គ្រូជម្រើសជាតិកម្ពុជា បានបង្ហាញការលំបាកជ្រើសរើសកីឡាករ ក្នុងស្ថានភាពកូវីដ-១៩

មាស សុផាណារ៉ុង May 13, 2021


 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០២១ កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបង្ហាញមុខគ្រូបង្វឹកថ្មីជាផ្លូវការ ដែលជាគ្រូបង្វឹកសញ្ជាតិជប៉ុនឈ្មោះថា Ryu Hirose ខណៈចាប់តាំងពីលោកចូលមកកាន់ការងារថ្មីនេះ គឺចំពេលដែលលំបាក ក្នុងស្ថានភាពជំងឺកូវីដ-១៩ ដែលនាំឲ្យការប្រកួតលីគ ត្រូវបាផ្អាក។

បើយោងតាមសម្ដីបញ្ជាក់នៅលើហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញការលំបាកក្នុងការជ្រើសរើសកីឡាករក្នុងស្ថានភាពកូវីដ-១៩ ដោយសារការប្រកួតលីគកំពូលកម្ពុជា ត្រូវបានពន្យាពេល និងផ្លាស់ប្ដូរ ដែលនាំឲ្យលោកពិបាកក្នុងការសម្រេចចិត្តជ្រើសរើសពួកគេ ដ្បិតឆ្លងកាត់ការទស្សនាការប្រកួតកន្លងមក លោកសង្កេតឃើញថា ការបង្ហាញខ្លួនរបស់កីឡាករ នៅមិនទាន់ល្អនៅឡើយ។

លោកបាននិយាយដូច្នេះថា៖ «បយកយើងបានទស្សនាការប្រកួតមួយចំនួនរួចមក យើងបានកត់សម្គាលឃើញថាការបង្ហាញខ្លួនរបស់កីឡាករនៅមិនទាន់ល្អនៅឡើយទេ ប៉ុន្តែយើងសម្រេចចិត្តជ្រើសរើសកីឡាករផ្អែកទៅលើសមិទ្ធផលដែលបយកគេសម្រចបានកន្លងមកដល់បច្ចុប្បន្ន និងជាកីឡាករដែលមានសក្ដានុពលខ្ពស់សម្រាប់ពេលអនាគត។ ពួកយើងមានភាពជឿជាក់លើកីឡាករដែលពួកយើងបានជ្រើសរើស។»

សូមបញ្ជាក់ថា លោក Ryu Hirose នឹងមានតួនាទីបន្តដឹកនាំការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី (2022 FIFA World Cup qualification-AFC) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី (2023 AFC Asian Cup qualification) ដោយនឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា ខាងមុខ បន្ទាប់មកត្រូវជួប អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់