បារ៉ែន និងអ៊ីរ៉ាក់ រកក្រុមប្រកួតមិត្តភាពកម្ដៅសាច់ដុំ បានរៀងៗខ្លួនមុនជួប កម្ពុជា ខែក្រោយ

មាស សុផាណារ៉ុង May 4, 2021


 

អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន និងអ៊ីរ៉ាក់ គិតត្រឹមពេលនេះ បានរកគូប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរៀងៗខ្លួនរួចជាស្រេចហើយ មុនការវិលត្រលប់មកវិញវគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ប្រចាំពូល C នៅមុនប៉ះ កម្ពុជា ផ្ទាល់តែម្ដង។

បារ៉ែន ថ្មីៗនេះបានប្រកាសអំពីការត្រៀមជួបប្រកួតកម្ដៅសាច់ដុំ ជាមួយក្រុមនៅតំបន់អ៊ឺរ៉ុប (ជម្រើសជាតិអ៊ុយក្រែន) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ពោលគឺ ១១ថ្ងៃមុនជួបកម្ពុជា។

បន្ទាប់ពីការប្រកួតជាមួយ អ៊ុយក្រែន ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន ក៏គ្រោងប្រកួតជាមួយ ជម្រើសជាតិម៉ាឡេស៊ី ផងដែរនៅថ្ងៃទី២៨ ខែឧសភា គ្រាដែលទីតាំងពុំទាន់កំណត់នៅឡើយ។

ដោយឡែកថ្មីៗនេះ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ ក៏បានបង្ហាញគូប្រកួតដែលគេត្រូវត្រៀមប្រកួតកម្ដៅសាច់ដុំជាមួយផងដែរ ពោលគឺត្រូវជួបប្រកួតជាមួយ តាជីគីស្ថាន នៅថ្ងៃទី២៤​ ខែឧសភា និងបន្ទាប់មកជួប នេប៉ាល់ នៅថ្ងៃ២៩​ ខែឧសភា ឆ្នាំ២០២១ ដោយការប្រកួតទាំងពីរនេះ នឹងធ្វើនៅប្រទេសអ៊ីរ៉ាក់ ទាំងពីរ។

ចំពោះក្រុមមួយទៀតដែល គោព្រៃកម្ពុជា ត្រូវប៉ះនៅចុងក្រោយគេនោះ ក្រុមដែលមានរហស្សនាមថា “ខ្លារខិនពែក្ស” ជម្រើសជាតិអ៊ីរ៉ង់ គឺពុំទាន់បង្ហាញពីគូប្រកួតមិត្តភាពរបស់ខ្លួននៅឡើយទេ ខណៈហុងកុង វិញ កម្ពុជា ពុំត្រូវប៉ះទៀតនោះទេក្រោយជួបគ្នា ២លើករួចមកហើយ។

គួររំឭកថា ដោយសារក្តីបារម្ភនៃជំងឺកូវីដ-១៩ ការប្រកួត វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ដែលនៅសេសសល់នឹងត្រូវធ្វើឡើងនៅទឹកដីកណ្តាល ពោលគឺប្រទេសដែលមានសុវត្ថិភាព និងមានលក្ខខណ្ឌគ្រប់គ្រាន់ជាងគេណាមួយក្នុងចំណោមប្រទេសដែលរួមពូលនីមួយៗត្រូវធ្វើជាម្ចាស់ផ្ទះ ជាក់ស្ដែង ក្រុមជម្រើសជាតិកម្ពុជា ដែលស្ថិតនៅពូល C ជាមួយ អ៊ីរ៉ាក់, អ៊ីរ៉ង, បារ៉ែន និងហុងកុង នោះ ទីបំផុតសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចឲ្យប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាលទទួលក្រុមទាំង ៤ខាងលើ។

សម្រាប់ក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា៕

មតិយោបល់