វិសាខា គ្រោង​​បញ្ចប់​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុងកីឡដ្ឋានខ្លួនទាំង​អស់ នៅចន្លោះ​ឆ្នាំ​២០២៣-២៤

មាស សុផាណារ៉ុង April 27, 2021


 

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ក្លិបបាល់ទាត់វិសាខា បានបង្ហាញពីវឌ្ឍនភាពនៃកីឡដ្ឋានរបស់ខ្លួន គឺកីឡដ្ឋានព្រីនស៍​ ដែលបាននឹងកំពុងសាងសង់ចារៀងរាល់ថ្ងៃឥតស្រាក់ស្រាន្ត ដើម្បី​ស្វា​គមន៍​ការ​ប្រ​កួត​ថ្នាក់​ជាតិ និង​អន្ដរ​ជាតិ​នានា។

ដោយផ្អែក​លើ​ចក្ខុ​វិ​ស័យ​ដ៏​វែង​ឆ្ងាយ​របស់​ថ្នាក់​ដឹក​នាំ​ក្លិប ផែន​ការ​មេ​នៃ​គម្រោង​មួយ​នេះ នៅ​មិន​ទាន់​បញ្ចប់​នោះ​ទេ ដោយ​ថ្នាក់​ដឹក​នាំ បាន​នឹង​កំ​ពុង​ជំ​រុញ​ការ​សាង​សង់ កែ​លម្អ និង​បំ​ពេញ​បន្ថែម​មួយ​ចំ​នួន​ទៀត ដើម្បី​ប្រែ​ក្លាយ​កី​ឡ​ដ្ឋាន​​ឲ្យ​ក្លាយ​ជា​កី​ឡ​ដ្ឋាន​ស្ដង់​ដារ​អន្ដរ​ជាតិ​មួយ ដែល​អាច​ទទួល​ការ​ប្រ​កួត​គ្រប់​កម្រិត​នា​ថ្ងៃ​អនាគត ។

ជាមួយគ្នានេះ ក្លិបបានលើកយកវឌ្ឍនភាព ​៥ចំណុច នៃ​ដំ​ណើរ​វិវឌ្ឍន៍​របស់​កី​ឡ​ដ្ឋាន​ព្រីនស៍ នា​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត ក្រោម​ការ​ដឹក​នាំ​របស់​លោក​​ជំ​ទាវ​ប្រ​ធាន​ក្លិប កែ សួនសុភី ដើម្បី​ចូល​រួម​លើក​កម្ពស់ និង​អភិ​វឌ្ឍន៍​វិ​ស័យ​កី​ឡា​បាល់​ទាត់​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត ដែលរួមមានដូចជា៖

ទី១- ផែនការមេរបស់ក្លិប សម្រាប់​ការ​សាង​សង់គម្រោង​កីឡ​ដ្ឋាន​ព្រីនស៍ គឺ​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​អស់ នៅ​ចន្លោះ​ឆ្នាំ​២០២៣-២០២៤ ដើម្បី​បម្រើសេវាផ្សេងៗ ជាមួយការផ្ដល់នូវបទពិសោធល្អៗ ដល់​ភ្ញៀវ និង​ក្រុម​អ្នក​គាំទ្រ​ ដែល​អញ្ជើញ​មក​កីឡ​ដ្ឋាន​ព្រីនស៍ ជា​មួយ​ការ​ទស្សនា​ការ​ប្រ​កួត​ដ៏​អស្ចារ្យ​គ្រប់​ការ​ប្រ​កួត​នៅ​កីឡ​ដ្ឋាន​ ។

ទី២-ក្លិបបានបំពេញរួចរាល់ ១០០% សម្រាប់ទីលានបាល់ទះ​វិសាខា ទី​លាន​ស្មៅ​សិប្ប​និម្មិត Visakha Store កន្លែង​ហាត់​ប្រាណ (GYM) និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​មួយ​ចំនួនទៀត ។

ទី៣-ក្លិបបានបំពេញផែនការមេ ប្រមាណ ៧០% ហើយ ដោយ​បាន​កែសម្រួលនូវ Stand Prince Stadium ក្នុងការ​ជួស​ជុល​តំឡើង​កម្ពស់​ដំបូល និង​កៅអី ដើម្បី​ធ្វើឲ្យ​វាបន្ស៊ីគ្នា ។ រីឯ Jinbei Stand កំពុង​រៀបចំ​ឌីហ្សាញ់ ដើម្បីកែលម្អឲ្យវាមានភាព​ល្អប្រសើរ ស្រប​ពេល Sophyna Stand និង Sophyna Lounge ក្លិបបានសម្រេចការសាងសង់ប្រហែល ៧០% ក្នុង​នោះ​បន្ទប់​បច្ចេក​ទេស បន្ទប់​កម្សាន្ដ សាលប្រជុំ និង​ការិយាល័យការងារ ក៏ធ្វើហើយប្រហែល ៧០% ដែរ ។

ទី៤-ការសាងសង់ផ្លូវ និងស្ពានថ្មី ដើម្បីសម្រួលការ​ធ្វើដំ​ណើរ​ចូល​មក​កីឡ​ដ្ឋាន​ព្រីនស៍ ដោយ​ឈប់​ធ្វើ​ដំ​ណើរចូលតាមហ្គ្រេន​ភ្នំពេញ ដោយផ្លូវ និងស្ពានថ្មីនេះ នឹង​ធ្វើ​ក្បែរ Stand ធំ គឺ Prince Stadium ហើយនៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២២ ក្លិប​នឹង​ធ្វើ Stand ថ្មីមួយទៀត នៅជំហាងខាង Scoreboard បច្ចុប្បន្ន គឺ P&J Stand ។

ទី៥-ក្លិបនឹងរៀបចំអាគារស្នាក់នៅស្ដង់ដារ សម្រាប់​បុគ្គលិក និង​កីឡាករ​ប្រ​មាណ​ជាង ២០០នាក់ នៅ​ក្នុងបរិវេណ​កីឡដ្ឋាន ហើយ​គម្រោង​នេះ នឹង​ធ្វើ​នា​ចុងខែតុលា ឆ្នាំ២០២៣ ខាងមុខ ។

សូមបញ្ចាក់ថា កី​ឡ​ដ្ឋាន​ បាន​ចាប់​ផ្ដើម​សាង​សង់ នៅ​ចុង​ឆ្នាំ​២០១៧ ហើយ​បាន​សាង​សង់​រួច​រាល់​ជា​ស្ថា​ពរ និង​បើក​ទ្វារ​ស្វា​គមន៍​ការ​ប្រ​កួត​ពាន​រង្វាន់​លីគកំពូលកម្ពុជា​ លើកដំ​បូងនៅ​ឆ្នាំ​២០១៩៕

 

រូបភាព៖ ក្លិបបាល់ទាត់វិសាខា

មតិយោបល់