លីគកំពូលកម្ពុជា គ្រោងចាប់ផ្ដើមពាក់កណ្ដាលខែឧសភា ខាងមុខ

មាស សុផាណារ៉ុង May 5, 2021


 

ភ្នំពេញ៖ ការប្រកួតបានរង្វាន់លីគកំពូលកម្ពុជា គ្រោងនឹងចាប់ផ្ដើមវិញនៅថ្ងៃទី១៥ ខែឧសភា ខាងមុខនេះហើយ បន្ទាប់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (​CNCC) និងតំណាងក្រុមទាំង១៣ ក្នុងលីគកំពូលកម្ពុជា ធ្វើការប្រជុំពិភាក្សាច្រើនលើកច្រើនសាររួចមក។

លើសពីនេះទៅទៀត លីគនឹងដំណើរការប្រកួតដោយមិនឲ្យទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន ឬនៅបរិវេណជុំវិញកីឡដ្ឋានឡើយ ហើយចំពោះកីឡដ្ឋាន ដែលមានទីតាំងនៅតំបន់ក្រហម គឺពុំត្រូវបានអនុញ្ញាតឲ្យប្រកួត ឬធ្វើការហ្វឹកហាត់ឡើយ។

សូមបញ្ជាក់ជាថ្មីថា ដើមឡើយលីគកំពូលកម្ពុជា បានសម្រេចឲ្យសម្រាក ១សប្ដាហ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែសប្ដាហ៍ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានសម្រេចចេញសេចក្ដីប្រកាសស្ដីពីវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ២សប្ដាហ៍ ដែលពាក់ព័ន្ធទៅនឹងការធ្វើដំណើរដោយពុំចាំបាច់ផងដែរនោះ បានធ្វើឲ្យ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (​CNCC) សម្រេចលើកពេលប្រកួតលីគកំពូលកម្ពុជា ដោយពុំទាន់កំណត់ថ្ងៃត្រលប់មកវិញតែម្ដង៕

 

រូបភាព៖ Metfone Cambodian League

មតិយោបល់