វិបត្តិនៃកូរីដ-១៩ កំពុងបន្តជះផលវិបាក និងហានិភ័យដល់បណ្តាក្លឹបបាល់ទាត់នៅកម្ពុជា

មាស សុផាណារ៉ុង May 10, 2021


 

ភ្នំពេញ៖ ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក អស់រយៈពេលជាង ​១ឆ្នាំហើយដែលបណ្តាក្លឹបបាល់ទាត់នៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពលំបាក ពិសេសបញ្ហាហិរញ្ញាវត្ថុដែលនាំឱ្យក្លឹបជាច្រើនបន្តស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ ដោយគេមិនសូវឃើញមានការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗអ្វីគួរឱ្យកត់សម្គាល់ឡើយលើកលែងតែក្លឹបបាល់ទាត់វិសាខា ដែលកំពុងញាប់ដៃញាប់ជើងបង្ហើយការងារសំណង់របស់ខ្លួនដើម្បីបញ្ចប់ទៅតាមគម្រោងដែលបានគ្រោងទុក ស្របពេលដែល សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឬ Tiffy Army ក៏កំពុងជួសជុលទីលានស្មៅធម្មជាតិរបស់ខ្លួន នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ផងដែរ។

ក្រៅពីនេះ ក្លឹបបាល់ទាត់ផ្សេងទៀតបន្តស្ងប់ស្ងាត់ដោយរំពឹងថាការវិលសត្រលប់មកវិញនៃលីគកំពូលកម្ពុជា និងព្រឹត្តិការណ៍ឯទៀតនឹងអាចនាំឲ្យវិស័យបាល់ទាត់ជាតិមានភាពផុសផុលឡើងវិញ​ ប៉ុន្តែក្តីសង្ឃឹមនេះកើតឡើងអមដោយភាពប្រយ័ត្នប្រយែងបំផុត ត្បិតអីចំនួនអ្នកឆ្លងវីរុស-១៩ នៅកម្ពុជាមិនទាន់មានភាពធូរស្រាលនៅឡើយ ខណៈដែលចំនួនប្រកួតសម្រាប់ក្លឹបខ្លះមានតិច និងថែមបន្ទុកចំណាយទៅលើការដឹកជញ្ជូន ឬរៀបចំសុវត្ថិភាពរបស់កីឡាករផងនោះ ដូចនេះចង់ ឬមិនចង់ស្ថានភាពនេះគឺពិតជាមានភាពផុយស្រួយខ្លាំងណាស់។

អ្វីដែលជាកត្តាប្រឈមដ៏សំខាន់នោះគឺ បញ្ហាហិរញ្ញវត្ថុតែម្តងខណៈដែលការប្រកួតប្រជែងមានកម្រិតកាន់តែខ្លាំងការចំណាយលើធនធានកីឡាករក៏កាន់តែខ្ពស់។ ប្រភពមួយបានអះអាងថា ជាធម្មតាសម្រាប់ក្លឹបបាល់ទាត់អាជីពនៅកម្ពុជាមានខ្ទង់ចំណាយប្រចាំខែចន្លោះពី ២ទៅ៧មុឺនដុល្លារអាម៉េរិក​។ ការចំណាយនេះគឺអាស្រ័យលើកត្តា ៤សំខាន់ៗដូចជា៖

