ប្រធានបាល់ទាត់អាស៊ាន បញ្ជាក់ជំហរ AFF Suzuki Cup នៅតែប្រកួតរូបមន្តក្នុងដី និងក្រៅដី

មាស សុផាណារ៉ុង June 2, 2021


 

អាស៊ាន៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (The ASEAN Football Federation – AFF) បានបញ្ជាក់ឲ្យដឹងថា ការចាប់ពូលជាផ្លូវការសម្រាប់ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2020) នឹងធ្វើឡើងនៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ខាងមុខ។

កាលពីចុងឆ្នាំមុន AFF បានប្រកាសថាព្រឹត្តិការណ៍ AFF Suzuki Cup 2020 នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីការពន្យាពេលនៃការប្រកួតដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

យ៉ាងណាមិញ ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានបញ្ជាក់ជំហរថាការប្រកួត AFF Suzuki Cup នៅតែធ្វើការប្រកួតក្នុង និងក្រៅដី ដដែលដោយគ្មានការសម្រួលឡើយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីរីករាយសូមប្រកាសកាលបរិច្ឆេទចាប់ឆ្នោតបែងចែកជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំនេះ។ ខណៈដែលគោលបំណងរបស់ AFF គឺដើម្បីរៀបចំការប្រកួតតាមទំរង់ និងកាលវិភាគពេញលេញដដែល រួមទាំងការប្រកួតក្នុងដី និងក្រៅដី នៅគ្រប់វគ្គ។ យើងក៏ទទួលស្គាល់ផងដែរនូវភាពចាំបាច់ដើម្បីស្វែងយល់ និងត្រៀមសំរាប់ផលប៉ះពាល់នៃរោគរាតត្បាតកូវីដ-១៩ រួមទាំងទម្រង់ប្រកួតដែលអាចមានដូចជា ការប្រើប្រាស់ទីតាំងប្រកួតនៅលើទឹកដីកណ្តាលណាមួយ។”

“សុខភាព និងសុវត្ថិភាពរបស់ភាគីពាក់ព័ន្ធនឹងនៅតែបន្តជាអាទិភាពធំបំផុតសម្រាប់យើង នៅពេលយើងពិចារណាលើជំរើសផ្សេងៗសំរាប់ការប្រកួត។ សេចក្តីប្រកាសបន្ថែមទៀតអំពីព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅក្នុងខែកក្កដា។” ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រូបនេះបានបន្ថែម។

គួររំឮកថាថ្មីៗកន្លងទៅនេះ សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ គ្រោងនឹងធ្វើការប្រកួតពានរង្វាន់ដដែលនេះឡើងវិញនៅខែមេសា ដល់ខែឧសភា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានសម្រេចកែប្រែកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ទៅប្រកួតចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វិញបើគ្មានអ្វីប្រែប្រួល។

គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup គឺជាការប្រកួតកីឡាបាល់ទាត់ធំជាងគេ និងមានកិត្យានុភាពបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយគម្រោងដើមសម្រាប់ការប្រកួតនៅឆ្នាំ២០២០​ គឺគ្រោងធ្វើនៅចន្លោះពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមរូបបមន្តប្រកួត ២ដងក្រៅដី និង ២ដងក្នុងដី ប៉ុន្តែត្រូវបានរារាំងដោយសារជំងឺកូវីដ-១៩៕

 

ប្រភព៖ aseanfootball.org

មតិយោបល់