ឡេង ណូរ៉ា ក្មេងជាងគេក្នុងក្រុមជម្រើសជាតិឈុតធំ ប៉ុន្តែពុំទាន់បំបែកកំណត់ត្រា សៀង ចន្ធា នៅឡើយ

មាស សុផាណារ៉ុង May 24, 2021


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានធ្វើការប្រកាសបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិជាលើកដំបូង​ ក្រោយខកខានពុំមានការប្រកួតបាល់ទាត់លើឆាកអន្តរជាតិ ជិត ២ឆ្នាំ ដោយក្នុងនោះបានបញ្ចេញឈ្មោះកីឡាករចំនួន ២៤នាក់ ដើម្បីត្រៀមប្រកួត វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) សម្រាប់ការប្រកួតដែលនៅសេសសល់ប្រចាំពូល C។

កីឡាករទាំង ២៤រូបនោះមានដូចបញ្ជីខាងក្រោម៖

អ្វីដែលប្លែក ក្នុងចំណោមកីឡាករទាំង ២៤រូប មានកីឡាករថ្មីមុខទើបជាប់ជម្រើសជាតិលើកដំបូង រហូតដល់ទៅ ៦រូប រួមមាន ម៉ាត់ នូរុណ​ (បឹងកេត), លឹម ពិសុទ្ធ (ភ្នំពេញក្រោន) និងកីឡាករ ៤រូបមកពីក្លិបព្រៃវែង ស រតនា, ញឹម លីហួរ, វុធ តុលា និង ឡេង ណូរ៉ា។

រឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀតផងដែរ កីឡាករ ឡេង ណូរ៉ា (កូនកាត់ខ្មែរ-ហ្គាណា) ដែលជាប់ជម្រើសជាតិលើកដំបូងដែរនោះ បានក្លាយជាកីឡាករក្មេងជាងគេបំផុតនៅក្នុងក្រុមជម្រើសជាតិ ដោយមានវ័យត្រឹមតែ ១៦ឆ្នាំ គ្រាដែលកីឡាករផ្សេងទៀតមានវ័យ ១៨ឆ្នាំឡើងទៅ ទោះបីជាមានវ័យក្មេងជាងគេក្នុងក្រុមបច្ចុប្បន្នក៏ពិតមែន ប៉ុន្តែ ឡេង ណូរ៉ា នៅមិនទាន់បំបែកកំណត់ត្រាកីឡាករជាប់ជម្រើសជាតិកម្ពុជា ទាំងដេលមានវ័យក្មេងជាងគេនោះឡើយ ដ្បិតកំណត់ត្រានេះនៅតែបន្តរក្សាបានដោយ សៀង ចន្ធា ដដែល។

  • ការប្រៀបធៀប៖

ឡេង ណូរ៉ា ត្រូវបានដឹងថាកើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៤ ហើយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ គេក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំ លើកដំបូង ដែលបានសេចក្ដីថា គេជាប់ជម្រើសជាតិឈុតធំ ក្នុងវ័យ១៦ឆ្នាំ ៨ខែ ៥ថ្ងៃ។

ឡេង ណូរ៉ា ពេលជាប់ U-15 កម្ពុជា កាលពីឆ្នាំ២០១៩

សៀង ចន្ធា ដែលកើតនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០២ បានជាប់ជម្រើសជាតិឈុតធំ លើកដំបូងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដែលបានសេចក្ដីថាគេជាប់ជម្រើសជាតិឈុតធំ ក្នុងវ័យត្រឹមតែ ១៦ឆ្នាំ ៥ខែ ២០ថ្ងៃ ពោលគឺតិចជាង ឡេង ណូរ៉ា ៣ខែ និង ១៥ថ្ងៃ។

សៀង ចន្ធា ពេលបង្ហាញខ្លួនលើកទី៣ ឲ្យជម្រើសជាតិកម្ពុជា

បែបណាក៏ដោយអ្នកទាំងពីរ ត្រូវមានភារៈកិច្ចជួយជាតិដូចគ្នា ក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) សម្រាប់ការប្រកួតនៅសេសសល់ប្រចាំពូល C រួមជាមួយ អ៊ីរ៉ាក់, អ៊ីរ៉ង, បារ៉ែន និងហុងកុង នាខែក្រោយ នៅប្រទេសបារ៉ែន ដែលត្រូវទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាលទទួលក្រុមទាំង ៤ខាងលើ។

ចំពោះ ក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់មកត្រូវជួប អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕

 

អត្ថបទ៖ CAMSPORTS.org

មតិយោបល់