លោក Colum ថាកីឡាករវិសាខា ត្រៀមខ្លួនរួមចំណែកសម្រាប់ប្រវត្តិសាស្ត្ររបស់ក្លិប ក្នុងពាន AFC Cup

មាស សុផាណារ៉ុង April 26, 2021


 

ភ្នំពេញ៖ លោក Colum Curtis គ្រូបង្វឹកនៃក្លិបបាល់ទាត់វិសាខា បានបង្ហើបឲ្យដឹងថា កីឡាករវិសាខា ត្រៀមខ្លួនរួមចំណែកសម្រាប់ប្រវត្តិសាស្ត្ររបស់ក្លិប ក្នុងពាន AFC Cup រួចជាស្រេចហើយ គ្រាដែលឆ្នាំនេះ ក្លិបនឹងបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់នេះជាលើកដំបូង។

យោងតាមការចេញផ្សាយសារព័ត៌មានឥណ្ឌូនេស៊ី  ក្លិបបាល់ទាត់វិសាខា ដែលតំណាងកម្ពុជា ចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup វគ្គជម្រុះ ជាមួយ ក្លិបរបស់ទីម័រ Lalenok United អាចប្រកួតតែ ១លើកហើយនឹងឡើងទៅវគ្គចែកពូលតែម្ដង។ ដ្បិតពុំទាន់ផ្លូវការប៉ុន្តែ គ្រូបង្វឹកនៃក្លិបបាល់ទាត់វិសាខា ក៏មានយោបល់ខ្លះៗផងដែរជុំវិញករណីនេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន camsports.org លោក Colum Curtis បានលើកឡើងដូច្នេះថា៖ «បាទ! ប្រសិនបើយើងមានការប្រកួតតែមួយលើក ជាមួយ Lalenok ដើម្បីឡើងទៅវគ្គចែកពូល នោះវាពិតជាអស្ចារ្យណាស់សម្រាប់ពួកយើងជាងទម្រង់មុន។ ដំបូងយើងនឹងធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើទៅបាន ដើម្បីយកឈ្នះ Lalenok។ កីឡាករដឹងថាពួកគេនឹងក្លាយជាចំណែកក្នុងប្រវត្តិក្លិប នាមជាក្រុមដំបូងគេដែលនាំវិសាខាឡើងទៅវគ្គចែកពូលនៃពានរង្វាន់របស់ AFC (AFC Cup) ហើយពួកគេកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើរឿងនេះឡើង។ សម្រាប់ពេលនេះយើងរង់ចាំព័ត៌មានបន្ថែមពី គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ទាក់ទងនឹងការវិលត្រឡប់នៃលីគកំពូលកម្ពុជា។»

គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើង រូបនេះបានបន្តទៀតថា៖ «ក្រុមបន្ទាប់ដែលយើងត្រូវជួបប្រកួតជាមួយ គឺជាការប្រកួតដ៏សំខាន់បំផុតសម្រាប់ក្រុម បុគ្គលិក និងរួមទាំងខ្ញុំ។ វាជាការងាររបស់យើងក្នុងការរៀបចំកីឡាករសម្រាប់ក្រុមណាដែលយើងជួបបន្ទាប់។ មិនថា MCL ឬ AFC ទេ វិសាខានឹងប្រឹងប្រែងឲ្យអស់ដើម្បីទទួលបានជោគជ័យ។ ខ្ញុំឃើញភាពស្រេកឃ្លានការប្រកួតរបស់កីឡាករជារៀងរាល់ថ្ងៃ។»

ជុំវិញស្ថានភាពកីឡាករក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ វិញ លោក  Colum បានឲ្យដឹងទៀតថា៖ «កីឡាករកំពុងធ្វើតាមកាលវិភាគហ្វឹកហាត់ពីផ្ទះក្នុងកំឡុងពេលបិទខ្ទប់​ (lockdown) ដើម្បីធានាថាពួកគេកំពុងស្ថិតក្នុងស្ថានភាពកាយសម្បទារឹងមាំ ហើយសំខាន់ជាងនេះទៀតគឺរក្សាសុវត្ថិភាព និងធ្វើតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល។»

«ក្នុងពេលនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានៅតែមានសុវត្ថិភាព និងសុខភាពល្អ។ បាល់ទាត់គឺជារឿងទី២ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏គួរឱ្យភ័យខ្លាចនេះ។ យើងសង្ឃឹមថានឹងត្រឡប់មកវិញឆាប់ៗនេះដើម្បីនាំមកនូវភាពសប្បាយរីករាយដល់អ្នកគាំទ្រ។» លោក Colum Curtis បានសង្គត់ធ្ងន់។

គួររំឭកថា មូលហេតុដែល វិសាខា អាចប្រកួតវគ្គជម្រុះ ជាមួយក្លិបរបស់ទីម័រ Lalenok United តែ ១លើក គឺបន្ទាប់ពីក្លិប ២នៅមីយ៉ាន់ម៉ា រួមមាន Shan United និង Ayeywady United ពុំអាចចូលរួមប្រកួតពានរង្វាន់នេះបានឡើយដោយសារបញ្ហានយោបាយក្នុងប្រទេសរបស់គេ ហើយក្រុមរបស់ឥណ្ឌូនេស៊ី Persipura Jayapura ដែលអង្គុយចាំក្នុងវគ្គជម្រុះជុំចុងក្រោយ រង់ចាំការឈ្នះរវាង វិសាខា ជាមួយក្រុមរបស់ទីម័រខាងកើត Lalenok United នោះគឺត្រូវចូលទៅជំនួស ក្រុមរបស់មីយ៉ាន់ម៉ា Shan United នៅក្នុងពូល I។ ប្រការនេះបានសេចក្ដីថា ការប្រកួតរវាង វិសាខា ជាមួយ Lalenok United គឺអាចនឹងក្លាយជាការប្រកួតដើម្បីដណ្ដើមកៅអីទៅចូឡពូល H ដែលមាន Kedah Darul Aman (ម៉ាឡេស៊ី), Lion City Sailors (សិង្ហបុរី) និង Saigon (វៀតណាម) អង្គុយរង់ចាំរួចជាស្រេច។

Ayeywady United ដែលអង្គុយចាំក្នុងវគ្គជម្រុះជុំចុងក្រោយ ផងដែរនោះ គឺនឹងត្រូវតម្រូវក្រុមឈ្នះរវាង Chanthabouly អតីត Lao Toyota របស់ឡាវ ជាមួយ Kasuka របស់ព្រុយណេ ឡើងទៅពូល G ដែលមាន បឹងកេត, Hanoi (វៀតណាម), និង Bali United (ឥណ្ឌូនេស៊ី)។

យ៉ាងណាមិញ ទាំងនេះមិនទាន់ផ្លូវការនៅឡើយទេ ដោយត្រូវរង់ចាំការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ជាមុនសិន ប៉ុន្តែគេរាយការណ៍ថាអាចនឹងប្រកាសឆាប់ៗនេះផងដែរ។

សូមរំឭកជាថ្មីថា វិសាខា និងរួមគ្នាជាមួយ បឹងកេត ដើម្បីតំណាងឲ្យក្រុមមកពីកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ ដោយ វិសាខា (ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន) ត្រូវប្រកួតជម្រុះ ២វគ្គផ្សេងគ្នាជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ខណៈបឹងកេត (ជើងឯកលីគកំពូលកម្ពុជា) នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះឡើយ៕

 

រូបភាព៖ ក្លិបវិសាខា – Visakha FC – Pride Of Cambodia

មតិយោបល់