កីឡាករទាំង៥ ដែល AFC ជ្រើសរើសជាកីឡាករគួរតាមដានក្នុងពូល C នៃវគ្គជម្រុះ World Cup

មាស សុផាណារ៉ុង June 2, 2021


 

អាស៊ី៖ បន្ទាប់ពីអសកម្មអស់រយៈពេលជាង ១៨ខែ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក កាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022™) និងពានជើងឯកទ្វីបអាស៊ី ចិន ២០២៣ (AFC Asian Cup) បានត្រឡប់មកវិញ។

ពូល C ស្ថិតក្នុងចំណោមពូលដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងការប្រកួតនេះ ដោយ អ៊ីរ៉ាក់ កំពុងនាំមុខ បារ៉ែន និងក្រុមធ្លាប់បង្ហាញខ្លួនក្នុង World Cup ៥ដង សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ កំពុងឈរនៅលេខ៣ ជាមួយនឹងការប្រកួតដ៏សំខាន់មួយក្នុងដៃ ហើយថែមទាំងមាន ហុងកុង ជាមួយ កម្ពុជា រួមពូលផងដែរ។

ជាមួយគ្នាផងដែរ នៅលើគេហទំព័រ AFC.com បានធ្វើការបរិយាយសង្ខេបខ្លះៗអំពីពូលនេះជុំវិញស្ថានភាពក្រុមទាំង៥ ក្នុងការត្រៀមខ្លួន និងថែមទាំងរើសកីឡាករសំខាន់ម្នាក់ ដើម្បីជាការតាមដានពីក្រុមនីមួយៗផងដែរ។

  • ទីកន្លែងប្រកួត

សាងសង់ក្នុងឆ្នាំ១៩៨២ ពហុកីឡដ្ឋានជាតិបារ៉ែន (Bahrain National Stadium) មានទីតាំងនៅទីក្រុង Riffa ដែលជាចំនុចប្រសព្វសម្រាប់ភាពដ៏ល្បីក្នុងប្រវត្តិសាស្ត្របាល់ទាត់បារ៉ែន។

កីឡដ្ឋានដែលអាចផ្ទុកទស្សនិកជន ៣ម៉ឺននាក់នេះ នឹងបម្រើដល់ការប្រកួតរបស់បារ៉ែន ទល់នឹង កម្ពុជា, អ៊ីរ៉ង់ និងហុងកុង ហើយវាធ្លាប់ជាទីតាំងដ៏សំខាន់សម្រាប់ការប្រកួតក្នុងតំបន់ និងទ្វីបជាច្រើនផងដែរ។

កីឡដ្ឋាន Bahrain National Stadium គឺជាកន្លែងដ៏សំខាន់ក្នុងកំឡុងពេលដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះនៃការប្រកួត​ Gulf Cup ៣លើក ក្នុងឆ្នាំ១៩៨៦, ១៩៩៨ និងឆ្នាំ២០១៣ និងត្រូវបានប្រើប្រាស់នៅក្នុងការប្រកួត ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ជាច្រើន ហើយថ្មីៗនេះ គឺរៀបចំជាម្ចាស់ផ្ទះនៃការប្រកួតជុំផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC U19 Championship កាលពីឆ្នាំ២០១៦។

កីឡដ្ឋាន ២ផ្សេងទៀតនឹងត្រូវប្រើប្រាស់ ក្នុងវគ្គជម្រុះនេះផងដែរ ដោយការប្រកួតនឹងត្រូវធ្វើឡើងនៅ កីឡដ្ឋាន Al Muharraq ក្នុងទីក្រុង Arad និងនៅ Khalifa Sports City Stadium ក្នុងតំបន់ Isa។

កីឡដ្ឋាន Al Muharraq ដែលផ្ទុកអ្នកគាំទ្រ អតិបរមា ១០,០០០នាក់ នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅពេលដែលអ៊ីរ៉ង់ ប៉ះ ហុងកុង ហើយនៅពេលអ៊ីរ៉ាក់ ជួប កម្ពុជា ក៏ដូចជាពេល អ៊ីរ៉ាក់ ជួបជាមួយ ហុងកុង។

