បារ៉ែន ណាត់ អ៊ុយក្រែន ប្រកួតមិត្តភាពមុនបើកឆាកប៉ះ កម្ពុជា ដើម្បីត្រៀមការវិលត្រលប់មកវិញវគ្គជម្រុះ World Cup

មាស សុផាណារ៉ុង April 29, 2021


 

បារ៉ែន៖ ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន បានកំណត់ថ្ងៃប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ជាមួយ ជម្រើសជាតិអ៊ុយក្រែន មុនការវិលត្រលប់មកវិញវគ្គជម្រុះ World Cup ប្រចាំពូល C ដែលគេធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាល ដែលបើកឆាកប៉ះ កម្ពុជា ផ្ទាល់តែម្ដង។

តាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់បារ៉ែន ជាការត្រៀមខ្លួនឲ្យកាន់តែល្អប្រសើរ ក្រុមដែលនៅតំបន់អាស៊ីខាងលិចមួយនេះ នឹងជួបប្រកួតកម្ដៅសាច់ដុំ ជាមួយក្រុមនៅតំបន់អ៊ឺរ៉ុប ជម្រើសជាតិអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ពោលគឺ ១១ថ្ងៃមុនជួបកម្ពុជា។

បន្ទាប់ពីការប្រកួតជាមួយ អ៊ុយក្រែន ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន ក៏គ្រោងប្រកួតជាមួយ ជម្រើសជាតិម៉ាឡេស៊ី ផងដែរនៅថ្ងៃទី២៨ ខែឧសភា គ្រាដែលទីតាំងពុំទាន់កំណត់នៅឡើយ។

គួររំឭកថា ដោយសារក្តីបារម្ភនៃជំងឺកូវីដ-១៩ ការប្រកួត វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ដែលនៅសេសសល់នឹងត្រូវធ្វើឡើងនៅទឹកដីកណ្តាល ពោលគឺប្រទេសដែលមានសុវត្ថិភាព និងមានលក្ខខណ្ឌគ្រប់គ្រាន់ជាងគេណាមួយក្នុងចំណោមប្រទេសដែលរួមពូលនីមួយៗ ឲ្យធ្វើជាម្ចាស់ផ្ទះ ជាក់ស្ដែង ក្រុមជម្រើសជាតិកម្ពុជា ដែលស្ថិតនៅពូល C ជាមួយ អ៊ីរ៉ាក់, អ៊ីរ៉ង, បារ៉ែន និងហុងកុង នោះ ទីបំផុតសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចឲ្យប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាលទទួលក្រុមទាំង ៤ខាងលើ។

សម្រាប់ក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា។

អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មិន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែន ចំនួន ២ពិន្ទុ​ (មាន ៩ពិន្ទុក្នុងដៃ) ខណៈអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃ ខណៈ ហុងកុង (លេខ៤) កម្ពុជា (លេខ៥) ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ៕

មតិយោបល់