លីគកំពូលកម្ពុជា អាចនឹងត្រលប់មកវិញឆាប់ៗនេះ ក្រោយសម្រាកជិត ១ខែ

មាស សុផាណារ៉ុង May 5, 2021


 

ភ្នំពេញ៖ ពានរង្វាន់លីគកំពូលកម្ពុជា បានផ្អាកដំណើរការប្រកួតជិត ១ខែរួចហើយ គិតចាប់តាំងពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២១ បន្ទាប់ពីផ្ទុះការរីករាលដាលជាថ្មីនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ជាមួយនឹងវិធានការជាច្រើន និងដើម្បីទប់ស្កាត់ការរីករាលដាល ខណៈការវិលត្រលប់មកវិញក៏អាចនឹងធ្វើឡើងឆាប់ៗនេះផងដែរ។ នេះបើយោងទៅតាមការប្រជុំជារឿយៗពី គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (​CNCC) និងតំណាងក្រុមទាំង១៣ ក្នុងលីគកំពូលកម្ពុជា។

ក្នុងកិច្ចប្រជុំក៏មានការលើកឡើងខ្លះៗផងដែរ អំពីការត្រៀមត្រលប់មកវិញនៃលីគកំពូលកម្ពុជា ខណៈប្រភពនៅក្នុងកិច្ចប្រជុំបានបង្ហើបថា ទំនងជាអាចចាប់ផ្ដើមនៅអំឡុងពាក់កណ្ដាល ឬចុងខែឧសភា នេះ​ប្រសិនបើគ្មានអ្វីប្រែប្រួល ដ្បិតបច្ចុប្បន្នវិធានការបិទខ្ទប់ (Lock down) ត្រូវបានសម្រេចបិទបញ្ចប់ (ទៅតាមតំបន់) ចាប់ពីថ្ងៃទី០៦ ស្អែកនេះតទៅ។

អ្វីដែលស្មុគស្មាញទៅទៀតនោះ គឺពាក់ព័ន្ធទៅនឹងករណីកីឡាករ និងមន្ត្រី របស់ក្លិបដែលរស់នៅ តំបន់ក្រហម ក៏កំពុងត្រូវបានដាក់ការព្រួយបារម្ភ និងការយកចិត្តទុកដាក់ផងដែរ ដោយអាចនឹងមានការរៀបចំឲ្យមានករណីពិសេស សម្រាប់កីឡាករ និងមន្ត្រី ទាំងនោះ។ មានការលើកឡើងពីករណី ដឹកជញ្ជូនកីឡាករ និងមន្ត្រី ចេញពី តំបន់ក្រហម ផងដែរ រួមដោយមានការធ្វើតេស្តរហ័ស (រកកូវីដ-១៩)។

យ៉ាងណាមិញ នេះគ្រាន់តែជាការពិភាក្សានៅឡើយដែលបានបង្ហើបឲ្យដឹងនៅក្នុងកិច្ចប្រជុំ ខណៈការសម្រេចជាផ្លូវការ គឺត្រូវនៅរង់ចាំមើលបន្តទៀតផងដែរ។

សូមបញ្ជាក់ថា ដើមឡើយលីគកំពូលកម្ពុជា បានសម្រេចឲ្យសម្រាក ១សប្ដាហ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែសប្ដាហ៍ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានសម្រេចចេញសេចក្ដីប្រកាសស្ដីពីវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ២សប្ដាហ៍ ដែលពាក់ព័ន្ធទៅនឹងការធ្វើដំណើរដោយពុំចាំបាច់ផងដែរនោះ បានធ្វើឲ្យ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (​CNCC) សម្រេចលើកពេលប្រកួតលីគកំពូលកម្ពុជា ដោយពុំទាន់កំណត់ថ្ងៃត្រលប់មកវិញតែម្ដង៕

មតិយោបល់