ដោយឡែកកីឡដ្ឋាន Khalifa Sports City ដែលមានសមត្ថភាពផ្ទុកទស្សនិកជន ចំនួន ១៥,០០០នាក់ ដែលជាទីតាំងមួយផងដែរនៅពេលព្រឹត្តិការណ៍ AFC U19 Championship ត្រូវបានលេងនៅប្រទេសបារ៉ែន កាលពីឆ្នាំ២០១៦ នឹងមានការប្រកួតចំនួន ២ប្រកួតពោលគឺពេល អ៊ីរ៉ង់ ជួប អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ជួបជាមួយកម្ពុជា។

  • ស្ថានភាពនៅក្នុងពូល

ពូល C បានត្រៀមលក្ខណៈរួចជាស្រេចក្នុងដំណាក់កាលចុងក្រោយនៃវគ្គជម្រុះនេះ ដោយក្រុមអ៊ីរ៉ាក់ របស់លោក Srecko Katanec កំពុងនាំមុខ បន្ទាប់ពីការប្រកួត ៥លើកដំបូងរបស់ពួកគេ ជាមួយនឹងកំណត់ត្រាមិនស្គាល់ពាក្យថាចាញ់ ដែលនឹងធ្វើឱ្យពួកគេក្លាយជាបេក្ខភាពមួយដែលអាចឡើងជុំបន្តផងដែរ។

ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដែលកំពុងស្វែងរកឱកាសសម្រាប់ការប្រកួត ជុំផ្តាច់ព្រ័ត្រ FIFA World Cup ជាលើកដំបូង ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេក្នុងឆ្នាំ១៩៨៦ បានខាតពិន្ទុតែពីរដងគត់ នៅក្នុងជុំទី២ ជាមួយនឹងការស្មើជាមួយបារ៉ែន ទាំងពីរលើក។

នោះរាប់បញ្ចូលទាំងជ័យជម្នះ ២-១ លើគូប្រជែងដ៏ខ្លាំង អ៊ីរ៉ង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុង Amman ដោយកីឡាករ Alaa Abbas រកគ្រាប់បាល់ជ័យជម្នះចុងម៉ោង និងនាំឲ្យក្រុមអ៊ីរ៉ាក់ឈរយ៉ាងរឹងមាំ នៅកំពូលតារាង ដោយមាន ១១ពិន្ទុ ពីការប្រកួត ៥លើក។

ទោះយ៉ាងណា នោះមិនមានន័យថា លោក Katanec និងក្រុមរបស់លោកនឹងអាចសម្រាកបាននោះទេ។ ២ពិន្ទុនៅពីក្រោយ សម្រាប់ចំណាត់ថ្នាក់លេខ២ គឺក្រុមម្ចាស់ផ្ទះបារ៉ែន ដែលមិនទាន់ចាញ់ក្នុងវគ្គជម្រុះ បច្ចុប្បន្នដែលបានឈ្នះ ២លើក លើក្រុមជម្រើសជាតិកម្ពុជា និងអ៊ីរ៉ង់ និងស្មើ ចំនួន ៣លើក។

គុណសម្បត្តិនៃការលេងនៅក្នុងទឹកដីរបស់ខ្លួន នឹងមិនមានអ្វីជាការព្រួយបារម្ភពេកទេ សម្រាប់ក្រុមរបស់ លោក Helio Sousa ដូចដែលពួកគេកំពុងស្វែងរកឱកាសឈានទៅវគ្គបន្ត នៃវគ្គជម្រុះដោយមានគោលបំណងដើម្បីឈានទៅប្រកួតជុំផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេថែមទៀតផង។

ក្រុមអ៊ីរ៉ង់ ដែលមិនជារឿងថ្មីចំពោះពួកគេ ក្នុងព្រឹត្តិការណ៍ FIFA World Cup ដ្បិតមានសមត្ថភាពបង្ហាញខ្លួនចំនួន ៥លើក ក្នុងនោះរាប់បញ្ចូលទាំង World Cup កាលពីថ្មីៗ ចំនួន ២លើកចុងក្រោយ គេកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ដោយនៅតែមានសង្ឃឹមនៅឡើយ។

លោក Dragan Skocic បានជំនួស លោក Marc Wilmots ហើយជាមួយនឹងការប្រកួតមួយប្រកួតនៅក្នុងដៃនោះ នៅតែជាក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការប្រជែងជាក្រុមកំពូលតារាង ឬយ៉ាងហោចណាស់ ទទួលបានចំណាត់ថ្នាក់លេខ២ ល្អ (best runners-up)។

