លោក Honda ផ្ដាំកីឡាករដែលមិនបានកោះហៅចូលជម្រើសជាតិ កុំអាលខកចិត្តដ្បិតឱកាសនៅតែមាន

មាស សុផាណារ៉ុង May 25, 2021


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ បានធ្វើការប្រកាសបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ជាមួយសមាសភាពកីឡាករចំនួន ២៤នាក់ ដើម្បីត្រៀមប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) សម្រាប់ការប្រកួតដែលនៅសេសសល់ប្រចាំពូល C។

ជាមួយគ្នានោះផងដែរ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ លោក Keisuke Honda ក៏បានបង្ហាញពីចំណាប់អារម្មណ៍នៃការជ្រើសរើសកីឡាករចូលក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាការផ្ដែផ្ដាំដល់កីឡាករដែលមិនទាន់បានកោះហៅចូលជម្រើសជាតិ កុំអាលខកចិត្ត ដ្បិតឱកាសនៅតែមានសម្រាប់ពួកគេ។

យោងតាមវីដេអូនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Keisuke Honda បានលើកឡើងថា៖ “យើងជ្រើសរើសកីឡាករក្មេងៗ ពីព្រោះយើងចង់សាកល្បង សម្រាប់ក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃអនាគត។ សម្រាប់កីឡាករដែលមិនត្រូវបានជ្រើសរើសសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមកុំអាលខកចិត្ត ខ្ញុំចង់បានន័យថាអ្នកនឹងមានឱកាសម្ដងទៀត ប្រសិនបើអ្នកនៅតែបន្តការខិតខំប្រឹងប្រែង។”

“ដូច្នេះការប្រមូលផ្ដុំលើកនេះ យើងនឹងព្យាយាមដាក់កីឡាករច្រើនរូបឲ្យចូលលេងតាមដែលអាចធ្វើទៅបាន ដូច្នេះសូមចាំមើលពួកគេទាំងអស់គ្នា ហើយនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដូចដែលអ្នកបានដឹងវាគឺជាការប្រកួតដែលពិបាក ដែលត្រូវលេងជាមួយប្រទេសខ្លាំងៗ ប៉ុន្តែយើងនឹងលេងតាមបែបរបស់យើង។” អ្នកចាត់ការវ័យ ៣៤ឆ្នាំរូបនេះបានបន្ថែម។

បញ្ជាក់ថា ក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) សម្រាប់ការប្រកួតនៅសេសសល់ប្រចាំពូល C រួមជាមួយ អ៊ីរ៉ាក់, អ៊ីរ៉ង, បារ៉ែន និងហុងកុង នាខែក្រោយ នៅប្រទេសបារ៉ែន ដែលត្រូវទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាលទទួលក្រុមទាំង ៤ខាងលើ។

ចំពោះ ក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់មកត្រូវជួប អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕

មតិយោបល់