គ្រូព្រៃវែង ជុំវិញជ័យជម្នះលើកដំបូងក្នុងលីគ និងការសរសើរ អាត អូនតូច មិនដាច់ពីមាត់

មាស សុផាណារ៉ុង May 18, 2021


 

ព្រៃវែង៖ ក្លិបបាល់ទាត់ខេត្តព្រៃវែង បានស្គាល់ជ័យជម្នះលើកដំបូងរបស់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ លើក្លិបបាល់ទាត់សូលទីឡូអង្គរ បន្ទាប់ពីឡើងលីគកំពូលកម្ពុជា ប្រកួត ២ប្រកួតដំបូងបានត្រឹមស្មើ ១ និងចាញ់១ ខណៈជាមួយគ្នាផងដែរ គ្រូបង្វឹកជនជាតិថៃរបស់ក្រុមមានមូលដ្ឋាននៅខេត្តព្រៃវែង មួយនេះ បានសម្ដែងយោបល់ពេញចិត្តចំពោះការខិតខំប្រឹងរបស់កូនក្រុម។

ឆ្លើយឆ្លងជាមួយ សារព័ត៌មាន CAMSPORTS.org លោក Thongchai Rungreangles បាននិយាយដូច្នេះថា៖ “ការប្រកួតកាលពីម្សិលមិញ គឺជាការប្រកួតមួយដែលល្អ និងជាកាប្រកួតដ៏រីករាយ ព្រោះកីឡាករក្មេៗបានបង្ហាញថាគាត់មានសមត្ថភាពលេងនៅលីគកំពូលកម្ពុជា ហើយគាត់បានប្តេជ្ញាថានឹងឈ្នះការប្រកួតនេះ។ សម្រាប់ខ្ញុំកីឡាករដែលគិតថាគាត់លេងបានល្អប្រហែលជាលេខ១២ (អាត អូនតូច)។”

“ខ្ញុំគិតថាកីឡាករលេខ១២ មានអាកប្បកិរិយាលេងល្អ ហើយគាត់ជាមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការហ្វឹកហាត់ គាត់ជាក្មេងល្អហើយព្យាយាមធ្វើលំហាត់ជាច្រើនជាមួយការហ្វឹកហាត់នីមួយៗភាគច្រើន។ តាមក្រសែភ្នែកគាត់មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការហ្វឹកហាត់ និងមិនដែលត្អូញត្អែរ មិនដែលខកខានពីការហ្វឹកហាត់សំខាន់ៗឡើយ។ គាត់ធ្វើបានយ៉ាងច្បាស់នៅលើទីលាន ហើយគាត់ក៏ជាកីឡាករឆ្នើមម្នាក់នាពេលកន្លងមកផងដែរ។ គាត់នឹងក្លាយជាកីឡាករឆ្នើមម្នាក់នាពេលអនាគតសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។” លោក Thongchai លើកសរសើរពី អាត អូនតូច។

គួរបញ្ជាក់ថា ចាប់តាំងពីដើមរដូវកាល ព្រៃវែង បានប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ ពោលបើកឆាកស្មើ អង្គរថាយហ្គឺរ ១-១ បន្ទាប់មកចាញ់ គីរីវង់សុខសែនជ័យ ៣-០ និងទើបតែឈ្នះសូលទីឡូអង្គរ ៦-០ ឈរលេខ៧ នៃតារាងចំណាត់ថ្នាក់៕

 

រូបភាព៖​ Metfone Cambodian League

មតិយោបល់