យុវជនភ្នំពេញក្រោនលត់យុវជនបឹងកេតអង្គរ ៣-០ ក្នុងថ្ងៃបើកឆាក​ Smart RSN Youth Competition

នូ មករា May 14, 2016


ក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្លឹបភ្នំពេញក្រោន បានយកឈ្នះលើក្រុមយុវជនរបស់ក្លឹបបឹងកេតអង្គរក្នុងលទ្ធផល ៣-០ នៅក្នុងជំនួបបើកឆាកនៃកម្មវិធីប្រកួតបាល់ទាត់យុវជនស្មាត អអេសអិន កាលពីព្រឹកមិញនេះនៅលើទីលាននៃកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន។ ការប្រកួតនេះបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញដោយក្រុមទាំងពីរបានព្យាយាមសម្រុកលើគូបដិបក្ខដើម្បីដណ្តើមយកគ្រាប់បាល់រៀងៗខ្លួន។ យ៉ាងណាក៏ដោយក្រុមម្ចាស់ផ្ទះបាននាំមុខមុនតាមរយៈគ្រាប់បាល់ដំបូងរបស់កីឡាករ ចាន់ប៉ូលីន នៅនាទីទី ២២ បន្ទាប់មកនៅ ៣ នាទីក្រោយមកកីឡាករ ម៉ៅ ពៅសិទ្ធិ របស់ភ្នំពេញក្រោនបានទាត់បំប៉ងសំណាញ់ទីក្រុមបឹងកេតបានមួយគ្រាប់ទៀត ក្រោយពីទទួលបានបាល់ដែលបញ្ជូនមកដោយកីឡាករ ឆាយ៉ា និង សុខ បញ្ញា នោះ។ លុះដល់នាទីទី ៣៧ កីឡាករ ពិភព បានទម្លាញសំណាញ់ទីគូបដិបក្ខបានមួួយគ្រាប់ទៀតមុនពេលដែលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់តង់ទីមួយនោះ។

នៅក្នុងតង់ទីពីរយើងឃើញថា កីឡាកររបស់ក្រុមទាំងពីរបានព្យាយាមវាយលុកយ៉ាងសស្រាក់ស្រាំដែរប៉ុន្តែមិនអាចទទួលបានគ្រាប់បាល់បន្ថែមឡើយ ជាហេតុនាំឱ្យក្រុមភ្នំពេញក្រោនទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-០ ក្រោយការប្រកួតបានបញ្ចប់។

គ្រូបង្វឹកក្រុមយុវជនភ្នំពេញក្រោន បានលើកឡើងថា៖ «ខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលយើងបានទទួលជ័យជម្នះនៅក្នុងការប្រកួតដំបូងនេះ វាពិតជាការចាប់ផ្តើមមួយដ៏ល្អ អ្វីដែលសំខាន់នោះគឺ កីឡាករបស់យើងមានការសហការគ្នាបានល្អ ហើយអ្នកចាំទីរបស់យើងក៏បានសង្គ្រោះបាល់បានច្រើនដែរ។ តាមពិតទៅ ពេលដំបូងខ្ញុំបារម្ភថា ការលេងនៅពេលព្រឹកបែបនេះអាចធ្វើឲ្យពួកគេឆាប់ហត់ដោយសារតែអាកាសធាតុក្តៅនៅរដូវនេះ ហើយវាពិតជាល្អប្រសិនបើយើងបានលេងនៅពេលល្ងាច បុន្តែអ្វីៗបានបង្ហាញឲ្យឃើញថា ពួកគេមានភាពតស៊ូ រួមទាំងបច្ចេកទេស និងការសហការគ្នាបានល្អ នេះគឺជាអ្វីដែលខ្ញុំ និងក្លឹបតែងតែប្រាថ្នាចង់បាន។ អរគុណអ្នករាល់គ្នាចំពោះជ័យជម្នះនៅថ្ងៃនេះ  ហើយខ្ញុំសង្ឃឹមថា ពួកយើងនឹងធ្វើបានកាន់តែល្អថែមទៀតក្នុងការប្រកួតក្រោយៗ»

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់យុវជនស្មាត អអេសអិន ឬ Smart RSN Youth Competition គឺជាកម្មវិធីមួយដែលត្រូវបានគាំទ្រ និងអនុញ្ញាត្តដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងទទួលបានការឧបត្ថម្ភធំដោយក្រុមហ៊ុនទូរសព្ទចល័ត Smart រួមជាមួយនឹងដៃគូសហការដទៃទៀតដោយនឹងមានការចូលរួមពីក្រុមយុវជនអាយុក្រោម១៩ឆ្នាំមកពីក្លឹបភ្នំពេញក្រោន ក្លឹបបឹងកេតអង្គរ ក្លឹបព្រះខ័នរាជស្វាយរៀង និងក្លឹបការពារជាតិ ហើយពួកគេនឹងត្រូវប្រជែងគ្នានៅលើទីលាននៃកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង ៨.០០ ព្រឹក ដោយក្រុមទាំងអស់នឹងត្រូវប្រកួតគ្នាចំនួន ២ លើកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះការប្រកួតនេះក៏មានចែងចេញជាការប្រកួតសម្រាប់ក្រុមយុវជនអាយុក្រោម ១៥ ឆ្នាំ  ក្រុមយុវជនអាយុក្រោម ១២ ឆ្នាំ ព្រមទាំងការប្រកួតផ្នែកនារីផងដែរ។

_MG_7555

_MG_7538

 

_MG_7556

_MG_7720

_MG_7883

_MG_7873

_MG_7789

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត