បារ៉ែន និងអ៊ីរ៉ាក់ បង្ហាញការត្រៀមខ្លួនបានយ៉ាងល្អមុនជួប កម្ពុជា ខែក្រោយ

មាស សុផាណារ៉ុង May 21, 2021


 

អាស៊ីខាងលិច៖ ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន និងអ៊ីរ៉ាក់ គិតត្រឹមពេលនេះ បានត្រៀមខ្លួនបានកាន់តែល្អ មុនការវិលត្រលប់មកវិញវគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ប្រចាំពូល C ដែលត្រូវប៉ះជាមួយ កម្ពុជា ផ្ទាល់តែម្ដង។

នៅត្រឹមថ្ងៃទី២០ ខែឧសភា ម្សិលមិញ ក្រុមជម្រើសជាតិបារ៉ែន បានចាកចេញទៅកាន់ប្រទេសអ៊ុយក្រែនហើយ ជាមួយសមាសភាពកីឡាករចំនួន ២៣នាក់ ដើម្បីត្រៀមជួបប្រកួតកម្ដៅសាច់ដុំជាមួយក្រុមនៅតំបន់អ៊ឺរ៉ុបមួយនេះ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ពោលគឺ ១១ថ្ងៃមុនជួបកម្ពុជា។

មកដល់ពេលនេះ ក្រុមជម្រើសជាតិបារ៉ែន បានទៅដល់ប្រទេសអ៊ុយក្រែន និងបានធ្វើការហ្វឹកហាត់បានម្ដងផងដែរ។

ចំពោះក្រុមជម្រើសជាតិអ៊ីរ៉ាក់ វិញ ត្រឹមល្ងាចថ្ងៃទី២០ ឧសភា​ ម្សិលមិញគេបានចាប់ផ្ដើមចូលជំរំហ្វឹកហាត់លើកដំបូងក្នុងប្រទេស ក្រោមការដឹកនាំពីសំណាកគ្រូបង្វឹក លោក Srecko Katanec។

ពួកគេ ក៏ត្រូវត្រៀមប្រកួតកម្ដៅសាច់ដុំផងដែរ ពោលគឺត្រូវជួបប្រកួតជាមួយ តាជីគីស្ថាន នៅថ្ងៃទី២៤​ ខែឧសភា និងបន្ទាប់មកជួប នេប៉ាល់ នៅថ្ងៃ២៩​ ខែឧសភា ឆ្នាំ២០២១ ដោយការប្រកួតទាំងពីរនេះ នឹងធ្វើនៅប្រទេសអ៊ីរ៉ាក់ ទាំងពីរ។

ចំពោះក្រុមមួយទៀតដែល គោព្រៃកម្ពុជា ត្រូវប៉ះនៅចុងក្រោយគេនោះ ក្រុមដែលមានរហស្សនាមថា “ខ្លារខិនពែក្ស” ជម្រើសជាតិអ៊ីរ៉ង់ គឺពុំទាន់បង្ហាញពីគូប្រកួតមិត្តភាពរបស់ខ្លួន ក៏ដូចជាចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកកហាត់នៅឡើយទេ ខណៈហុងកុង វិញ កម្ពុជា ពុំត្រូវប៉ះទៀតនោះទេក្រោយជួបគ្នា ២លើករួចមកហើយ។

បញ្ជាក់ថា ការត្រលប់មកវិញ ដែលជាការប្រកួត វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) សម្រាប់ការប្រកួតដែលនៅសេសសល់ប្រចាំពូល C ដែលស្ថិតនៅពូលជាមួយ អ៊ីរ៉ាក់, អ៊ីរ៉ង, បារ៉ែន និងហុងកុង នោះសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចឲ្យ ប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាលទទួលក្រុមទាំង ៤ខាងលើ។

ចំពោះ ក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់មកត្រូវជួប អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕

មតិយោបល់