គ្រូសូលទីឡូអង្គរ សម្ដែងសុទិដ្ឋិនិយមជុំវិញកូនក្រុមរបស់ខ្លួននៅដូវកាល២០២១ នេះ សម្បូរទៅដោយយុវជន

មាស សុផាណារ៉ុង April 28, 2021


 

សៀមរាប៖ លោក Darren Pomroy គ្រូបង្វឹកនៃក្លិបសូលទីឡូអង្គរ ហាក់សម្ដែងសុទិដ្ឋិនិយម សម្រាប់កីឡាកររបស់ខ្លួននៅរដូវកាល២០២១ ដែលភាគច្រើនពោរពេញទៅដោយយុវជន ថានឹងធ្វើបានល្អ ហើយរីកចម្រើនជាងរដូវកាលមុន។

និយាយបែបនេះ គឺដោយហេតុថាបច្ចុប្បន្ន សូលទីឡូអង្គរ កំពុងសម្បូរពោរពេញទៅដោយកីឡាករយុវជន ក្នុងនោះកីឡាករដែលមានវ័យចាស់ជាងគេគឺវ័យ ២៩ឆ្នាំតែម្នាក់គត់ និងជាកីឡាករជប៉ុន ខណៈភាគច្រើនក្រៅពីនេះ គឺមានវ័យក្រោម ២១ឆ្នាំ និងសុទ្ធសឹងជាយុវជនដែលមកពីក្លិបពាក់កណ្ដាលអាជីព។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន camsports.org លោក Darren Pomroy បានបញ្ជាក់ដូច្នេះថា៖ «នៅក្នុងគំនិតរបស់ខ្ញុំ ខ្ញុំគ្មានការសង្ស័យថាមិនត្រឹមតែយើងនឹងបន្តរក្សាខ្លួនលេងនៅលីគកំពូលកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏នឹងធ្វើឱ្យប្រសើរឡើងជាងរដូវកាលមុនផងដែរ។»

«នេះជាក្រុមវ័យក្មេងណាស់ ដែលមានន័យថាវាត្រូវការពេលវេលាដើម្បីរៀន ការអភិវឌ្ឍ បង្កើតកំហុសហើយរៀនពីវា និងកែលម្អ។ វាត្រូវការពេលវេលា។ ការប្រកួតបើកឆាកគ្រាប់បាល់ ពិតជាមិនល្អទេ តែលេងទល់នឹងក្រុមកំពូល ដែលយើងមានគ្នាតែ ១០នាក់ ការប្រកួតទាំងមូល គឺមិនអាចទៅរួចទេ។ ប្រសិនបើខ្ញុំក្រឡេកមើលស្ថិតិប្រកួតជាមួយទ័ព យើងបានផ្សារភ្ជាប់ការប្រកួតជាមួយពួកគេ ហើយធ្វើបានល្អជាងនៅតំបន់ជាច្រើន។ យើងចាញ់ដោយសារមានកំហុសឆ្គងមួយចំនួន យើងរំពឹងថា ផ្តល់ពេលវេលាដល់ក្រុមនេះហើយពួកគេនឹងធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើល។» គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបានបន្ថែម។

និយាយអំពីស្ថានភាពក្រុមនាពេលបច្ចុប្បន្នអំឡុងពេលផ្អាកលីគ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ វិញ លោក Darren Pomroy បានឲ្យដឹងថា៖ «គ្រប់គ្នាមានការខកចិត្តខ្លះៗដែរ។ យើងលេងបានតែ ២ប្រកួតក្នុងរយៈពេល ២ខែ។ កីឡាករកំពុងធ្វើការយ៉ាងខ្លាំងនៅផ្ទះ ដោយមានកាយសម្បទារឹងមាំ ហើយយើងមានកម្មវិធីហ្វឹកហាត់បច្ចេកទេសតាមបច្ចេកវិទ្យា ដែលពួកគេកំពុងធ្វើការជាមួយ។»

សូលទីឡូអង្គរ ក្នុងលីគនាពេលបច្ចុប្បន្ន ក្រោយប្រកួតបាន ២ប្រកួត គឺពុំទាន់ស្គាល់ពាក្យថាឈ្នះ ឬស្មើនៅឡើយទេ ដោយ ២ប្រកួត ចាញ់ទាំង ២ប្រកួត មាន ០ពិន្ទុ ហើយនឹងស្ថិតនៅបាតតារាង (លេខ១៣) ថែមទៀតផង។

គួរបញ្ជាក់ថា មកទល់ពេលនេះ លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានផ្អាកការប្រកួតជា ៣សប្ដាហ៍មកហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យ៉ាងណាមិញ ចំពោះការត្រឡប់មកវិញ នៃលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតវិញពេលណា នៅមិនទាន់កំណត់កាលបរិច្ឆេទថ្មីនោះទេ ស្របពេលបច្ចុប្បន្នជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាល។

 

រូបភាព៖ Metfone Cambodian League

មតិយោបល់