Charlie Machell ចាកចេញពីវិសាខា ដោយមិនទាន់បង្ហាញខ្លួនក្នុងប្រកួតផ្លូវការសូម្បីតែម្ដង

មាស សុផាណារ៉ុង May 6, 2021


 

ភ្នំពេញ៖ ក្លិបបាល់ទាត់វិសាខា នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានប្រកាសពីការ​បញ្ចប់​កិច្ច​សន្យា​ជា​មួយ​កី​ឡា​ករ​សញ្ជាតិ​អង់​គ្លេស Charlie Machell បន្ទាប់​ពី​មាន​ការ​ព្រម​ព្រៀង​គ្នា។

នេះគឺជារឿងភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រក្លិបវិសាខា បន្ទាប់ពីកីឡាករវ័យ ២៦ឆ្នាំរូបនេះ ទើបតែចូលរួមជាមួយក្លិបបានប្រមាណ ៣ខែប៉ុណ្ណោះ ប៉ុន្តែពេលនេះបានឈានដល់បញ្ចប់​កិច្ច​សន្យា​មុនកាលកំណត់ ទាំងពុំទាន់បង្ហាញខ្លួនក្នុងប្រកួតផ្លូវការ សូម្បីតែមួយប្រកួតនៅឡើយ។

គួររំឭកថា Charlie Machell ធ្លាប់ជាថ្នាលយុវជនរបស់ Newcaslte United មុនពេលផ្លាស់ចេញនៅឆ្នាំ២០១៣ ទៅប្រកបអាជីពនៅអាមេរិកជាមួយក្លឹប Wingate Bulldog និងប៉ុន្មានឆ្នាំចុងក្រោយនេះលេងឲ្យ East Tennessee State University (អាមេរិក) នៅឆ្នាំ២០១៧ និងពាក់កណ្តាលឆ្នាំដដែលបានផ្ទេរទៅកាន់ Thisted FC របស់ដាណឺម៉ាក ខណៈនៅឆ្នាំ២០១៨ ចុះកិច្ចសន្យាជាមួយក្លិប 07 Vestur នៃលីគកំពូលកោះហ្វារ៉ូ (Faroe Islands) ឆ្នាំ២០១៩ បានមកចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង និងជួយឲ្យឈ្នះជើងឯកលីគកំពូលកម្ពុជា ផងដែរ បន្ទាប់មកឆ្នាំ២០២០ ទើបគេផ្លាស់ទៅប្រកបអាជីពនៅលីគកំពូលសិង្ហបុរី ជាមួយក្លិប Hougang United និងឆ្នាំ២០២១ ចូលរួមជាមួយវិសាខា ដល់បញ្ចប់កិច្ចសន្យាមុនកាលកំណត់នេះ៕

 

រូបភាព៖ ក្លិបវិសាខា – Visakha FC

មតិយោបល់