វិសាខា ​និងស្វាយរៀង សំណូមពរ និងគាំទ្រឱ្យមានការស៊ើបអង្កេតករណីសង្ស័យរើសអើងជាតិសាសន៍ ខណៈសហព័ន្ធកំពុងមានចំណាត់ការ

មាស សុផាណារ៉ុង May 24, 2021


 

ភ្នំពេញ៖ បន្ទាប់ពីកីឡាករ Jean Marie Privat Befolo Mbarga បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនអំពើការរើសអើងជាតិសាសន៍រួចមក ជាបន្តបន្ទាប់ក្លឹបបាល់ទាត់វិសាខា ក៏ដូចជាក្លឹបព្រះខ័នរាជស្វាយរៀង បានចេញសេចក្តីប្រកាសរៀងៗខ្លួននៅលើទំព័រហ្វេសប៊ុកផ្លូវការដោយជារួមភាគីទាំងពីរសុទ្ធតែបានបង្ហាញជំហរគាំទ្រ ក៏ដូចជាសំណូមពរឱ្យមានការស្រាវជ្រាវឱ្យបានច្បាស់លាស់លើបញ្ហានេះដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងយុត្តិធម៌សម្រាប់សាមីខ្លួន ព្រមទាំងដើម្បីសុខុដុមនីយកម្មនៃវិស័យបាល់ទាត់ផងដែរ។

សម្រាប់ Privat ដែលជាម្ចាស់ស្បែកជើងមាសរដូវកាលមុនការប្រើប្រាស់ពាក្យ “you’re a fucking black guy” ជាច្រើនដងលើរូបគេ គឺជាការរើសអើងដែលមិនអាចទទួលយកបានឡើយ។ យ៉ាងណាក៏ដោយ កាលពីរាត្រីថ្ងៃទី២៣ ខែឧសភា ក្លឹបបាល់ទាត់វិសាខាបានចេញេចក្តីថ្លែងការណ៍ដោយមានខ្លឹមសារទាំងស្រុងថា៖ “ដោយឃេីញមានការចេញផ្សាយនូវព័ត៌មានមួយចំនួនដែលមិនមានភាពច្បាស់លាស់​ចោទប្រកាន់មកលេីកីឡាករក្លិបរបស់យេីងទាក់ទងទៅនឹងការរេីសអេីងពូជសាសន៍​។ ក្លិបរបស់យេីងសូមធ្វេីការបដិសេធ​ និងសំណូមពរអោយមានការស្រាវជ្រាវអោយបានច្បាស់លាស់ទាក់ទងអំពីបញ្ហានេះ​ ចៀសវាងការកាត់សេចក្តីទៅលេីកីឡាកររបស់យេីងដោយស្តាប់តែភាគីម្ខាងដោយគ្មានភស្តុតាងមកបញ្ជាក់ ជាហេតុធ្វេីអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់កីឡាករ និងក្លិបយ៉ាងខ្លាំង ពីព្រោះថាក្លិបរបស់យេីង គឺមានបុគ្គលិក​ និងកីឡាករចំរុះជាតិសាសន៍ដែលកំពុងសហការគ្នាយ៉ាងស្អិតរមួតក្រោមដំបូលគ្រួសារតែមួយ។ សូមអរគុណ”

នាព្រឹកថ្ងៃទី២៤ ខែឧសភានេះដែរ ក្លឹបព្រះខ័នស្វាយរៀងក៏បានបញ្ជាក់ជាផ្លូវការដែរថា៖ “ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សូមបញ្ជាក់ថាយើងបានដឹងអំពីស្ថានភាពដែលបានកើតឡើងអំឡុងពេលប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌាលីគ (MCL) កាលពីថ្ងៃសៅរ៍ ទី២២ ខែឧសភា ដែលមានការសង្ស័យនូវការរើសអើងជាតិសាសន៍ បានកើតឡើងចំពោះកីឡាករ Jean Marie Privat Befolo Mbarga។ ក្លឹបបាល់ទាត់របស់យើង សូមគាំទ្រដល់ការស៊ើបអង្កេតរបស់អាជ្ញាធរបាល់ទាត់ក្នុងរឿងនេះ ហើយយើងខ្ញ៉ំកំពុងធ្វើការសន្ទនាជាមួយពួកគាត់ក្នុងបញ្ហានេះផងដែរ។ ក្លឹបនឹងសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរបាល់ទាត់ក្នុងអំឡុងពេលនៃការស៊ើបអង្កេត ដើម្បីធានាបាននូវភាពយុត្តិធម៌ និងលទ្ធផលដ៏ត្រឹមត្រូវចំពោះបញ្ហានេះ។ យើងខ្ញ៉ំសូមនឹងមិនធ្វើការអត្ថាធិប្បាយបន្ថែមទៀត រហូតទាល់តែការស៊ើបអង្កេតបានបញ្ចប់។”

