Hanoi កំពុងត្រដាបត្រដួសនៅវៀតណាម តែគ្រូបឹងកេត នៅតែមានសុទ្ធិដ្ឋិនិយមចំពោះគូប្រកួតមួយនេះ ក្នុង AFC Cup

មាស សុផាណារ៉ុង April 30, 2021


 

ភ្នំពេញ៖ ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២០ ក្លិបបាល់ទាត់បឹងកេត បាននឹងកំពុងត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) នាមជាក្រុមតំណាងកម្ពុជា។

ក្រុមរហស្សនាម “នាគខៀវ​” នឹងត្រូវស្ថិតនៅពូល G ជាមួយ Hanoi FC (វៀតណាម), Bali United (ឥណ្ឌូនេស៊ី) និងក្រុមឈ្នះវគ្គជម្រុះ រវាង Chanthabouly អតីត Lao Toyota របស់ឡាវ ជាមួយ Kasuka FC របស់ព្រុយណេ។

យ៉ាងណាមិញ គេសង្គេតឃើញមួយរយៈចុងក្រោយ ក្រុមដែលគ្រប់គ្នាគិតថាខ្លាំងជាងគេក្នុងពូល Hanoi FC កំពុងតែមានបញ្ហាធ្លាក់ចុះទម្រង់ខ្លាំងនៅលីគកំពូលវៀតណាម ក្រោយប្រកួត ១១ដង រកបានតែ ១៣ពិន្ទុ និងឈរនៅលេខ១០ ហើយតាមពីក្រោយក្រុមកំពូលតារាងដល់ទៅ ១៥ពិន្ទុ​ ខណៈ លោក គឹម ភក្ដី នៅតែមានសុទ្ធិដ្ឋិនិយមចំពោះគូប្រកួតមួយនេះដដែល។

ថ្លែងនៅលើគេហទំព័រផ្លូវការរបស់ក្លិប លោក គឹម ភក្ដី បាននិយាយដូច្នេះថា៖ “ខ្ញុំតែងតែតាមដានការប្រកួតរបស់ក្រុម Hanoi ជាការពិតយើងឃើញថាលទ្ធផលចំណាត់ថ្នាក់ពុំសូវល្អ តែការប្រកួតរបស់ពួកគេនូវតែមានកំរិតល្អមួយដែលមិនអាចមើលរំលងបាន ដូចច្នេះយើងត្រូវការពេលហ្វឹកហាត់បានល្អ ដើម្បីការប្រកួតដ៏ល្អនេះ។”

ជុំវិញការត្រៀមខ្លួនសម្រាប់ពានរង្វាន់ដដែលខាងលើ ក្នុងខណៈដែលត្រូវបានលើកពេលសារជាថ្មី លោក គឹម ភក្ដី បានបន្តទៀតថា៖ “ការលើការប្រកួត ទៅចុងខែមិថុនា វាជាពេលវេលាល្អមួយ ក្នុងស្ថានភាពរបស់យើងនាពេលបច្ចុប្បន្ន គិតពីពេលនេះ យើងកំពុងតែស្រពិចស្រពិលនៅឡើយពីស្ថានភាព ជំងឺកូវិតនៅប្រទេសរបស់យើង ដោយសារក្រុមយើងមិនទាន់បានប្រមូលផ្តុំគ្នាធ្វើការហ្វឹកហាត់នៅឡើយទេ។ ខ្ញុំសង្ឃឹមថា នាពេលដ៏ខ្លីខាងមុខនេះយើងអាចបើកការហ្វឹកហាត់វិញបាន (ព្រោះអ្វីដែលខ្ញុំបារម្មណ៏គឺការប្រកួត AFC នេះដែលមានក្រុមខ្លះដូចជា Hanoi គេកំពុងមានការប្រកួតជាប់ក្នុង លីគគេ)។”

យ៉ាងណាមិញ គ្រូបង្វឹកដដែលរូបនេះសម្ដែងការព្រួយបារម្ភអំពីការត្រៀមលក្ខណៈរបស់ក្រុមផងដែរ ដ្បិតមកទល់ពេលនេះពុំទាន់ដឹងពីទីតាំងដែលខ្លួនត្រូវទៅប្រកួតនៅឡើយ ព្រោះលោកត្រួវការរៀបចំក្រុមទៅតាម បរិយាកាសប្រទេសនីមួយៗដែលក្រុមត្រូវលេង ដូច្នេះមានតែប្រឹងប្រែងសំរបខ្លួនគ្រប់កាលទេសប៉ុណ្ណោះ។

សូមបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ បឹងកេត នឹងត្រូវបើកយុទ្ធនាការប្រកួតក្នុងពានរង្វាន់ AFC Cup នៅថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ខណៈប្រទេសដែលត្រូវទទួលធ្វើជាម្ចាស់ទឹកដីកណ្ដាលនោះនៅមិនទាន់ត្រូវបានកំណត់នៅឡើយ៕

 

រូបភាព៖ ក្លិបបឹងកេត – Boeung Ket Football Club

មតិយោបល់