Spur នឹងប្រើប្រាស់ឯកសណ្ឋានដែលផលិតដោយអង្គការផ្កាយសមុទ្រនៅកម្ពុជា សម្រាប់ការប្រកួតថ្ងៃអាទិត្យនេះ

មាស សុផាណារ៉ុង April 30, 2021


 

អង់គ្លេស៖ ក្នុងជំនួបជាមួយក្រុម​ Sheffield United នាថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១នេះ ក្រុម ​Tottenham Hotspur នឹងប្រើប្រាស់ឯកសណ្ឋានពិសេសមួយរបស់ខ្លួនដែលត្រូវបានផលិតឡើងដោយអង្គការផ្កាយសមុទ្រឥណ្ឌូចិន ឬ ISF Cambodia (ISF) ដែលមានទីស្នាក់ការស្ថិតនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីគាំទ្រលើការលើកកម្ពស់ផ្នែកសុខុមាលភាពប្រជាជននៅតំបន់អាសុីប៉ាសុីហ្វិក ស្របទៅតាមភាពជាដៃគូជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង AIA ដោយនៅលើអាវដែលមានឡូហ្គោ AIA នឹងត្រូវជំនួសវិញដោយឡូហ្គូរបស់អង្គការផ្កាយសមុទ្រ វិញ។​

ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្លឹប Tottenham រំពឹងថា យុទ្ធនាការនេះនឹងចូលរួមចំណែកដល់ការបង្កើនមូលនិធិសម្រាប់អង្គការក្នុងការប្រើប្រាស់ទៅលើសកម្មភាពអប់រំ កីឡា ការអភិវឌ្ឍន៍ធនធានមនុស្ស​ក៏ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កុមារ យុវជន ស្រីម៉េម៉ាយ ឬចាស់ជរា ដែលមានជីវភាពខ្វះខាតព្រមទាំងអាចផ្លាស់ប្តូុរជីវិតរបស់ពួកគេថែមទៀតផង។

លើសពីនេះទៅទៀត បន្ទាប់ពីការប្រកួត ក្លឹបបាល់ទាត់ Tottenham Hotspur នឹងដាក់ដេញថ្លៃអាវកីឡាដែលត្រូវបានពាក់ និងចុះហត្ថលេខាដោយកីឡាកររបស់ក្លឹប។ ថវិកាទាំងអស់ដែលបានពីការដេញថ្លៃតាមប្រព័ន្ធអ៊ីធើណេតនេះនឹងត្រូវបានបរិច្ចាកជូនដល់អង្គការផ្កាយសមុទ្រកម្ពុជា និងមូលនិធិ Tottenham Hotspur Foundation។ កិច្ចសហការ និងអ្នកចូលរួមរៃអង្កាសដ៏អស្ចារ្យទាំងនេះបានដំណើរការឡើងក្នុងវេលាមួយដ៏សមគួរបំផុត ក្នុងខណៈដែលក្រុមគ្រួសារជាច្រើននៅប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីឌ ១៩ ។

សូមបញ្ជាក់ដែរថា នៅក្នុងប្រទេសកម្ពុជាឯណេះវិញ អង្គការផ្កាយសមុទ្រឥណ្ឌូចិន ក៏ជាដៃគូរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលបានផលិតម៉ាស្គ៍សម្រាប់ក្លឹបប្រើប្រាស់ និងលក់ជូនអ្នកគាំទ្រដើម្បីជាផ្នែកមួយជួយដល់ការសម្រួលជីវភាពរបស់ស្ត្រីក្រីក្រ ដែលកំពុងបំពេញការងារលើជំនាញកាត់ដេរនៅក្នុងមណ្ឌលរបស់អង្គការផ្ទាល់៕

មតិយោបល់