អ៊ីរ៉ង់ កំពុងព្រួយបារម្ភជ័យជម្នះ ១៤-០ លើកម្ពុជា នឹងក្លាយជាជ័យជម្នះឥតន័យសម្រាប់ខ្លួន

មាស សុផាណារ៉ុង May 31, 2021


 

អ៊ីរ៉ង់៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ កំពុងប្រឈមនឹងការងារដ៏គួរឱ្យព្រួយបារម្ភ ក្នុងការប្រកួតជុំទី២ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក កាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022™) ដោយសារការបាត់បង់ពិន្ទុនៅក្នុងការប្រកួតមុនៗ និងជាពិសេសគឺការដកខ្លួនរបស់ក្រុមជម្រើសជាតិកូរ៉េខាងជើង។

ក្រុមរហស្សនាម “ខ្លារខិនពែរក្ស” បានចាប់ផ្តើមការហ្វឹកហាត់របស់គេក្រោមការដឹកនាំដោយគ្រូបង្វឹក លោក Dragan Skocic នៅភាគខាងត្បូងកោះ Kish ក្នុងឈូងសមុទ្រពែក្ស។ ពួកគេត្រូវការឈ្នះ ទាំង ៤ប្រកួត ក្នុងចំណោមការប្រកួត ៤ចុងក្រោយ នាពេលខាងមុខ ដើម្បីអាចឈរនៅលេខ១ បានកៅអីដោយស្វ័យប្រវត្តិសម្រាប់វគ្គជម្រុះបន្ត។

រឿងដែលនាំឲ្យស្មុគស្មាញនោះ គឺការដកខ្លួនរបស់កូរ៉េខាងជើង ចេញពីវគ្គជម្រុះនេះ ដែលបានធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) សម្រេចចិត្តធានានូវភាពត្រឹមត្រូវនៃការប្រកួត សម្រាប់ក្រុមដែលនៅសល់។

កត្តានេះហើយនាំឲ្យសភាពការណ៍កាន់តែអាក្រក់ទៅៗ សម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងពូល C ខណៈដែល FIFA ប្រកាសថាលទ្ធផលនៃការប្រកួត ជាមួយក្រុមចំណាត់ថ្នាក់លេខ២ និងក្រុមលេខ៥ ពីពូល A ដល់ពូល G នឹងមិនត្រូវបានរាប់បញ្ចូលឡើយ ដើម្បីធានានូវការប្រៀបធៀបចុងក្រោយ (ក្រុមលេខ២ ល្អ – Best runners-up) ប្រកបដោយតុល្យភាព រវាងក្រុមដែលត្រូវប្រៀបធៀបទាំងនោះ។

ផ្អែកលើកត្តានេះ ជ័យជម្នះ ១៤-០ របស់អ៊ីរ៉ង់ លើក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតកាលពីជើងទី១ នឹងត្រូវចាត់ទុកជាមោឃៈ (នេះប្រសិនបើអ៊ីរ៉ង់ ឈរនៅលេខ២ ក្នុងពូល C ពេលបញ្ចប់ការប្រកួតទាំងស្រុង) បន្ទាប់មកគ្រាប់បាល់ទាំង ១៤គ្រាប់របស់ពួកគេដែលរកបានពេលប៉ះកម្ពុជា នោះក៏គ្មានប្រសិទ្ធភាពដូចគ្នាពេលដែលត្រូវប្រៀបធៀបសម្រាប់ក្រុមលេខ២ ល្អ (Best runners-up) ទាំងពិន្ទុ និងគ្រាប់បាល់ចំណេញ។ នេះប្រសិនបើកម្ពុជា នៅតែពុំអាចរកជ័យជម្នះបានពីការប្រកួតទាំង ៣ដែលនៅសេសសល់ និងនាំឲ្យកម្ពុជា បន្តឈរបាតតារាង។

ត្រលប់មកវិញ ការរងបរាជ័យក្រោមថ្វីជើង បារ៉ែន និងអ៊ីរ៉ាក់ បានធ្វើឱ្យស្ថានភាពរបស់អ៊ីរ៉ង់ ស្ថិតក្នុងភាពគ្រោះថ្នាក់។ ក្រុមរបស់ លោក Skocic បច្ចុប្បន្នស្ថិតនៅលេខ៣ ដោយមាន ៦ពិន្ទុ និងសល់ការប្រកួត ១ប្រកួតក្នុងដៃ ហើយមានគម្លាត ៥ពិន្ទុពីក្រោមក្រុមកំពូលតារាង អ៊ីរ៉ាក់ និងគម្លាត ៣ពិន្ទុនៅពីក្រោយក្រុមលេខ២ បារ៉ែន ដែលត្រូវទទួលសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះពូល C នេះ។

សូមបញ្ជាក់ថា នៅវគ្គជម្រុះជុំទី២ នេះ ក្រុមលេខ១ ប្រចាំពូលនីមួយៗ (សរុប ៨ពូល) និងក្រុមលេខ២ ល្អ (Best runners-up) ចំនួន ៤ក្រុម នឹងត្រូវទទួលបានកៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រ។ ប៉ុន្តែប្រសិនបើ កាតា ឈរលេខ១ ពូល E ឬស្ថិតក្នុងចំណោមក្រុមលេខ២ល្អ ទាំង៤ នោះក្រុមលេខ២ល្អ លំដាប់ទី៥ នឹងទទួលកៅអីសម្រាប់ការប្រកួតជម្រុះ World Cup ជុំទី ៣ ផងដែរ៕

 

ប្រភព៖ tehrantimes

មតិយោបល់