CEO ក្លិបម៉ាឡេស៊ី Selangor ចេញមុខច្រានចោលព័ត៌មានចង់បាន លោក Honda មករួមក្រុម

មាស សុផាណារ៉ុង April 29, 2021


 

ម៉ាឡេស៊ី៖ នាយកប្រតិបត្តិក្លិប Selangor FC គឺលោក Johan Kamal Hamidon ចេញមុខច្រានចោលព័ត៌មានដែលលេចឭប៉ុន្មានថ្ងៃនេះថា ក្លិបរបស់លោកចង់បាន លោក Keisuke Honda ទៅរួមក្រុម។

លោក Johan Kamal Hamidon ដែលត្រូវបានសម្ភាសដោយ ទូរទស្សន៍ Astro Arena បានឆ្លើយតបទៅនឹងពាក្យចចាមអារាមអំពីអតីតកីឡាករជម្រើសជាតិជប៉ុន Keisuke Honda ដែលត្រូវបានគេសង្ស័យកំពុងមានទំនាក់ទំនងទៅចូលរួមជាមួយក្រុមរហស្សនាមស្រមោចក្រហម នៅពេលដែលទីផ្សារដោះដូរលីគកំពូលម៉ាឡេស៊ី បើកនៅខែក្រោយ។

“ឥឡូវនេះ ពាក្យចចាមអារាមមិនពិតទេ។ យើងមិនដែលទាក់ទង ឬនិយាយពីឈ្មោះរបស់ Keisuke Honda ទេ។” លោក Johan Kamal Hamidon បាននិយាយដូច្នេះ។

បុរសសញ្ជាតិម៉ាឡេស៊ី ដដែលរូបនេះ បានបន្តថា៖ “យើងមិនមានផែនការបែបនេះទេ ពីព្រោះយើងចង់ផ្តោតលើកីឡាករដែលមានសក្តានុពលខ្ពស់ និងកីឡាករវ័យក្មេងដែលមាន។ កីឡាករល្បីឈ្មោះ មិនមែនជាអាទិភាពរបស់យើងទេ។”

សូមបញ្ជាក់ថា អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា Keisuke Honda (អតីតកីឡាករជម្រើសជាតិជប៉ុន) បានចូលរួមជាមួយក្លិប Neftci PFK នៃក្របខ័ណ្ឌ Azerbaijan Premier League របស់អាស៊ែបៃហ្សង់ កាលពីពាក់កណ្ដាលខែមិនា កន្លងទៅ ដោយមានកិច្ចសន្យាត្រឹមចុងខែឧសភា ខាងមុខនេះប៉ុណ្ណោះ ដែលជាហេតុនាំឲ្យមានការលើកឡើងជាពាក្យចចាមអារាម ថាក្លិបម៉ាឡេស៊ី មួយនេះចង់បានយកទៅរួមក្រុមគ្រាដែលទីផ្សារដោះដូរលីគកំពូលម៉ាឡេស៊ី បើកនៅខែក្រោយផងដែរ៕

 

ប្រភព៖ Astro Arena

មតិយោបល់