FIFA កត់ត្រា លោក ហុក សុចិត្រា គឺជាកីឡាកររកគ្រាប់បាល់ឲ្យកម្ពុជា បាន ២០គ្រាប់ ក្នុងរយៈពេល ៨ឆ្នាំ

មាស សុផាណារ៉ុង May 3, 2021


 

ស្វីស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លើគេហទំព័រ fifa.com នៅថ្ងៃទី០២ ឧសភា ម្សិលមិញនេះ បានធ្វើការចុះផ្សាយពីបាល់ទាត់កម្ពុជា ដោយសរសេរថា Cambodia reviving historical passion for footballប្រែមកថា កម្ពុជាកំពុងស្តារប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់ ដែលនេះជាការចុះផ្សាយប្រចាំឆ្នាំនិយាយអំពី បាល់ទាត់កម្ពុជា។

ខ្លឹមសារនៃអត្ថបទនេះ គឺផ្ដោតសំខាន់ទៅលើវិស័យបាល់ទាត់នៅកម្ពុជា ដោយបានភ្ជាប់ជាមួយប្រវត្តិសាស្ត្រនៃការកកើតបាល់ទាត់នៅកម្ពុជា ការវិវឌ្ឍន៍ រហូតដល់មានការធ្លាក់ចុះ និងបច្ចុប្បន្នកំពុងងើបឡើងវិញគួរឲ្យកត់សម្គាល់ ជាពិសេសទៅទៀតនោះ អ្វីដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ដាក់ចម្ងល់ជាយូរមកហើយនោះគឺត្រូវបានលាតត្រដាង ពោលគឺ FIFA បានកត់ត្រា លោក ហុក សុចិត្រា គឺជាកីឡាករដែលរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិកម្ពុជា ច្រើនជាង ខណៈគ្រាប់បាល់នោះមិនមែន ៤២គ្រាប់ឡើយ ពោលគឺត្រឹមតែ ២០គ្រាប់ប៉ុណ្ណោះដែលទទួលស្គាល់ជាផ្លូវការ ក្នុងរយៈពេល ៨ឆ្នាំដែលលោកជាប់ជម្រើសជាតិកម្ពុជា។

លោក ហុក សុចិត្រា បច្ចុប្បន្នជាអ្នកចាត់ការទូទៅក្លិបបាល់ទាត់វិសាខា បានជាប់ជម្រើសជាតិកម្ពុជា តាំងពីឆ្នាំ១៩៩៥ ប៉ុន្តែលោកត្រូវរង់ចាំរហូតដល់រយៈពេល ២ឆ្នាំបន្ទាប់ ពោលគឺនៅឆ្នាំ១៩៩៧ ទើបអាចរកគ្រាប់បាល់ដំបូងឲ្យកម្ពុជា ក្នុងជំនួបដែលកម្ពុជា ស្មើជាមួយ ឥណ្ឌូនេស៊ី ១-១ ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ១៩៩៨។

