គ្រូបារ៉ែន ក្រោយឈ្នះកម្ពុជា ៨-០៖ “គ្រាប់បាល់ដើមតង់ បានជម្រុញទឹកចិត្តកីឡាករយើងច្រើនណាស់…”

មាស សុផាណារ៉ុង June 4, 2021


 

ភ្នំពេញ៖ លោក Hélio Sousa គ្រូបង្វឹកនៃក្រុមជម្រើសជាតិបារ៉ែន ក្រោយពីបាននាំក្រុមប្រកួតឈ្នះ ក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ៨ទល់០ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ប្រចាំពូល C បានបញ្ជាក់ថា “គ្រាប់បាល់ដើមតង់ បានជម្រុញទឹកចិត្តកីឡាករយើងច្រើនណាស់…។”

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Hélio Sousa បានលើកឡើងថា៖ “គ្រាប់បាល់ដើមវគ្គ បានជម្រុញទឹកចិត្តកីឡាករយើងច្រើនណាស់ ជាពិសេសនៅពេលដែលរកគ្រាប់បាល់ទី២ បាននៅចុងវគ្គ ដែលជាកត្តាបង្កើនថាមពល ក្នុងបេសកកម្មសម្រាប់ក្រុមរបស់យើង និងរកបាន ៦គ្រាប់ទៀត នៅវគ្គទី២។”

“ក្រុមរបស់យើងរៀបចំបានយ៉ាងល្អ អំឡុងពេលកន្លងមក ជាមួយនឹងការប្រកួតមិត្តភាព និងការប្រមូលផ្ដុំហ្វឹកហាត់ជាច្រើន ហើយវាបង្ហាញថាកីឡាករបានផ្ដល់ឲ្យមកវិញនូវកម្រិតដ៏អស្ចារ្យពេលប្រកួតជាមួយកម្ពុជា នេះ។ យើងសង្ឃឹមថាក្រុមរបស់យើងនៅតែបន្តលេងបានបែបនេះ សម្រាប់ប្រកួតបន្តបន្ទាប់ទៀត។” គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ រូបនេះបានបន្ថែម។

សូមរំលឹកជាថ្មីថា ការប្រកួតរវាង ក្រុមជម្រើសជាតិបារ៉ែន ជាមួយ ក្រុមជម្រើសជាតិកម្ពុជា ដែលធ្វើឡើងកាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ លើវាលស្មៅធម្មជាតិ នៃពហុកីឡដ្ឋានជាតិបារ៉ែន (Bahrain National Stadium) បញ្ចប់ទៅដោយលទ្ធផល ៨ទល់០ ក្នុងនោះម្ចាស់ បារ៉ែន អាចរកគ្រាប់បាល់នាំមុខមុនត្រឹមតែ ៨នាទី ដោយកីឡាករ Kamil al-Aswad និងគ្រាប់បាល់ចុងម៉ោងដោយកីឡាករ Al-Rmonaihi នៅនាទី៤៥+២ ខណៈនៅវគ្គទី២ គ្រាប់បាល់ទាំង ៦គ្រាប់របស់បារ៉ែន រកបានដោយកីឡាករ Ali Madan ២គ្រាប់នៅនាទី៤៦ និង៦៥ Abdul-Latif ២គ្រាប់នាទៅនាទី៧៥ និង៩០+២ រួមជាមួយកីឡាករ Al Shaikh នោនាទី៥១ ជាមួយ Kamil al-Aswad រកគ្រាប់ទី២ ​របស់ខ្លួនក្នុងការប្រកួតនៅនាទី៧១៕

 

រូបភាព៖ Bahrain Football Association

មតិយោបល់