Mustafa Zazai៖ “ខ្ញុំបានប្រឹងប្រែងខ្លាំងណាស់ សម្រាប់ការវិលត្រលប់ចូលក្រុមជម្រើសជាតិវិញ”

មាស សុផាណារ៉ុង April 30, 2021


 

ភ្នំពេញ៖ ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់វិសាខា Mustafa Zazai ទើបតែទទួលបានការកោះហៅចូលក្រុមជម្រើសជាតិរបស់ខ្លួន (អាហ្វហ្គានីស្ថាន) សារជាថ្មី កាលពីម្សិលមិញនេះ ដែលវាគឺជាការកោះហៅលើកដំបូងបន្ទាប់ពីរូបគេខកខានចូលរួមជាមួយក្រុមជម្រើសជាតិ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩។

វាមិនមែនជារៀងចៃដន្យឡើយ ដ្បិតសាមីខ្លួនបានបង្ហើបឲ្យ សារព័ត៌មាន camsports.org ដឹងថា ខ្លួនបានប្រឹងប្រែងខ្លាំងណាស់ សម្រាប់ការទទួលបានឱកាសវិលត្រលប់ចូលក្រុមជម្រើសជាតិវិញបែបនេះ។

“ខ្ញុំមានមោទកភាព។ វាគឺលើសអ្វីៗទាំងអស់ ដើម្បីបានលេងតំណាងឲ្យប្រទេសរបស់អ្នក។ ពេលចុងក្រោយដែលខ្ញុំត្រូវបានគេកោះហៅ គឺកាលពី ២ឆ្នាំមុន។ ខ្ញុំបានប្រឹងប្រែងខ្លាំងណាស់ សម្រាប់ការវិលត្រលប់ចូលក្រុមជម្រើសជាតិវិញ ដោយព្យាយាមផ្ដល់នូវអ្វីគ្រប់យ៉ាងទាំងនៅពេលហ្វឹកហាត់ និងនៅពេលប្រកួត ហើយក៏ហ្វឹកហាត់បន្ថែមនៅខាងក្រៅផងដែរ។ ខ្ញុំទន្ទឹងរង់ចាំការប្រកួតណាស់។” សម្ដីរបស់ Mustafa Zazai។

ចំពោះអវត្តមាននាពេលកន្លងមកពិក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន Zazai មិនបានដឹងច្បាស់ពីមូលហេតុឡើយ ប៉ុន្តែរូបគេនៅតែជឿជាក់លើខ្លួនឯងថាធ្វើបានល្អ ហើយវាស្ថិតនៅលើការសម្រេចចិត្តរបស់គ្រូបង្វឹក។

អំពីស្ថានភាពនាពេលបច្ចុប្បន្នវិញ អតីតកីឡាកររបស់ក្លិបភ្នំពេញក្រោន រូបនេះបានបន្តទៀតថា៖ “យើងមានការរៀបចំក្រុមមុនរដូវកាលថ្មីមកដល់ជាយូរមកហើយ ហើយក្នុងអំឡុងពេលនោះយើងពិតជាបានធ្វើការបានល្អ ដូចជាក្រុមតែមួយ។ ហើយឥឡូវនេះក្នុងអំឡុងពេលនៃការបិទខ្ទប់ យើងបានហ្វឹកហាត់ជារៀងរាល់ថ្ងៃ។ យើងទទួលបានផែនការពីគ្រូបង្វឹករបស់យើង។ ខ្ញុំមានអារម្មណ៍ថាមិនមានជាបញ្ហាចោទអ្វីឡើយ និងបានត្រៀមខ្លួនរួចរាល់ផងដែរ។ ខ្ញុំសង្ឃឹម និងបន់ឲ្យស្ថានភាពកូវីដ-១៩ នៅកម្ពុជា អាចត្រូវបានដោះស្រាយឆាប់ៗ ហើយការរស់នោតាមបែបគន្លងថ្មីអាចវិលត្រឡប់មកវិញ រួមទាំងបាល់ទាត់ផងដែរ។”

សូមបញ្ជាក់ថា Mustafa Zazai បានជាប់ជម្រើសជាតិអាហ្វហ្គានីស្ថាន តាំងពីឆ្នាំ២០១៤ និងធ្លាប់បានរួមចំណែកជួយឲ្យជម្រើសជាតិអាហ្វហ្គានីស្ថាន ឈ្នះកម្ពុជា ទាំងពីរលើក ក្នុងវគ្គជម្រុះ ដើម្បីឡើងទៅប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ( 2018 FIFA World Cup qualification ) ក្នុងពូល E កាលពីឆ្នាំ២០១៥ ផងដែរ ដោយជើងទី១ នៅទឹកដីកម្ពុជា ដែលឈ្នះ ០ទល់១ រូបគេរកគ្រាប់បាល់បាន ១គ្រាប់ និងជើងទី២ ដែលឈ្នះ ៣ទល់០ ក៏រកបាន ១គ្រាប់ដូចគ្នា៕

មតិយោបល់