ជាបន្តបន្ទាប់មកទៀត លោករកគ្រាបបាល់បានដូចខាងក្រោម៖

  • គ្រាប់ទី២៖ ឆ្នាំ១៩៩៧ ពេលប្រកួតជាមួយ អ៊ូបេសគីស្ថាន
  • គ្រាប់ទី៣៖ ឆ្នាំ១៩៩៧ ពេលប្រកួតជាមួយ ព្រុយណេ
  • គ្រាប់ទី៤៖ ឆ្នាំ១៩៩៧ ពេលប្រកួតជាមួយ ព្រុយណេ
  • គ្រាប់ទី៥៖ ឆ្នាំ១៩៩៧ ពេលប្រកួតជាមួយ សិង្ហបុរី
  • គ្រាប់ទី៦៖ ឆ្នាំ១៩៩៧ ពេលប្រកួតជាមួយ មីយ៉ាន់ម៉ា
  • គ្រាប់ទី៧៖ ឆ្នាំ១៩៩៧ ពេលប្រកួតជាមួយ មីយ៉ាន់ម៉ា
  • គ្រាប់ទី៨៖ ឆ្នាំ១៩៩៨ ពេលប្រកួតជាមួយ ចិន
  • គ្រាប់ទី៩៖ ឆ្នាំ១៩៩៩ ពេលប្រកួតជាមួយ ព្រុយណេ
  • គ្រាប់ទី១០៖ ឆ្នាំ១៩៩៩ ពេលប្រកួតជាមួយ ព្រុយណេ
  • គ្រាប់ទី១១៖ ឆ្នាំ១៩៩៩ ពេលប្រកួតជាមួយ ម៉ាឡេស៊ី
  • គ្រាប់ទី១២៖ ឆ្នាំ១៩៩៩ ពេលប្រកួតជាមួយ ហុងកុង
  • គ្រាប់ទី១៣៖ ឆ្នាំ១៩៩៩ ពេលប្រកួតជាមួយ ឥណ្ឌូនេស៊ី
  • គ្រាប់ទី១៤៖ ឆ្នាំ១៩៩៩ ពេលប្រកួតជាមួយ ឥណ្ឌូនេស៊ី
  • គ្រាប់ទី១៥៖ ឆ្នាំ២០០០ ពេលប្រកួតជាមួយ ម៉ាឡេស៊ី
  • គ្រាប់ទី១៦៖ ឆ្នាំ២០០០ ពេលប្រកួតជាមួយ ឡាវ
  • គ្រាប់ទី១៧៖ ឆ្នាំ២០០០ ពេលប្រកួតជាមួយ ឡាវ
  • គ្រាប់ទី១៨៖ ឆ្នាំ២០០២ ពេលប្រកួតជាមួយ វៀតណាម
  • គ្រាប់ទី១៩៖ ឆ្នាំ២០០២ ពេលប្រកួតជាមួយ ឥណ្ឌូនេស៊ី
  • គ្រាប់ទី២០៖ ឆ្នាំ២០០២ ពេលប្រកួតជាមួយ ឥណ្ឌូនេស៊ី

កំណ់ត្រាផ្សេងលើសពីនេះទៅទៀត លោកក៏ត្រូវបានចារឈ្មោះជាកីឡាករកម្ពុជាដំបូងគេ ដែលអាចរកគ្រាប់បាល់បាន ក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup) ផងដែរ នេះបើយោងតាមទិន្នន័យប្រកួតកាលពីឆ្នាំ១៩៩៧ ពោលគឺជាមួយគ្រាប់បាល់ដំបូងរបស់លោកផ្ទាល់តែម្ដង។

សូមបញ្ជាក់ថា លោក ហុក សុចិត្រា វ័យ ៤៦ឆ្នាំ និង​មាន​កម្ពស់ ១,៨០ ម៉ែត្រ មាន​និស្ស័យ និង​ចំណង់​ចំណូល​ចិត្ត​លេង​បាល់​ទាត់ តាំង​ពី​កុមារភាព តាមរយៈ​ឪពុក​របស់​លោក គឺ​ព្រឹទ្ធាចារ្យ​មាន​ជំនាញ​ទាំង​កីឡា​ហាប់គីដូ, ល្បុក្កតោ, វ៉ូវីណាម និង​កីឡា​ចំបាប់ លោក ហុក ឈាង​គីម ហើយ​ប្អូន​របស់​លោក​ ៣នាក់ (ប្រុស២ ស្រី១) សុទ្ធ​សឹង​តែ​ជា​អ្នក​និយម​ចូលចិត្ត​កីឡា រួមមាន លោក ហុក សុកិត្យា (បច្ចុប្បន្នជាមន្ត្រីរាជការ) និង លោក ហុក សុជីវ័ន្ត (បច្ចុប្បន្នជាអ្នកចាត់ការក្លិបបាល់ទាត់កោះកុងអែហ្វស៊ី) ធ្លាប់ជាអតីតកីឡាករជម្រើសជាតិកម្ពុជា ដូចគ្នា៕

 

ប្រភព៖ fifa.com

មតិយោបល់