports ជាមួយ Troryorng – ត្រយង។

កម្មវិធីប្រកួតសប្ដាហ៍នេះ៖

គួរបញ្ជាក់ថា នេះគឺជាលើកដំដូងហើយដែលកម្ពុជា មានការប្រកួតពានរង្វាន់ផ្លូវការបែបខាប់ កម្រិតទី២ បែបនេះ បើទោះបីជាមើលទៅហាក់ដូចជាមិនសូវទូលំទូលាយសម្រាប់ក្រុមចូលរួម ត្បិតកន្លងមកមានតែការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មួយប៉ុណ្ណោះ៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

មតិយោបល់