អគ្គលេខាធិការ TIFFY ARMY បង្ហើប៖ «ដើមឡើយមិនសូវមានជំនឿចិត្តថាអាចនាំលោក Lee មករួមក្រុម»

មាស សុផាណារ៉ុង June 1, 2021


 

ភ្នំពេញ៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឬហៅថា “Tiffy Army FC” នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ បានធ្វើការបង្ហាញមុខអ្នកចាត់ការក្រុមថ្មី គឺ លោក Lee Tae-hoon ជាផ្លូវការ ដើម្បីដឹកនាំក្រុមបរកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានលីគខាប់ “CNCC Leageu Cup” សម្រាប់កិច្ចសន្យារយៈពេល ២ឆ្នាំ។

ជាមួយគ្នាផងដែរសម្រាប់ការចូលរួមរបស់ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិរូបនេះ ត្រូវបានអគ្គលេខាធិការ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លោក ខូវ ឆាយ បង្ហើបថាដើមឡើយមិនសូវមានជំនឿចិត្តថាអាចនាំលោក Lee មករួមក្រុមឡើយ ដ្បិតភាគច្រើនលោកដឹកនាំក្រុមជម្រើសជាតិ និងក្រុមដែលមានកម្រិតខ្ពស់ ជាដើម។

និយាយនៅក្នុងសន្និសីទសារព័ត៌មាន លោក ខូវ ឆាយ បានបង្ហើបដូច្នេះថា៖ “ដោយសារមើលឃើញថា លោក Lee Tae-hoon ដែលគាត់មានស្នាដៃយ៉ាងច្រើនជាមួយក្រុមជម្រើសជាតិកម្ពុជា រយៈពេល ៦,៧ ឆ្នាំ ហើយជាមួយជម្រើសយុវជន U-15 ហើយបន្ទាប់មកគាត់ទៅដឹកនាំក្លិប Hoang Anh Gia Lai ដែលជាក្លិបមួយនៅក្នុងលីគកំពូលវៀតណាម ហើយចុងក្រោយគាត់បានសម្រាកពីការងារ ហើយគាត់នៅក្នុងប្រទេសកម្ពុជាស្រាប់ ហើយយើងឃើញទស្សនៈវិស័យរបស់គាត់ ការដឹកនាំរបស់គាត់ គឺស្របជាមួយនឹងទិសដៅរបស់ក្លិបយើង ដែលក្នុងការកសាងធនធានមុនស្ស ពង្រឹងក្លិបទៅរកការប្រកួតមួយដែលពោរពេញទៅដោយថាមពល ពោរពេញទៅដោយភាពជឿជាក់ អច្ចឹងនេះគឺជាគោលដោរបស់យើងដែលយើងចង់បានឲ្យកីឡាករយើង ក្លិបយើងទាំងមូល ក្នុងពេលអនាគត អ៊ីចឹងយើងឃើញទស្សនៈវិស័យស្របគ្នា ក៏យើងមានចំណាប់អារម្មណ៍ទាក់ទងគាត់មកដឹកនាំ។ តាមពិត និយាយដោយត្រង់ទៅ យើងមិនមានជំនឿចិត្តច្រើនទេថាគាត់នឹងចូលរួមជាមួយយើង ដោយសារយើងដឹងហើយ លក្ខខណ្ឌរបស់គាត់ គាត់ដឹកនាំសុទ្ធតែជម្រើសជាតិនារី នៅកូរ៉ ជម្រើសជាតិកម្ពុជា ហើយក៏ក្លិបនៅលីគកំពូលវៀតណាម ប៉ុន្តែដោយសារតែការមានទិសដៅស្របគ្នានេះហើយ ធ្វើឲ្យគាត់យល់ព្រមក្នុងការចូលរួមជាមួយយើង ដើម្បីអភិវឌ្ឍន៍បាល់ទាត់កម្ពុជាបន្តទៅមុខទៀត។”

បញ្ជាក់បន្ថែមជុំវិញតួនាទីរបស់ លោក Lee Tae-hoon អគ្គលេខាធិការដដែលរូបនេះបានបន្តថា៖ “ទាក់ទងនឹងតួនាទីរបស់គាត់ ដោយសារតែយើងមាន លោក ហោ សុខហេង ជាគ្រូបង្គោល អ៊ីចឹងហើយយើងអញ្ជើញគាត់មកក្នុងនាមជាអ្នកចាត់ការក្រុម ប៉ុន្តែអ្នកចាត់ការក្រុម គឺគាត់ទទួលបន្ទុក ភារកិច្ច ទៅលើការងារបច្ចេកទេសទាំងស្រុង ដោយទទួលបន្ទុកទាំងការងារហ្វឹកហាត់ ការជ្រើសរើសកីឡាករ ការដឹកនាំក្រុមនៅក្នុងការប្រកួត និយាយរួមទទួលខុសត្រូវក្នុងការងារបច្ចេកទេសទាំងស្រុងតែម្ដង និងទទួលបន្ទុកគ្រប់គ្រងទៅលើគ្រូទាំងអស់ថែមទៀត។”

សូមបញ្ជាក់ថា លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមឈុតធំជម្រើសជាតិកម្ពុជា បានផុតកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រោយរួមរស់ និងធ្វើការឲ្យសហព័ន្ធអស់រយៈពេល ៧ឆ្នាំ និង ៣ខែ កាលពីឆ្នាំ២០១៨។ លោកបានចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីចុងឆ្នាំ២០១០ តែរាល់ពេលក្រុមជម្រើសជាតិ ត្រូវបានផ្លាស់ប្ដូរគ្រូបង្វឹកថ្មី លោកមិនត្រូវបានផ្ដាច់ការងារពីសហព័ន្ធនោះទេ ជាក់ស្ដែងនៅដើមឆ្នាំ២០១៧ ក្រោយលោក Leonardo Vitorino ចូលមកដឹកនាំក្រុមគោព្រៃ សហព័ន្ធបានចាត់តាំងលោក Lee ឲ្យដឹកនាំក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៥ឆ្នាំ ផងដែរ មុនពេលចុងឆ្នាំ២០១៨ លោកបានក្លាយជានាយកបច្ចេកទេស របស់ក្លឹប Hoang Anh Gia Lai ( HAGL ) នៃលីគកំពូលវៀតណាម និងឆ្នាំបន្ទាប់ក្លាយជាគ្រូបង្វឹក ហើយទើបសម្រេចាកចេញកាលពីចុងឆ្នាំ២០២០ ថ្មីៗនេះ៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

មតិយោបល់