ស្ងាត់ៗ !!! កូនកាត់ខ្មែរបារាំង Loic Chan ចូលរួមជាមួយយុវជនថ្នាលក្លិបអេស៉្បាញ RCD Mallorca

មាស សុផាណារ៉ុង April 23, 2021


 

បារាំង៖ កូនកាត់ខ្មែរបារាំង យុវជន Loïc Chan បច្ចុប្បន្នត្រូវបានដឹងថាកំពុងលេងឲ្យក្រុមយុវជនថ្នាលយុវជន ក្លិបរបស់អេស៉្បាញ RCD Mallorca ដែលលេងនៅលីគទី២ អេស៉្បាញ និងអាចត្រៀមខ្លួនឡើងមកលីគកំពូលវិញនារដូវកាលក្រោយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ឪពុកយុវជនរូបនេះផ្ទាល់ លោក Maurice Chan។

លោក Maurice Chan បានថ្លែងប្រាប់សារព័ត៌មាន camsports.org ថា៖ «បាទ ពិតណាស់ Loïc បច្ចុប្បន្នកំពុងលេងអោយ RCD Mallorca។ គាត់កំពុងរង់ចាំអាជ្ញាប័ណ្ណរបស់គាត់ ពីព្រោះការផ្ទេរបែបអន្ដរជាតិ មានរយៈពេលយូរណាស់រវាងអេស្ប៉ាញ និងបារាំង។ យើងសង្ឃឹមថាគាត់អាចចូលប្រកួតនៅខែក្រោយបាន។»

លោកបានបន្ថែមទៀតថា៖ «គាត់បាននៅទីនោះ (ប្រទេសអេស៉្បាញ) តាំងពីខែសីហា ជាមួយឈុតយុវជនអាយុក្រោម ១៦ឆ្នាំ ហើយរដូវកាលបន្ទាប់គាត់នឹងឡើងទៅ ឈុតយុវជនអាយុក្រោម ១៧ឆ្នាំ។»

ចាំបានថា កាលពីអំឡុងខែមេសា ឆ្នាំ២០២០ Loïc Chan បានទន្ទឹងរង់ចាំដំណឹងនៃការផ្ទេរទៅចូលរួមជាមួយថ្នាលយុវជនក្លិប RCD Mallorca នេះ ប៉ុន្តែដោយសារបញ្ហាជំងឺកុវីដ-១៩ បានរារាំងអ្វីៗទាំងអស់នៅពេលនោះ បន្ទាប់ពីរូបគេបានធ្វើតេស្តជាមួយក្លិបដែលលេងនៅលីគកំពូលអេស៉្បាញ ប៉ុន្តែពេលនេះអ្វីៗបានសម្រេចជាផ្លូវការហើយ ដោយនៅរង់ចាំតែឱកាសបង្ហាញខ្លួន​ក្រោយការទទួលបានអាជ្ញាប័ណ្ណរបស់គេតែប៉ុណ្ណោះ។

លេងក្នុងតួនាទីជាខ្សែបម្រើ Loïc Chan បានចាប់ផ្ដើមលេងបាល់តាំងពីអាយុ ៥ឆ្នាំ នៅក្នុងតំបន់ Castelnaudary នាប្រទេសបារាំង ជាទីដែលរូបគេរស់នៅទីនោះរយៈពេល ៤ឆ្នាំ បន្ទាប់មកបានចូលរួមជាមួយ Revel។ រូបគេបានលេងឲ្យ Balma SC U-15 Elite រយៈពេល ៣ឆ្នាំមកហើយ ជាក្លិបមួយដែលធំ និងខ្លាំងផងដែរនៅក្នុងតំបន់នោះ។

Loïc Chan ធ្លាប់ជាផ្នែកមួយនៃក្រុមប្រចាំតំបន់ (Occitanie) ភាគខាងត្បូងប្រទេសបារាំង រយៈពេល ២ឆ្នាំ បន្ទាប់ពីជ្រើសរើសក្នុងចំណោមយុវជនប្រមាន ៣,០០០នាក់ ហើយ Loïc Chan បានជាប់ជម្រើសយុវជនប្រចាំតំបន់ Occitanie ក្នុងចំណោមយុវជន ១៧នាក់ដែលត្រូវបានជ្រើសរើស ដើម្បីប្រកួតតំណាងតំបន់។

គួររំលឹកជាថ្មីផងដែរថា យុវជន Loïc Chan បច្ចុប្បន្នមានវ័យ ១៦ឆ្នាំ មានឈាមជ័រជាខ្មែរ គឺលោក Maurice Chan (មានសញ្ជាតិខ្មែរតាំងពីកំណើត ប៉ុន្តែផ្លាស់ទៅរស់នៅប្រទេសបារាំងតាំងពីនៅជាទារកជាមួយឪពុកម្ដាយ [ខ្មែរទាំង២] ដោយសារសង្គ្រាម តាំងពីឆ្នាំ១៩៧៥) និងមានម្ដាយ ជាជនជាតិបារាំង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់