កំពុងមាន ៦ពិន្ទុ ពីការប្រកួតចំនួន ៤ប្រកួត អ៊ីរ៉ង់ឈ្នះ ២ដង និងចាញ់ ២ដង ហើយសង្ឃឹមថានឹងមានការចាប់ផ្តើមខ្លាំងនៅពេលដែលពួកគេប៉ះ ហុងកុង ក្នុងការប្រកួតបើកឆាក នៅថ្ងៃទី០៣ ខែមិថុនាដើម្បីផ្តល់នូវទំនុកចិត្តដល់ពួកគេនូវ ក្នុងការបន្តប្រយុទ្ធក្នុងពូលនេះ។

សម្រាប់ ហុងកុង មានតែក្រុមរបស់ លោក Skocic ប៉ុណ្ណោះ ដែលពួកគេធ្វើបានយ៉ាងល្អ ទល់នឹងអ៊ីរ៉ង់ នៅពេលពួកគេបានជួបគ្នាកាលពីជើងមុន ក្នុងការប្រកួតនៅឯកីឡដ្ឋានហុងកុង។ ទោះយ៉ាងណាក្រុមរបស់ លោក Mixu Paatelainen នឹងក្លាយជាក្រុមដែលមិនអាចប្រជែងចំណាត់ថ្នាក់កំពូលទាំងពីរ បើទោះបីជាគិតតាមបែបគណិតវិទ្យា គេនៅតែអាចមានឱកាសក៏ដោយ។

ក្រុមមួយដែលមិនមានឱកាសសោះសម្រាប់ជុំបន្ទាប់នៃព្រឹត្តិការណ៍ FIFA World Cup គឺកម្ពុជា ដែលរកបានតែ ១ពិន្ទុ នៅថ្ងៃបើកឆាកជាមួយនឹងលទ្ធផលស្មើ ១-១ ទល់នឹងហុងកុង។ ទោះបីយ៉ាងនេះក្តី ការបើបង្ហាញទម្រង់បានល្អនៅបារ៉ែន អាចជួយក្នុងការស្វះស្វែងឱកាសដើម្បីចៀសផុតពីការលេងវគ្គជម្រុះ នៅជុំ៣ នៃវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ជើងែកទ្វីបអាស៊ី (AFC Asian Cup) ឆ្នាំ២០២៣។

  • តួអង្គសំខាន់៖

Mohanad Ali – របស់អ៊ីរ៉ាក់

កីឡាករវ័យក្មេង Mohanad Ali បានប្រែក្លាយខ្លួនទៅជាកីឡាករឆ្នើម និងលេចធ្លោជាងគេនៅអាស៊ីខាងលិច ហើយការបញ្ចប់ទីរបស់គេ បានធ្វើឱ្យគេ ក្លាយជាកីឡាករគួរឱ្យគាត់កត់សម្គាល់នៅក្នុងវគ្គជម្រុះនេះ ខណៈដែលរូបគេបានបន្តព្យាយាមដើម្បីធ្វើឱ្យបានល្អ ដូចនឹងវីរៈបុរសអ៊ីរ៉ាក់ Younis Mahmoud។

កីឡាករវ័យ ២០ឆ្នាំរូបនេះ ដែលនឹងមានអាយុ ២១ឆ្នាំ ៥ថ្ងៃ បន្ទាប់ពីការបញ្ចប់វគ្គជម្រុះជុំទី២ នាពេលខាងមុខ គេបានរកគ្រាប់បាល់បញ្ចូលទី ៤គ្រាប់ទៅហើយក្នុងចំណោមការប្រកួតជម្រុះទាំង ៥ប្រកួត តំណាងឲ្យប្រទេសរបស់គេ។

Abdulla Yusuf Helal – របស់បារ៉ែន

Abdulla Yusuf Helal ដែលស្ងាត់ស្ងៀម ប៉ុន្តែមានប្រសិទ្ធិភាពក្នុងការធ្វើឲ្យខ្លួនគេក្លាយទៅជាកីឡាករឈានមុខគេមួយសម្រាប់ក្រុមបារ៉ែន ខណៈដែលរូបគេបានប្រកបអាជីពនៅអឺរ៉ុបជាបណ្តើរ ៗហើយ ហើយគេក៏ជាតួសំខាន់ដែលជួយដល់ក្រុមជម្រើសជាតិផងដែរ។

