ឃើញរាមច្បងស្ទើរតែបានឡើងទៅ World Cup ២ដង កីឡាករបារ៉ែនម្នាក់ ដាក់គោលដៅសម្រេចបំំណងអ្នកជំនាន់មុន

មាស សុផាណារ៉ុង June 3, 2021


 

បារ៉ែន៖ ក្រុមជម្រើសជាតិបារ៉ែន ស្ទើរតែបានឈានដល់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup) ចំនួន ២ដង បន្ទាប់ពីឡើងដល់វគ្គជម្រុះអន្តរទ្វីប (intercontinental playoffs) ក្នុងវគ្គជម្រុះ ឆ្នាំ២០០៦ សម្រាប់ World Cup នៅអាល្លឺម៉ង់ និងនៅឆ្នាំ២០១០ សម្រាប់ World Cup នៅអាហ្វ្រិកខាងត្បូង ដោយចាញ់ក្រុម ទ្រីនីដាដ តូបាហ្គោ និងនូវែលសេឡង់។

ជំនាន់ដែលមានការប្រកួតក្នុងវគ្គជម្រុះទាំងពីរនោះ គឺជាជំនាន់មាសមួយសម្រាប់ប្រទេសដែលមានកីឡាករល្បីៗ ដូចជា Alaa Hubail, Ali Husein Baba និង Mohamed Salmeen ជួយជ្រោមជ្រែងក្រុម។ ខណៈសព្វថ្ងៃនេះ ជាងមួយទសវត្សនៃការខិតខំប្រឹងប្រែងរបស់គេ ពន្លកថ្មីរបស់ក្រុមមួយនេះកំពុងជម្រុញចិត្តចង់បានឡើងជុំផ្តាច់ព្រ័ត្រ (វគ្គ ៣២ ក្រុមចុងក្រោយ) ពានរង្វាន់បាល់ទាត់ពិភពលោក ឲ្យខានតែបាន។

បារ៉ែន បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល C នៃការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី សម្រាប់ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 និង AFC Asian Cup China 2023 ដោយបានប្រកួតឈ្នះ ២លើក និងស្មើ ៣លើក ក្នុងចំណោមការប្រកួត ៥លើករបស់គេ ហើយនៅសល់ ៣ប្រកួតទៀត ក្នុងការប្រជែងដើម្បីឈានទៅជុំទី៣។

គ្រូបង្វឹកជនជាតិព័រទុយហ្កាល់ លោក Helio Sousa កំពុងតែជម្រុញដល់កីឡាករដែលបានឈ្នះជើងឯកបាល់ទាត់អាស៊ីខាងលិច (West Asian Football Federation Championship) និងពានរង្វាន់ Gulf Cup កាលពីឆ្នាំ២០១៩ ដើម្បីចង់នាំប្រទេសបារ៉ែន ទៅប្រកួតជុំផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ ក្នុងចំណោមកីឡាករជាច្រើន ខ្សែបម្រើប្រយុទ្ធជើងចាស់ Abdulwahab Al Malood កំពុងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ជម្រុះ World Cup នេះជាលើកទី៣ ជាប់ៗគ្នា។

ផ្ដល់បទសម្ភាសន៍ជាមួយ FIFA.com គេបានប្រៀបធៀបការវិវឌ្ឍន៍នាពេលច្ចុប្បន្ន ជាមួយនឹងការព្យាយាម ២លើកមុនៗ ជាមួយបារ៉ែន។

Al Malood បាននិយាយថា៖ “យើងបានរៀបចំយ៉ាងល្អសម្រាប់វគ្គជម្រុះ ហើយយើងក៏មានការលើកទឹកចិត្តផងដែរជាមួយនឹងគ្រូបង្វឹកថ្មីដែលមានបទពិសោធន៍ និងឆ្លាតវៃ។ យើងក៏មានមហិច្ឆិតាជាច្រើនផងដែរ បន្ទាប់ពីបានឈ្នះពានរង្វាន់ WAFF Championship និង Gulf Cup។ ក្នុងការប្រកួតជម្រុះមុនៗ យើងខ្វះបទពិសោធ ពេលដែលយើងត្រូវប្រកួតជាមួយក្រុមធំៗ។”

បារ៉ែន នឹងជួប កម្ពុជា នៅក្នុងការប្រកួតបន្ទាប់របស់ពួកគេក្នុងពូល C នៅថ្ងៃព្រហស្បតិ៍។ ៤ថ្ងៃក្រោយមកពួកគេជួបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ មុនពេលលេងជាមួយហុងកុង នៅក្នុងការប្រកួតចុងក្រោយនាថ្ងៃទី១៥ ខែមិថុនា។

ជំនួបនៅថ្ងៃចន្ទសប្តាហ៍ក្រោយជាមួយអ៊ីរ៉ង់ នឹងក្លាយជាការប្រកួតដ៏ពិសេសមួយសម្រាប់ Al Malood ដែលរូបគេធ្លាប់បានបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតជម្រុះ FIFA World Cup ជាមួយគូប្រជែងដូចគ្នានេះ កាលពីឆ្នាំ២០១១។ ការប្រកួតនោះដែលជាផ្នែកមួយនៃការដណ្ដើមកៅអីទៅប្រេស៊ីល World Cup ឆ្នាំ២០១៤ ហើយបានបញ្ចប់ទៅក្នុងលទ្ធផលស្មើ ១-១។

