សមិទ្ធផលធំៗរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៅកម្ពុជា ក្រោមគម្រោង FIFA Forward

មាស សុផាណារ៉ុង May 3, 2021


 

ភ្នំពេញ៖ ក្នុងនាមជាមសមាជិកនៃសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដែលជាស្ថាប័នគ្រប់គ្រងលើសកម្មភាពបាល់ទាត់នៅទូទាំងពិភពលោក ព្រះរាជាណាចក្រកម្ពុជា ក៏កំពុងតែទទួលបាននូវអត្ថប្រយោជន៍ ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់ទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាធនធានមនុស្សក្រោមការជួយជ្រោមជ្រែងយ៉ាងសកម្មពី FIFA។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័ fifa.com

ជាក់ស្តែងជាមួយនឹងគម្រោង FIFA Forward គិតមកទល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចបាននូវសមិទ្ធិផលជាច្រើនដូចជា៖ កសាងបានទីលានស្មៅធម្មជាតិចំនួន ១៩កន្លែងនៅតាមបណ្តាខេត្ត ទាំង១៩, សាលាបាល់ទាត់សម្រាប់បណ្តុះបណ្តាលថ្នាលយុវជន ចំនួន ១៨រាជធានី-ខេត្ត, បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលីគយុវជន ព្រមទាំងពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ដែលមានក្រុមចូលរួមមកពីទូទាំង ២៥រាជធានី-ខេត្ត ផងដែរ។

ក្រៅពីនេះ FIFA Forward ក៏បានរួមចំណែកយ៉ាងផុសផុលក្នុងការកសាងធនធានមនុស្សតាមរយៈការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីប្រកួត គ្រូបង្វឹក និងក្រុមការងារបច្ចេកទេសផ្សេងទៀតជាដើម។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងថា គម្រោង FIFA Forward បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរវឌ្ឍនភាពវិស័យបាល់ទាត់នៅកម្ពុជា ព្រោះហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងសំភារៈរូបវ័ន្តទាំងនេះនឹងជំរុញឱ្យកម្ពុជាឈានទៅរកលទ្ធផលល្អៗបន្ថែមទៀត ជាពិសេសគឺលោករំពឹងថា ក្នុងនាមជាម្ចាស់ផ្ទះក្រុមជម្រើសជាតិកម្ពុជា នឹងអាចឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាសុីហ្គេម​២០២៣ ខាងមុខ ស្របទៅតាមផែនការយុទ្ធសាស្ត្រឆ្ពោះទៅឆ្នាំ២០២៣ ដើម្បីបំពេញមហិច្ឆតា និងគោលដៅកំណត់ទុករបស់សហព័ន្ធ៕

 

ប្រភព៖ fifa.com

មតិយោបល់