ខ្សែប្រយុទ្ធដែលមានកម្ពស់ ១,៩៧ម៉ែត្រ បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបារ៉ែនដំបូងគេ ដែលលេងនៅអឺរ៉ុប នៅពេលដែលរូបគេបានចុះកុងត្រាជាមួយ ក្លិប Bohemians 1905 នៅលីគកំពូលឆែក ក្នុងឆ្នាំ២០១៨ ហើយចាប់តាំងពីពេលនោះមករូបគេបានបន្តបង្ហាញខ្លួនអោយ ក្លិប Slovan Liberec និងអាចរកគ្រាប់បាល់បញ្ចូលទី ក្នុងពានរង្វាន់ UEFA Europa League ទល់នឹងក្រុមរបស់បែលហ្ស៊ិក Gent កាលពីខែតុលា ថែមទៀតផង។

Mehdi Taremi – របស់អ៊ីរ៉ង់

Mehdi Taremi គឺជាកីឡាករដ៏ឆ្នើមមួយសម្រាប់បាល់ទាត់អ៊ីរ៉ង់ នៅរដូវកាលនេះ ជាមួយទម្រង់លេងរបស់ ​Mehdi សម្រាប់ ក្លិប Porto ទាំងនៅលីគព័រទុយហ្កាល់ និងក្នុងពានរង្វាន់ UEFA Champions League បានធ្វើឱ្យកេរ្ត៍ឈ្មោះរបស់គេឈានដល់កម្រិតមួយផ្សេងទៀត។

ភាពលឿន បូករួមជាមួយភាពរហ័សរហួន អតីតខ្សែប្រយុទ្ធរបស់ ក្លិប Persepolis អាចលេងបានទាំងតំបន់កណ្ដាល ឬអាចលេងទាំងនៅតំបន់ស្លាបសងខាង ក្នុងការគាំទ្រដល់ កីឡាករ Sardar Azmoun ដែលលេងនៅក្នុងតំបន់ប្រយុទ្ធជួរមុខសម្រាប់អ៊ីរ៉ង់។

Yapp Hung Fai – របស់ហុងកុង

នាមជាកីឡាករ ដែលបង្ហាញខ្លួនច្រើនជាងគេបំផុតនៅក្នុងក្រុមជម្រើសកោះហុងកុង Yapp Hung Fai គឺជាកីឡាករដែលត្រូវបានស្គាល់ជាយូរមកហើយ ចាប់តាំងពីបានបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ២០១០ នៅពេលគេទើបមានអាយុ ១៩ឆ្នាំ។

នោពេលបន្ទាប់មក គេកាន់តែមានឈ្មោះល្បីរន្ទឺរជាមួយក្រុម U23 ដោយបានបំពេញតួនាទីយ៉ាងល្អ នៅពេលដែលបានជួយហុងកុង ផ្តួលជប៉ុន ដើម្បីឈ្នះមេដាយមាស ក្នុងវគ្គ ១១ម៉ែត្រកាត់សេចក្ដី នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាអាស៊ីបូព៌ា (East Asian Games)។

កែវ សុខផេង – របស់កម្ពុជា

ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះបានធ្វើឲ្យមានការកត់សម្គាល់រួចទៅហើយនៅក្នុងការប្រកួតជម្រុះ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup Qatar ២០២២ នៅពេលដែលរូបគេបានក្លាយជាកីឡាកររកបានគ្រាប់បាល់បានដំបូងគេឲ្យក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ដដែលនេះ ខណៈគ្រាប់បាល់នៅក្នុងពូល C នេះរកបាននៅពេលតាមស្មើ ១-១ ជាមួយហុងកុង នៅថ្ងៃប្រកួតដំបូង។

ជាធម្មតាលេងក្នុងនាមជាខ្សែប្រយុទ្ធកណ្តាល សុខផេង ដែលបានក្លាយជាកីឡាករដំបូងគេរបស់កម្ពុជា ទៅលេងនៅលីគកំពូលម៉ាឡេស៊ី ពេលដែលរូបគេចំណាយរយៈពេលខ្លី ជាមួយក្លិប PKNP កាលពីឆ្នាំ២០១៨ ក៏អាចលេងនៅតំបន់ស្លាបបានផងដែរ។

ឆ្នាំកន្លងទៅ កែវ សុខផេង បានជួយឲ្យវិសាខា ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលជាលើកដំបូងសម្រាប់គេផ្ទាល់ ក៏ដូចជាសម្រាប់ប្រវត្តិសាស្ត្ររបស់ក្លិបផងដែរ៕

 

ប្រភព៖ the-afc.com

មតិយោបល់