កត្តាទី១៖ ចំនួនកីឡាករក៏ដូចជាថ្លៃពលកម្មទៅតាមកម្រិតសមត្ថភាពរបស់កីឡាករទាំងក្នុងស្រុក និងបរទេសពិសេសក្រុមឈុតធំតែម្តង។
កត្តាទី២៖ ការថែទាំទីលាន ពិសេសសម្រាប់កីឡដ្ឋានធំៗដូចជា ស្មារអរអេសអិន (Smart RSN) របស់ភ្នំពេញក្រោន, កីឡដ្ឋានព្រីន៍ (Prince Stadium) របស់វិសាខា, ខេមបូឌាអ៊ែរវ៉េ (Cambodia Airway Stadium) របស់បឹងកេត, អេសអយូ (SRU Stadium) របស់សៀមរាបយូណាយធីត (ប្រើប្រាស់រួមដោយ អង្គរថាយហ្គឺរ ជាមួយ សូលទីឡូអង្គរ) ជាដើមដែលសុទ្ធតែប្រើប្រាស់ស្មៅធម្មជាតិ ទាមទារឱ្យមានការថែទាំយ៉ាងដិតដល់បំផុត។ យោងតាមការបង្ហើបឱ្យដឹង សម្រាប់ក្លឹបដែលមានកីឡដ្ឋានផ្ទាល់ខ្លួនគឺចំណាយមិនក្រោមខ្ទង់ ៣ ទៅ ៥ពាន់ដុល្លារសម្រាប់ថ្លៃទឹក ថ្លៃភ្លើង នៃខែនីមួយៗហើយអាចឈានចូលដល់ខ្ទង់មុឺនដុល្លារផងដែរ ប្រសិនបើមានតម្រុូវការប្រើប្រាស់ភ្លើងបំភ្លឺទីលានពីបង្គោលធំៗដែលមានកម្រិតដល់រាប់សិបវ៉ាត់។
កត្តាទី៣៖ ការចំណាយលើរដ្ឋបាល និងអភិបាលកិច្ចរបស់ក្លឹប ដោយផ្តោតលើបុគ្គលិកដែលបំពេញការងាររាប់ចាប់តាំងពីគណៈគ្រប់គ្រង អ្នកបច្ចេកទេស ក្រុមការងារគ្រូបង្វឹក រហូតដល់ផ្នែកសន្តិសុខ និងអនាម័យផងដែរ។
កត្តាទី៤៖ សកម្មភាពអភិវឌ្ឍន៍របស់ក្លឹប គឺសំដៅដល់ការចំណាយលើការបណ្តុះបណ្តាលធនធានយុវជនជាច្រើនកម្រិត និងក្រុមបាល់ទាត់នារីជាដើម។ ក្រុមថ្នាលកាន់តែច្រើនកម្រិតការចំណាយក៏កាន់តែធំដូចជាលើគ្រូបង្វឹក សម្លៀកបំពាក់ សំភារៈហ្វឹកហាត់ ការស្នាក់នៅ ការសិក្សា រួមទាំងប្រាក់ចាយវាយប្រចាំសប្តាហ៍ ឬប្រចាំខែទៅតាមលក្ខណ្ឌផ្តល់ឱ្យនៃក្លឹបនីមួយៗ។

ឆ្លើយតបចំពោះ ការចំណាយទាំងនេះក្លឹបនីមួយៗរំពឹងលើចំណូល ៤សំខាន់គឺ ធនធានផ្ទាល់របស់ម្ចាស់ក្លឹប ធនធានរបស់បណ្តាដៃគូសហការ ធនធានរបស់អ្នកគាំទ្រ និងចំណូលពីការរៀបចំការប្រកួត និងប្រាក់រង្វាន់។

ចំណូលទី១៖ ធនធានផ្ទាល់របស់ម្ចាស់ក្លឹបគឺជាចំណែកសំខាន់បំផុតក្នុងការធានានូវស្ថេរភាពរបស់ក្លឹបនីមួយៗ ជាក់ស្តែងយើងរមែងមើលឃើញថា ម្ចាស់ក្លឹបភាគច្រើនសុទ្ធតែជាពាណិជ្ជករ ដែលមានជំនួញនៅក្នុងដៃ និងមានឆន្ទៈក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់ជាតិទើបអាចចែករំលែកធនធានរបស់ខ្លួនលើវិស័យនេះបាន ដូចដែលអ្នកគាំទ្រសង្កេតឃើញ និងលើកឡើងជារឿយៗថា ការចំណាយលើបាល់ទាត់ក្នុងស្រុក គឺមិនងាយនឹងទទួលបានប្រាក់ចំណេញវិញនោះទេ ប៉ុន្តែវាអាចផ្តល់នូវកិត្តិយស និងមុខមាត់ច្រើនជាងដែលអាចឱ្យពួកគេប្រើប្រាស់សម្រាប់ការធ្វើជំនួញផ្សេងទៀតពិេសសលើការបង្កើនទំនុកចិត្តពីដៃគូវិនិយោគជាដើម។

ចំណូលទី២៖ គឺធនធានរបស់បណ្តាដៃគូសហការ យើងឃើញថាទោះបីជាបាល់ទាត់ជាកីឡាប្រជាប្រិយមួយនៅកម្ពុជាក៏ពិតមែន ប៉ុន្តែការឧបត្ថម្ភគាំទ្រពីវិស័យឯកជនហាក់នៅមានកម្រិតនៅឡើយ ពោលគឺគេមិនទាន់អាចចាត់ទុកជាប្រភពចំណូលធំដើម្បីទ្រទ្រង់ស្ថេរភាពក្លឹបនៅឡើយទេ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃវីរុសកូវីដ-១៩នេះ បណ្តាក្រុមហ៊ុនជាច្រើនបានជួបប្រទះនូវផលប៉ះពាល់ ឬការខាតបង់ជាច្រើន ដែលនាំឱ្យពួកគេមិនមានខ្ទង់ចំណាយធំៗសម្រាប់វិស័យកីឡាបាល់ទាត់ឡើយ។

ខណៈដែលការប្រកួតត្រូវបានខកខានទៀតនោះបណ្តាដៃគូឧបត្ថម្ភមួយចំនួនបានសំឡឹងឃើញថា ផលិតផល ឬ brand name របស់ពួកគេមិនបានផ្សព្វផ្សាយដល់មហាជននៅលើទៅតាមការចង់បានឡើយ ហេតុនេះ គេអាចស្វែងរកជម្រើសផ្សេងទៀតដែលមានសក្តានុពល និងទំហំចំណាយតូចជាងនេះ។​

