AFC Cup វគ្គចែកពូល ផ្លាស់ប្ដូរកាលបរិច្ឆេទថ្មី ដែលនាំឲ្យពាក់ព័ន្ធម្ចាស់ជើងឯកទាំង២ របស់កម្ពុជា

មាស សុផាណារ៉ុង April 27, 2021


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចធ្វើការកំណត់ពេលវេលាឡើងវិញនៃការប្រកួតជម្រុះ AFC Cup វគ្គចែកពូល សម្រាប់នៅតំបន់អាស៊ាន (ASEAN Zone Group Stage) ដែលដើមឡើយគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់២៨ ខែមិថុនា។

យោងតាមការសម្រេច ការប្រកួតនៅក្នុងពូល H នឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ខណៈការប្រកួតក្នុងពូល I គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដាឆ្នាំ ២០២១។

ការសម្រេចកែសម្រួលឡើងវិញសម្រាប់តំបន់អាស៊ាននេះ គឺបន្ទាប់ពីមានការបញ្ជាក់ពីកាលវិភាគប្រកួតថ្មីសម្រាប់ ការប្រកួតជម្រុះពានរង្វាន់ AFC Champions League (ប្រចាំតំបន់អាស៊ីបូព៌ា) ដែលពេលនេះត្រូវបានគ្រោងធ្វើនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ហើយអាស្រ័យលើលទ្ធផលនៃការប្រកួតវគ្គជម្រុះជុំដំបូង Preliminary Stage អាចមានក្រុមមកពីតំបន់អាស៊ានចូលរួមផងដែរ។

រាល់លក្ខខណ្ឌផ្សេងទៀតទាក់ទងទៅនឹងព្រឹត្តិការណ៍ AFC Cup ឆ្នាំ ២០២១ នៅតែដដែល ជាមួយពូល H ហើយនិងពូល I គ្រោងនឹងធ្វើឡើងនៅទឹកដីកណ្ដាលប្រទេសសឹង្ហបុរី ខណៈទីលានសំរាប់ពូល G នឹងត្រូវសំរេចនៅពេលក្រោយ។

សូមរំឭកជាថ្មីថា បឹងកេត ជាមួយ វិសាខា នឹងតំណាងឲ្យក្រុមមកពីកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ ដោយ បឹងកេត (ជើងឯកលីគកំពូលកម្ពុជា) នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះ ខណៈវិសាខា (ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន) ត្រូវប្រកួតជម្រុះជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល។

បឹងកេត ត្រូវប្រកួតក្នុងពូល G ជាមួយ Hanoi (វៀតណាម), Bali United (ឥណ្ឌូនេស៊ី) និងក្រុមឈ្នះវគ្គជម្រុះ រវាង Chanthabouly អតីត Lao Toyota របស់ឡាវ ជាមួយ Kasuka របស់ព្រុយណេ ស្របពេលដែលវិសាខា ត្រូវឡើងទៅពូល H ដែលមាន Kedah Darul Aman (ម៉ាឡេស៊ី), Lion City Sailors (សិង្ហបុរី) និង Saigon (វៀតណាម) អង្គុយរង់ចាំរួចជាស្រេច៕

មតិយោបល់