ចំពោះចំណាត់ការលើបញ្ហានេះ លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានផ្តស់បទសំភាសន៍ដល់បណ្តាញសារព័ត៌មាន Fresh News ថា​៖ “អ្វីដែលខ្ញុំអាចឆ្លើយតបបានឥឡូវនេះ គឺយើងកំពុងធ្វើការងារនេះតាមនីតិវិធី និងកិច្ចការងាររដ្ឋបាល ហើយនឹងមានការកោះហៅពួកគាត់មកសាកសួរឲ្យដឹងខុសត្រូវ តើវាជាបញ្ហាអ្វីឲ្យប្រាកដ ដើម្បីស្វែងរកដំណោះស្រាយ ព្រោះជាបញ្ហាមួយដែលយើងមិនចង់ឲ្យមាន ហើយយើងចង់ស្វែងរកដំណោះស្រាយណាមួយ ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចទទួលបានទាំងអស់គ្នា”។ លោកបានបន្ថែមថា៖ “ការងារហ្នឹង យើងកំពុងដំណើរការ ហើយយើងនឹងផ្ដល់ព័ត៌មានទៅសាធារណៈជនក្នុងពេលឆាប់ៗ។ ជារួមការងារទាំងអស់ហ្នឹង យើងកំពុងធ្វើការ យើងអត់មានទុកចោលទេ ហើយថ្នាក់ដឹកនាំ ក៏គាត់បានដឹង ចឹងយើងកំពុងចាត់ចែងការងារនេះតាមបច្ចេកទេសរបស់សហព័ន្ធ ក៏ដូចជាគណៈកម្មការប្រកួតផ្សេងៗ។”

លោក ឈូក ពិសិដ្ឋ ឈរខាងលើ (អាវព៌ណគគីរ)

សម្រាប់លោក អ៊ុង ចំរើន ដែលជាអ្នកសារព័ត៌មានកីឡាជើងចាស់ម្នាក់នៅកម្ពុជា បានបញ្ចេញមតិនៅលើបណ្តាញសង្គមរបស់លោកថា៖ “ទង្វើនេះ មិនអាចទទួលយកបានឡើយ សូមសហព័ន្ធកីឡាបាល់ទាត់បើកការស៊ើបអង្កេតផង បើមិនមានចំណាត់ការទេ ការនិយាយរើសអើងជាតិសាសន៍នឹងក្លាយជាទម្លាប់ធម្មតា​របស់កីឡាករមួយចំនួន។ បើកីឡាករដែលបាន​ប្រើប្រាស់សំដីរើសអើងចេញមុខសូមទោសសាធារណៈ ក៏អាចទទួលយកបានដែរ ដើម្បីទុកធ្វើជាមេរៀន! ជាដំបូង ត្រូវស៊ើបអង្កេតឲ្យបានច្បាស់សិន ចៀសវាងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។”

សូមបញ្ជាក់ថា យោងតាមធម្មនុញ្ញអូឡាំពិកការរើសអើងគ្រប់ទម្រង់ទាំងអស់មិនថាសំដៅលើ ភេទ ជាតិសាសន៍ សាសនា ឬពណ៌សម្បុរគឺត្រូវបានហាមឃាត់។ ដូចនេះ មហាជនជាច្រើនមានជំនឿថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងអាចស្វែងរកការពិតលើករណីដ៏រសើបនេះដើម្បីផ្តល់ភាពយុត្តិធម៌លើភាគីទាំងអស់ផងក៏ដូចជាដើម្បីលុបបំបាត់ការរើសអើងនៅក្នុងវិស័យកីឡានិងនៅក្នុងសង្គមកម្ពុជាផង៕

 

រូបភាព៖ Metfone Cambodian League

មតិយោបល់