ចំណូលទី៣៖ ធនធានរបស់អ្នកគាំទ្រ ត្រង់ចំនុចនេះសម្រាប់វិស័យបាល់ទាត់នៅអឺរ៉ុបវាជាចំណុចដ៏សំខាន់ព្រោះការចូលរួមទិញផលិតផលរបស់ក្លឹប និងការទិញសំបុត្រចូលទស្សនាការប្រកួត គឺជាប្រភពចំណូលដ៏ក្រាស់ក្រែល។ ចំពោះកម្ពុជាវិញ ដោយសារតែកត្តាជីវភាពមានកម្រិត ដូចនេះការចំណាយធនធានរបស់អ្នកគាំទ្រទៅលើក្លឹបដែលខ្លួនស្រលាញ់ក៏មានកម្រិតទៅតាមហ្នឹងដែរ ជាក់ស្តែងមកទល់ពេលនេះមិនទាន់មានក្លឹបបាល់ទាត់ណាមួយនៅកម្ពុជា ដែលអាចបង្កើតកំណត់ត្រាលក់អាវប្រចាំរដូវកាលរហូតដល់ខ្ទង់មុឺនអាវនៅឡើយទេ ខណៈដែលវត្តមានទស្សនិកជនរៀងរាល់ការប្រកួត ក៏មានមិនលើសពី ១ពាន់នាក់ដែរ លើកលែងតែក្នុងការប្រកួតធំៗ ឬគូពិសេសៗប៉ុណ្ណោះ ដូចនេះចំណូលពីការលក់សំបុត្រក៏នៅមានកម្រិតទាបឬអាចបានត្រឹមប្រើប្រាស់សម្រាប់មួយផ្នែកតូចនៃការចំណាយរដ្ឋបាលប៉ុណ្ណោះ។

នៅក្នុងកាលៈទេសៈនៃការរាតត្បាតកូវីដនេះទៀត ការប្រកួតតម្រូវឱ្យបិទទ្វារដូចនេះគ្មានទេចំណូលពីការលក់សំបុត្រដោយជំនួសវិញដោយការទស្សនាតាមទូរទស្សន៍ ឬបណ្តាញផ្សព្វផ្សាយនានា ក៏ប៉ុន្តែមកទល់ពេលនេះមិនមានប្រភពណាមួយបញ្ជាក់បានច្បាស់លាស់ទេថា តើក្លឹបនីមួយៗទទួលបានចំណូលពីការផ្សព្វផ្សាយឬទេ? បើបានតើមានចំនួនប៉ុណ្ណា?

ចំណូលទី៤៖ មានដូចជា ចំណូលពីការរៀបចំការប្រកួតក្នុងដី ក៏ដូចជាការធ្វើដំណើរសម្រាប់ការប្រកួតក្រៅដី ដែលត្រូវបានផ្តល់ដល់ក្រុមនីមួយៗទៅតាមការកំណត់របស់គណៈកម្មការរៀបចំការប្រកួត និងមួយទៀត គឺជាប្រាក់រង្វាន់ដែលក្រុមណាមួយបានឈ្នះជើងឯក ឬចំណាត់ថ្នាក់ជាបន្តទៀតដែលត្រូវបានដំឡើងកាលពីរដូវកាល២០២០ កន្លងមកទាំងលីគ និងពានសម្តេចតេជោ ហ៊ុន សែន (សូមអានត្រង់នេះដើម្បីលម្អិត) ។

ប្រាក់រង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ត្រូវបានដំឡើងជាផ្លូវការ

ជារួម ផលវិបាកនៃវីរុសកូវីដ-១៩ បានបង្កហានិភ័យយ៉ាងខ្លាំងដល់វិស័យកីឡាបាល់ទាត់កម្ពុជា ជាពិសេសគឺគ្រប់ក្លឹបបាល់ទាត់អាជីពដែលពឹងផ្អែកជាធំលើប្រាក់កាសរបស់ម្ចាស់ក្លឹប និងដៃគូឧបត្ថម្ភដ៏តិចតួចដែលអាចបណ្តាលឱ្យសកម្មភាពរបស់ក្លឹបនីមួយៗកាន់តែរួមតូចទៅៗ ហើយប្រសិនបើគ្មានអន្តរាគមន៍របស់រដ្ឋ ឬការស្វែងរកដំណោះស្រាយជារួមមួយទេ ក្លឹបបាល់ទាត់មួយចំនួនអាចនឹងកាត់បន្ថយការចំណាយដែលនាំឲ្យប៉ះពាល់ដល់ជីវភាពកីឡាករ បុគ្គលិក ឬក្រុមការងារផ្សេង ជាពិសេសលើសកម្មភាពអភិវឌ្ឍន៍ធនធានយុវជនជំនាន់ក្រោយថែមទៀតផង៕

មតិយោបល់