រំលឹកពីការប្រកួតនោះ និងការយកឈ្នះ អ៊ីរ៉ង់ ១-០ ក្នុងជំនួបប្រកួតទី៤ ប្រចាំពូល C,  Al Malood បាននិយាយថា៖ “ខ្ញុំចាំបានថាអ្នកគាំទ្រមានចំណែកដ៏ធំមួយក្នុងការលេងនៅឆ្នាំ២០១១ ប៉ុន្តែអ៊ីរ៉ង់បានតាមស្មើបានវិញ។ នៅក្នុងការប្រកួតចុងក្រោយរវាងក្រុមទាំងពីរ យើងបានប្រឹងប្រែងរក្សាការនាំមុខ ១គ្រាប់របស់យើងរហូតដល់ចប់ ដោយអរគុណចំពោះការគាំទ្ររបស់ទស្សនិកជន និងបទពិសោធន៍របស់កីឡាករ។ ឥឡូវនេះយើងកំពុងចាប់ផ្តើមប្រកួត និងឈ្នះការប្រកួតទាំង ៣លើកខាងមុខទៀតរបស់យើង។ ពួកគេសំខាន់ណាស់សម្រាប់យើង ហើយយើងចង់ផ្តួលអ៊ីរ៉ង់ម្តងទៀត។”

Al Malood ក៏សង្ឃឹមថានឹងអាចរកគ្រាប់បាល់បាននៅក្នុងការប្រកួតទាំង៣ នេះផងដែរ ដូចជាគេធ្លាប់បានធ្វើជាមួយហ្វីលីពីន និងយេម៉ែន ក្នុងវគ្គជម្រុះសម្រាប់ឡើងទៅប្រកួតនៅរុស្ស៊ី កាលពីឆ្នាំ ២០១៨ ទោះបីជាវាមិនមែនជាគោលបំណងសំខាន់របស់គេក៏ដោយ ដោយគេបានពន្យល់ថា៖ “ខ្ញុំចង់រកគ្រាប់បាល់រាល់ការប្រកួតដែលខ្ញុំបានលេង ប៉ុន្តែអ្វីដែលធំបំផុតសម្រាប់ខ្ញុំគឺជួយក្រុមឱ្យឈ្នះ និងចូលរួមចំណែក មិនថាតាមរយៈការទាត់បាល់បញ្ចូលទី ឬក៏បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី (assist) នោះទេ។”

Al Malood បាននិយាយថាគ្រូបង្វឹក Sousa ដែលបានចូលមកដឹកនាំនៅខែមីនា ឆ្នាំ២០១៩ សមនឹងទទួលបានការកោតសរសើរចំពោះការបំពេញនូវចំណុចទាំងនោះនៅក្នុងក្រុម និងសម្រាប់ការងាររបស់គាត់រហូតមកដល់ពេលនេះ។

Al Malood បាននិយាយថា៖ “គ្រូបង្វឹកបានផ្តល់តួនាទីជាក់លាក់ដល់កីឡាករនៅលើទីលាន។ អ្វីដែលសំខាន់បំផុតនោះគឺថា គាត់មានជំនឿចិត្តលើកីឡាករ ដែលអនុញ្ញាតឱ្យយើងធ្វើបានល្អបំផុតនៅលើទីលាន។ Sousa មានមហិច្ឆិតាជាច្រើន ហើយវាបានជះឥទ្ធិពលមកលើយើង។”

គោលបំណងដំបូងរបស់ លោក Sousa និងកីឡាកររបស់លោក គឺឈានដល់ជុំទី៣ នៃវគ្គជម្រុះអាស៊ី និងឈានមួយជំហានទៀតខ្ពស់ជាងជំនាន់ដែលឈានដល់វគ្គជម្រុះអន្តរទ្វីប ពីរលើកចាប់ៗគ្នា នោះគឺការប្រជែងកៅអីរបស់ពួកគេ ដើម្បីឡើងទៅប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក នៅប្រទេសកាតា នាឆ្នាំ២០២២ បារ៉ែនសង្ឃឹមថា វានឹងអាចក្លាយជាសំណាងលើកទីបី។

“យើងចង់បញ្ចប់ការងារដែលបានចាប់ផ្តើមដោយរាមច្បងរបស់យើងមុនៗ ហើយជួយលើកទង់ជាតិនៃប្រទេសបារ៉ែនឲ្យកាន់តែខ្ពស់។ ប្រសិនបើយើងទាំងអស់គ្នារួមគ្នា យើងអាចបំពេញក្តីសុបិន្តរបស់យើងក្នុងការឈានទៅប្រកួតបាល់ទាត់ពិភពលោក។”

 

ប្រភព៖ the-afc.com

មតិយោបល់