VAR នឹងត្រូវយកមកប្រើប្រាស់ក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Cup ជាលើកដំបូងនៅឆ្នាំនេះ

មាស សុផាណារ៉ុង April 29, 2021


 

អាស៊ី៖ ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) នឹងត្រូវយកមកប្រើប្រាស់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ AFC Cup ជាលើកដំបូងនៅឆ្នាំនេះ ហើយបន្តអនុវត្តសម្រាប់រដូវកាលទី២ ជាប់ៗគ្នា ពីវគ្គ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ AFC Champions League ឆ្នាំ២០២១ ផងដែរ។

បន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងរបស់ VAR ក្នុងការប្រកួតពានរង្វាន់ AFC Champions League លើកមុន ដែលជាព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្ត្ររបស់ការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC Club Competitions) សហព័ន្ធសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងបន្តកំណត់គោលថ្មី សម្រាប់អាជ្ញាកណ្តាលទ្វីបអាស៊ី ដោយបន្ថែមប្រព័ន្ធនេះនៅក្នុងពាន AFC Cup វគ្គផ្ដាច់ព្រ័ត្រ។

ការរួមបញ្ចូល VAR ក្នុងការប្រកួត AFC បានចាប់ផ្តើមពីដំណាក់កាលចុងក្រោយនៃព្រឹត្តិការណ៍ជើងឯកទ្វីបអាស៊ី (AFC Asian Cup UAE 2019) មុនពេលប្រព័ន្ធនេះត្រូវបានអនុម័តនៅគ្រប់ការប្រកួតទាំង៣២ ក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី (AFC U23 Championship) ប្រទេសថៃ កាលពីដើមឆ្នាំ២០២០។

តាមរយៈសិក្ខាសាលាជាច្រើន AFC ត្រូវបានទទួលស្គាល់សម្រាប់ការឲ្យអនុវត្តប្រព័ន្ធ VAR ដែលត្រូវបានយល់ព្រមដោយ FIFA និង IFAB ។ ដើម្បីធានាបាននូវការរួមបញ្ចូល VAR យ៉ាងរលូននៅក្នុងការប្រកួតរបស់ AFC វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា VAR ជាច្រើនត្រូវបានរៀបចំឡើងចាប់តាំងពីខែមីនា ឆ្នាំ២០១៧។

ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) មានគោលបំណងផ្តល់នូវភាពសុក្រឹត ហើយត្រូវបានកំណត់ចំពោះការសម្រេចចិត្ត ឬឧប្បត្តិហេតុដែលនាំឲ្យមានការផ្លាស់ប្តូរការប្រកួតចំនួន ៤ករណីជាពិសេស រួមមាន ការទាត់បាល់ចូលទី ឬមិនចូល, ការទាត់បាល់ពិន័យ ១១ម៉ែត្រ, កាតក្រហមភ្លាមៗ និងការសម្រេចចិត្តចំពោះការកំណត់អត្តសញ្ញាណខុស៕

 

ប្រភព៖ the-afc.com

មតិយោបល់